ម៉ោង

 ម៉ោង

ម៉ោង

ខ្ញុំមើលម៉ោង។ ទ្រនិចចង្អុលម៉ោងជិតដប់មួយ។ ខ្ញុំអង្គុយនៅក្នុងហាងកាហ្វេ នៅក្នុងនៅមិនក្ដៅដូចខាងក្រៅទេ។

 

ខ្ញុំមើលម៉ោងម្ដង ជាពីរដង។ ខ្ញុំមើលឡានដូចចូលថ្មីជានិច្ច។ អ្នកចុះពីលើឡានសុទ្ធតែអ្នកផ្សេង។ ខ្ញុំអង្គុយស្ងៀមបានមួយនាទី។ សុំទោស! ខ្ញុំមកយឺត។ ស្ទះផ្លូវពេក។ គេចពីផ្លូវមួយចូលផ្លូវមួយ ស្ទះដូចគ្នា។ សម្ដីរបស់មនុស្សដែលខ្ញុំរង់ចាំ។

 

មិនអីទេ។ ខ្ញុំឆ្លើយ។ យើងចាប់ផ្ដើមនិយាយគ្នាអំពីការងារ ខ្ញុំមិនសួរនាំច្រើនអំពីការណ៍មកយឺតរបស់គាត់ឡើយ។ ហើយដែលមកយឺតក៏មិននិយាយអ្វីច្រើនដែរ ហើយនិយាយគ្នាទាំងទឹកមុនមិនសប្បាយចិត្តរៀងៗខ្លួន។ មួយសន្ទះក្រោយមក ខ្ញុំរាងស្រាលចិត្តបន្តិច កំសួលនៃកំហឹងក៏ថមថយចុះច្រើន ខ្ញុំនិយាយនិងធ្វើជាមើលមុខគាត់។ ខ្ញុំឃើញទឹកមុខគាត់ប្រកបដោយសេចក្ដីព្រួយ ព្រួយនេះមិនមែនព្រួយនឹងការមកមិនទាន់ម៉ោងទេ គឺដូចជាមានអ្វីមួយនៅរំខានក្នុងក្រឳទ្រូងរបស់គាត់។

គាត់ងើបមុខឡើង ហើយភ្នែកយើងទាំងពីរបានសម្លឹងត្រង់ដាក់គ្នា ហើយយើងក៏ដាក់ភ្នែកចុះ ព្រោះយើងមិនធ្លាប់មើលភ្នែកគ្នាចំឡើយ។ សំឡេងទូរសព្ទរោទិ៍ជាច្រើនដង តែគាត់មិនហ៊ានលូកដៃយកទូរសព្ទមកមើលទេ នេះមកពីគាត់ក្រែងរអែងដោយមកយឺតហើយ កាន់ទូរសព្ទទៀត។ តាមខ្ញុំយល់។ ហើយខ្ញុំយល់ទៀត គាត់ចង់យកទូរសព្ទមកមើលណាស់។ រាល់ពេលដែលគាត់ចង់លូកដៃយកទូរសព្ទដើម្បីមកមើល តែតែងមានអ្វីមួយមករំខានចិត្តរបស់គាត់ នេះបញ្ជាក់ថា៖ នៅក្នុងចិត្តរបស់គាត់មានជំលោះរវាងការមិនកាន់ទូរសព្ទដើម្បីសុំទោសខ្ញុំ ព្រោះការនិយាយសុំទោស សម្រាប់យើង ពិសេសខ្ញុំមិនសំខាន់ដូចទង្វើទេ។

 

យើងស្គាល់គ្នាយូរហើយ ម្ដេចក៏ខ្ញុំមានចិត្តចង្អៀតចង្អល់ ហើយកំណាញ់នឹងពាក្យមួយម៉ាត់ ដោយគ្រាន់តែសួរថា៖ មានបញ្ហាអ្វីបន្ទាន់មែន បានជាទូរសព្ទរោទិ៍ញឹកម្ល៉េះ?។ ខ្ញុំចង់សួរ ហើយចង់ឱ្យគាត់លើកទូរសព្ទ តែក្នុងចិត្តខ្ញុំក៏មិនខុសពីគាត់ដែរ គឺមានជំលោះរវាងកំហឹងនិងសណ្ដោស។ អ្វីដែលខ្ញុំដឹង គឺកំហឹងជាអ្នកឈ្នះសណ្ដោយ។ ឯគាត់វិញ គឺការសុំទោសជាអ្នកឈ្នះទុក្ខព្រួយមួយដែលខ្ញុំមិនបានដឹង។

 

ខ្ញុំលើកកាហ្វេមកបឺតមួយក្អឹក ហើយដាក់ចុះ។

 

នេះកាហ្វេបង។ អ្នករត់តុបានលើកាហ្វេមកឱ្យគាត់។ អរគុណច្រើន។ ជាទម្លាប់គាត់គួរសមបែបនេះ។

 

យើងសម្រាក ដោយយើងទាំងពីរនាក់ទុកការងារមួយអន្លើ ហើយក្រេបនូវរសកាហ្វេ។

 

ខ្ញុំមិនអាចអនុញ្ញាតឱ្យកំហឹងកាច់បំបាក់នូវសណ្ដោយដែលយើងធ្លាប់តែមានចំពោះគ្នាទៅវិញទៅមកនោះឡើយ។ ខ្ញុំព្យាយាមមានះនឹងចិត្តខ្លួនឯង ដែលទើបនឹងធ្វើការជាមួយបរទេសបានពីរឆ្នាំ ហើយឆ្លងយកទម្លាប់ទេ ដោយគ្រាន់តែយឺត២០នាទីសោះ ដែលពីមុនខ្ញុំ គាត់ យើងធ្លាប់យឺតកន្លះម៉ោង មួយម៉ោងមិនជាអ្វីសោះ។ ខ្ញុំនៅតែសួរ ខ្ញុំនៅតែឈ្លោះនឹងរបៀបចាស់ ហើយនឹងរបៀបថ្មីដែលខ្ញុំទើបនឹងទទួល។

 

សណ្ដោយ! ឈ្មោះរបស់អ្នក គឺសណ្ដោយ ម្ដេចក៏មិនធ្វើខ្លួនឱ្យដូចនឹងនាមបញ្ញតិ្តអ្នកទៅ!។ មែនហើយ។ ខ្ញុំគួរតែធ្វើបែបនេះ ព្រោះខ្ញុំរស់នៅក្នុងគ្រួសារដែលមានចិត្តសណ្ដោយ យោគយល់ ហើយខ្ញុំក៏ធ្លាប់និងតែងតែទទួលបានវាពីម៉ែពុក បងស្រីប្រុស សាច់ញាតិដែរ។ ខ្ញុំគួរតែធ្វើ។ ទីបំផុតខ្ញុំបានយកឈ្នះលើសេចក្ដីអាក្រក់ គឺកំហឹងដែលខ្ញុំខឹងនឹងមិត្រភក្តិដោយគ្រាន់តែគ្នាមកយឺតសោះ។ នេះជាយោគជ័យរបស់ខ្ញុំ។

 

កុសល្យ! មានរឿងអ្វីមែន? បានជាទូរសព្ទរោទិ៍មិនដាក់? ហើយម៉េចបានជាមិនលើក? ខ្ញុំសួរគាត់។

 

មិនមានអ្វីទេ។ គាត់ឆ្លើយទាំងមានចិត្តរំភើប រំភើបនេះប្រហែលជាមកពីសំណួរដ៏សាមញ្ញរបស់ខ្ញុំទេដឹង!?

 

ទោះបីជាខ្ញុំជជីកសួរគាត់យ៉ាងណាក៏គាត់មិនឆ្លើយដែរ តែទឹកមុខរបស់គាត់នៅតែបញ្ជាក់ថា៖ គាត់មានទុក្ខព្រួយដែលជាកង្វល់ក្នុងចិត្តរបស់គាត់។ តែគាត់មិនអាចប្រាប់ខ្ញុំបាន ឬក៏តូចចិត្តមិនចង់និយាយ ដោយសារខ្ញុំមិនសួរតាំងតែពីទើបនឹងមកដល់ក៏ទេដឹង​។ ខ្ញុំក៏រកលេសដោយថា៖ កុំព្យូទ័រអស់ថ្ម ហើយភ្លេច យកឆ្នាំងសាកមក ដូច្នេះយើងមិនអាចបន្តធ្វើការងារបានទេ។ សម្ដីនេះ បានធ្វើឱ្យគាត់រំភើបចិត្តបន្តិច តែនៅតែមិនអាចឱ្យគាត់រីករាយខ្លាំងដែរ ព្រោះព្រួយបារម្ភបានដាក់សម្ពាធមិនឱ្យសេចក្ដីរីករាយកើតឡើងបានយូរឡើយ។ ខ្ញុំធ្វើបែបនេះ គឺដើម្បីសុំទោស។

 

យើងបែកគ្នា តែខ្ញុំមិនអាចដឹងពីទុក្ខព្រួយរបស់មិត្រ។ ការមកយឺតរបស់គាត់ជាកំហុស ឬការខឹងរបស់ខ្ញុំជាកំហុស?

ញ៉.ផ.សុផេន

ភ្នំពេញ សាលាហ្គេតវ៉េធូខ្មែរ

០៧ មិថុនា ២០២៤

Comments