ចែកកូន
ចែកកូន
តោះ! យើងទៅញ៉ាំអីនៅខាងក្រៅ ខ្ជិលធ្វើម្ហូប។ ជាសម្ដីដែលប្ដីបបួលប្រពន្ធទៅខាងក្រៅ។
_អត់ទេ សន្សំលុយដើរលេង។
-ទៅហាងព្រេនៗខ្លះទៅ។ ដប់រៀល(ដូល្លារ)អី មានច្រើនណា។
_អីចឹងក៏បាន។
-តោះ យើង។ ម៉េចមិនឱបចង្កេះបង? ជិះអីចឹងបានស្ទាវ។
_ខ្មាសគេ។
-ខ្មាសអីគេ ទុកឱ្យគេខ្មាសយើងវិញទៅមិនល្អ។
ពួកគេសាសងគ្នាយ៉ាងផ្អែមល្ហែមតាមទម្លាប់ជីវិតជាគូរបស់ពួកអ្នកសម័យថ្មីនិងអ្នករស់នៅក្រុងភ្នំពេញ។
_បង! យើងមានកូនហើយ។
-មែន! មើល ណាប្រដាប់ពិនិត្យទឹកនោម បងមើលតិចមើល៍។
_នេះ!
-យេ...។ តោះ! ទៅដើរលេង នាំកូនដើរលេងម្ដង។
_មិនដែល ទើបនឹងកកើតសោះ។
-បងចង់នាំអូនច្រើនជាង តែបងយកលេសកូនហ្នឹងណាស់។
ប្ដីប្រពន្ធគេស្រឡាញ់គ្នា ប្ដីនាំប្រពន្ធដើរលេង ប្ដីពេញចិត្តនឹងជួបប្រពន្ធ ភាពផ្អែមល្ហែមកាន់តែមានទ្វេដង ប្ដីចង់បបួលប្រពន្ធទៅញ៉ាំអីខាងក្រៅ ប៉ុន្តែយកលេសថាដើម្បីកូន ពេលគេង គេងឱបប្រពន្ធ។ ពេលខ្លះប្រពន្ធមិនចង់ឱ្យឱប តែប្ដីយកលេសកូនទៀត គោលបំណងពិតគឺឱបប្រពន្ធសោះ។
កូនកើតហើយ ប្ដីយកចិត្តទុកដាក់នឹងប្រពន្ធកូនណាស់។ កូនក៏កាន់តែធំ គួរឱ្យស្រឡាញ់ក៏កាន់តែមានទ្វេដង ពេលមកពីធ្វើការតែងតែហៅឈ្មោះកូន ថើបកូន លេងនឹងកូន អ្វីៗបានប្ដូរហើយ គឺប្ដូរពីប្រពន្ធទៅកូនវិញ។ ប្រពន្ធឃើញប្ដីស្រឡាញ់កូនបែបនេះ សប្បាយរីករាយណាស់ លេង ថា យ៉ាងមានអំណរនឹងគ្នាទៅវិញទៅមក។ ច្រើនខែ ច្រើនថ្ងៃ គ្រួសារនេះក៏កាន់តែរីករាយដែរ ពួកគេមិនបានចំណាយពេលជាច្រើនដើម្បីនៅជាមួយគ្នា គេរស់នៅប្រកបដោយសុភមង្គល។
-អាអូន! ប៉ាទៅធ្វើការហើយណាស់។ ......... អាអូន! ប៉ាមកពីធ្វើការវិញហើយ។ កូននឹកប៉ាអត់? កូនធ្វើអ្វីខ្លះជាមួយម៉ាក់? ហើយម៉ាក់វាយកូនអត់?
_យឹះ! ឥឡូវ លែងចង់និយាយនឹងម៉ាក់វាហើយ គិតតែពីកូន។
-ចេះទៅច្រណែននឹងកូនទៅកើត។ កូនត្រូវការលើកទឹកចិត្តអីចឹងហើយ។
_ហើយអូន មិនត្រូវការដែរ។
-មនុស្សធំហើយហ្នឹង។ កូនតូច។
_អាអូនវាមានទៅដឹងអី? ម៉ែវាទេដែលដឹង ដែលស្ដាប់បាន។
-ក្រែងពេទ្យថា ការនិយាយច្រើននឹងកូន អាចឱ្យគេចាប់ចេះនិយាយមែន ហើយរឿងហ្នឹងអូនក៏ដឹងដែរ។
_ដេកឱបកូនទៅ កុំមកឱបអូន។
ប្ដីមិនថាអ្វីច្រើនទេ ទៅងូតទឹក ធ្វើម្ហូប រៀបចំបាយ តាមទម្លាប់រាល់ថ្ងៃ។
ញ៉.ផល្លី សុផេន
១៣ ធ្នូ ២០១៩


Comments
Post a Comment