យប់មួយដែលភ្លឺ

យប់មួយដែលភ្លឺ

រឿងខ្លី
រឿងខ្លី-យប់មួយដែលភ្លឺ
យប់ខ្ញុំមិនចូលចិត្តដើរទេ តែថ្ងៃនេះចេញទៅមើលគេលេងរាំដើម្បីរំសាយចិត្ត។ នៅភូមិយើង គ្រាប់គ្នាគ្មានភ្លើងអគ្គិសនី។ គ្មានរបងព័ទ្ធជុំវិញផ្ទះ។ មានតែឆ្កែ។

ខ្ញុំទៅមើលគេលេងរាំនឹងមិត្រភក្តិ។ មើលបានពីរបីបទ ខ្ញុំទ្រាំមិនបាន ខ្ញុំក៏មកផ្ទះមុនគេ។ ខ្ញុំមកដល់ផ្ទះ។ អ្នកផ្ទះពន្លត់ចង្កៀងសម្រាន្តហើយ។ ខ្ញុំដើរសម្រាលជើង។ យកដៃអង្អែលក្បាលឆ្កែ។ វាមិនព្រុសទេ ហើយក៏ដើរចេញពីខ្ញុំទៅ។ ខ្ញុំដើរដល់ក្រោមផ្ទះ ស្រាប់តែឮសំឡេងខ្សិបៗ។ ពុកវ៉ាឯង ថ្ងៃមិញ វាយអាអូនខ្លាំងនោះ។ ខុសត្រូវអី មិនចេះនិយាយសិនទេ ដឹងតែវាយ។ វាមិនងាប់ទេ។ ខ្ញុំពី ក្មេងអាពតវាយបង្អត់បាយផង នៅរស់ដល់ឥឡូវ។ ដល់បែក ឪវាយដាក់សម្បុកស្រមោមផង។ ខ្ញុំទៅ បើកគម្របពាងលាងជើង។ អាវ៉ា! បាទ៎!។ ភ្លើងចង្កៀងក៏ឆេះប្លុងឡើងនៅក្បែរសសរកន្លោង។ ពន្លឺភ្លើងចង្កៀងបានបំភ្លឺខ្លះដែលអាចឱ្យខ្ញុំមើលឃើញព្រាលៗ។ ខ្ញុំមិនបានភ្លេចសំឡេងជជែកគ្នាមុន នេះបន្តិចទេ។ ខ្ញុំនៅចាំនៅក្នុងចិត្ត។ ខ្ញុំបានឡើងទៅលើផ្ទះ។ ទ្វារមិនចាក់គន្លឹះទេ។ ខ្ញុំបានច្រានបើក ទ្វារ ហើយបិទចាក់គន្លឹះទ្វារ រួចទៅចងមុង ដាក់ជើងមុង បន្ទាប់មកចេញទៅពន្លត់ភ្លើងចង្កៀង។
ដូចសព្វមួយដង ខ្ញុំតែងតែក្រោកពីដេកលឿន ដោយសារត្រូវលើកអាចម៍គោ បោសផ្ទះ និងបញ្ចេញគោទៅចងឱ្យស៊ីស្មៅឯវាល មុននឹងជិះកង់ទៅរៀន។ ខ្ញុំធ្វើយ៉ាងនេះជាធម្មតា ដោយសារ ជាទម្លាប់របស់ខ្ញុំ។ ខ្ញុំកំពុងជិះកង់ទៅសាលា។ ខ្ញុំគិត។ ខ្ញុំមិនចង់គិតទេ តែខួរខ្ញុំនៅតែនឹកឃើញ។ ខ្ញុំមិនអាចទប់មិនឱ្យខួរខ្ញុំឈប់គិតបានទៀតទេ។ ខ្ញុំក៏បណ្ដោយមួយខ្យល់។ ពីផ្ទះខ្ញុំទៅសាលាត្រូវជិះ កង់យ៉ាងហោចណាស់ក៏២០នាទីដែរ បើគិតពីចម្ងាយប្រហែល៧គីឡូម៉ែត្រ។ ប្រវែងនិងពេលនេះ បានធ្វើឱ្យខ្ញុំមានឱកាសពិចារណាតាមខួរក្បាលខ្ញុំបានច្រើន។ ហើយសំណួរលេចច្រើននៅពេញតែ ក្បាលខ្ញុំ។ សំណួរខ្លះ ខ្ញុំឆ្លើយបានយ៉ាងស្រួល។ សំណួរខ្លះ ខ្ញុំត្រូវគិតយូរបន្តិច។ សំណួរខ្លះ ខ្ញុំរកឆ្លើយមិនឃើញ។ សំណួរខ្លះ ខ្ញុំគ្មានចម្លើយសោះតែម្ដង។ សំណួរដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺ ឪរបស់ខ្ញុំ គាត់ស្លូតទេ។ ហើយគាត់មិនដែលពិសារស្រា ជក់បារី មិនប្រកាន់ការងារផ្ទះ បើនិយាយ ពីការរៀបចំផ្ទះវិញ មួយឆ្នាំគាត់រៀបចំចង្ក្រានបាយប្លែកៗ យ៉ាងហោចណាស់ក៏៣ឬ៤ ដងដែរ។ ម៉ែ គាត់ពេញចិត្តនឹងសកម្មភាពនេះណាស់ ទោះបីជាឪមិនចេះដាំបាយធ្វើម្ហូបមែនពិត តែគាត់ជំនួស មកវិញដោយប្រើវិធីនេះ។ ខ្ញុំរៀនច្រើនពីគាត់។ អ្វីដែលខ្ញុំមិនអាចរកចម្លើយបាន ម្ដេចក៏គាត់វាយ កូនចៅម្ដងៗស្ទើរស្លាប់ស្ទើររស់អីចឹង!។ រាល់ពេលដែលគាត់វាយខ្ញុំ គាត់មិនដែលសប្បាយចិត្តទេ មិនសប្បាយចិត្តរបស់គាត់ មិនមែនមកពីខឹងខ្ញុំខ្លាំងទេ ព្រោះទឹកមុខគាត់ស្រពាប់ស្រពោន។ មើលទៅ ដូចជាគាត់អាណិតកូនក្រោយពេលដែលគាត់វាយ។ សំណួរនេះកើតមានយូរហើយ។ រាល់ពេលគាត់វាយខ្ញុំ។ ខ្ញុំក៏មិនយល់ពីគាត់ដែរ ព្រោះក្រោយពេលវាយហើយបានបន្តិច គាត់តែងតែធ្វើអ្វីមួយល្អៗដាក់ខ្ញុំ ហាក់បីដូចជាទង្វើសុំទោសខ្ញុំ។ ចម្លើយ! ជាអ្វី?។ “វាមិនងាប់ទេ។ ខ្ញុំពី ក្មេងអាពតវាយបង្អត់បាយផង នៅរស់ដល់ឥឡូវ។ ដល់បែក ឪវាយដាក់សម្បុកស្រមោមផង។” នេះជាគន្លឹះដើម្បីស្វែងរកចម្លើយ។ ខ្ញុំគិតអីចឹង។

ថ្ងៃនេះ ថ្នាក់ខ្ញុំលីបមួយម៉ោងកណ្ដាល។ ខ្ញុំមិនលេងនឹងមិត្រភក្តិដូចរាល់ដងទេ។ ខ្ញុំនៅតែចង់ ស្វែងរកចម្លើយ។ បណ្ណាល័យ! មែនហើយ។ ខ្ញុំទៅរកមើលសៀវភៅនៅបណ្ណាល័យ ព្រោះខ្ញុំនៅចាំ ពេលមួយ ខ្ញុំស្ដាប់វិទ្យុនឹងឪ។ ខ្ញុំមិនចាំថាអ្នកប្រាជ្ញនោះឈ្មោះអ្វីទេ គ្រាន់តែចាំថា៖ បើសិនជាអ្នករស់នៅក្នុងសង្គមឬគ្រួសារបែបណា អត្តចរិតអ្នកនឹងបែបនោះ។ ជិតដល់ម៉ោងចូល រៀនហើយ ខ្ញុំនៅតែរកសៀវភៅមិនឃើញ។ ខ្ញុំគិតថានៅបណ្ណាល័យសាលាមិនមានទេ ព្រោះសៀវភៅតិចណាស់។ ម៉ោង១១ហើយ។ ខ្ញុំត្រូវជិះកង់ឱ្យលឿន ដើម្បីយកគោចូលម្លប់។ តាមផ្លូវ ខួរខ្ញុំនៅតែមិនភ្លេចស្វែងរក និងឈ្វេងយល់នូវសំណួររបស់ខ្ញុំ។

ដល់ផ្ទះហើយ។ ខ្ញុំប្រញាប់ប្រញាល់ដូរខោអាវរៀនចេញ ដើម្បីទៅយកគោ។ មិនបាច់ទៅយកទេ ឪយកគោចូលម្លប់រួមហើយ។ ខ្ញុំមិនមាត់។ មិនមាត់របស់ខ្ញុំ មិនមែនខ្ញុំរំភើបទេ គឺខ្ញុំភ័យ ព្រោះធម្មតា បើគាត់រាងសម្ដីផ្អែម ច្រើនតែខ្ញុំខុស។ តែម្ដងនេះ សម្ដីផ្អែបរបស់គាត់ដូចជា ខុសសព្វមួយដង មើលទៅចេញពីចិត្តមែនទែនហើយ។ គ្រួសារយើងមិនធ្លាប់និយាយអរគុណទេ ហើយក៏មិនធ្លាប់សុំទោសដែរ។ ខ្ញុំចង់លើកដៃសំពះគាត់ដែរ តែមិនធ្លាប់ ចេះតែរឹងៗដៃ។ បើនិយាយសុំទោស ចេះតែរឹងៗមាត់។

ផល្លី សុផេន | PHALLY Sophen
ថ្ងៃសៅរ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
៤ កុម្ភៈ គ.ស.២០២៣

Comments