ឆ្កែវង្វេងផ្លូវ

ឆ្កែវង្វេងផ្លូវ

 នាសម័យថ្ងៃមួយ មានមនុស្សចាស់ម្នាក់ដែលរស់នៅតែម្នាក់ឯង មិនមានប្រពន្ធកូន បរិវារ អ្វីនឹងគេ ដូចជាមនុស្សផ្សេងឡើយ ហើយបុរសចាស់ម្នាក់នោះ ក៏មិនដែលចេញទៅខាងក្រៅ ដើម្បីនឹងមើលអ្វីផ្សេងក្រៅពីគ្រឿងសង្ហារិម ចានក្បាន ក្នុងផ្ទះ របស់គាត់ដែរ ដោយគាត់គិតថាគ្មានអ្វីដែលស្អាត ល្អ ជាង របស់ដែលគាត់មាននោះទេ មានការណ៍ដូចដែលគាត់ធ្វើសព្វថ្ងៃក៏ដោយសារតែនៅជុំវិញខ្លួនគាត់មានតែព្រៃព្រឹក្សា ទេសភាពធម្មជាតិប៉ុណ្ណោះ មិនមានការកែច្នៃដោយដៃមនុស្សដូចនៅក្នុងផ្ទះរបស់គាត់ ដោយហេតុនេះហើយបានជាគាត់សន្និដ្ឋានថាមានតែផ្ទះគាត់មួយប៉ុណ្ណោះដែលស្អាតជាងគេ ដែលល្អជាងគេ គ្មានអ្វីល្អជាងនេះទៀតទេ។

ការសន្និដ្ឋាននេះ បានបង្កកគាត់ឱ្យនៅតែក្នុងផ្ទះ មិនព្រមចេញទៅក្រៅ មិនព្រមរហូតដល់បាត់ទំនាក់ទំនងខាងក្រៅតែម្ដង ដោយហេតុនេះហើយកាយសប្បទារបស់គាត់ បញ្ញារបស់គាត់ មានភាពស្ពឹកស្រពន់ រហូតដល់ក្លាយជាមនុស្សក្លាចបរិស្ថានខាងក្រៅ។

ថ្ងៃមួយ មានការរុករាននៃសង្គមមនុស្សចូលទៅក្នុងព្រៃដែលបុរសចាស់នោះរស់នៅ ប៉ុន្តែការរុករាននោះមិនទាន់ទៅដល់កន្លែងរបស់គាត់រស់នៅទេ ហើយសំឡេងនៃគ្រឿងយន្តក៏មិនបានបន្លឺទៅដល់ដែរ។ ការរុករានមិនមែនទៅថៅកែទៅទេ គឺកម្មករ ធម្មតាកម្មករទៅធ្វើការ គឺទៅទាំងគ្រួសារ មានប្ដី ប្រពន្ធ កូន គេទៅរស់នៅកន្លែងការដ្ឋានរបស់គេតែម្ដង មិនត្រឹមតែមនុស្សទេដែរទៅ សូម្បីតែឆ្កែ ឆ្មា ជ្រូក មាន់ ទា គោ ក្របី ក៏គេយកទៅដែរ។

ហ្វូងគោ បានដើរស៊ីក្បែរម្ដុំការដ្ឋាន ឆ្កែ ម្ដងនៅក្បែរម្ចាស់វា ម្ដងនៅក្បែរហ្វូងគោ ស្មៅខ្ចីសម្បូរណាស់ ពួកវាបន្ស៊ីគ្នាបណ្ដើរគ្នាដោយភ្លេចគិតពីចម្ងាយដែលបានចេញចាកពីម្ចាស់វា។ ឆ្កែចេញពីម្ចាស់ទៅរកហ្វូងគោ ដំបូងវាចេញទៅកន្លែងដែរហ្វូងគោធ្លាប់ស៊ី ប៉ុន្តែមិនឃើញ ក៏ចេះតែដើររកតាមដានជើងហ្វូងគោ ការដើរតាមនោះចេះតែឆ្ងាយទៅៗ រហូតដល់មាត់ជ្រោះដ៏ជ្រៅ ស្រាប់តែបាត់ដានជើងគោតែម្ដង។ វាមិនដឹងថា គោត្រូវខ្លាដេញចូលជ្រោះ ឬក៏វាទៅណាផ្សេងទេ ប៉ុន្តែគំនិតវា គឺហ្វូងគោធ្លាក់ជ្រោះ ព្រោះតែមិនឃើញដានជើងណាមួយផ្សេងដែលវាងជ្រោះនោះទេ ឆ្កែបានរកផ្លូវទៅបាតជ្រោះដើម្បីឱ្យប្រាកដថា គោពិតជាងាប់ដោយសារធ្លាក់ជ្រោះមែនឬក៏យ៉ាងម៉េច។ ដំណើរវាបានពើបប្រទះនឹងគំហើញថ្មី គឺដានជើងមនុស្សដែលមានសណ្ឋានខុសឆ្ងាយពីដានជើងមនុស្សធម្មតា នោះជាដានជើងរបស់បុរសចាស់។ សេចក្ដីសន្និដ្ឋានថ្មីក៏កើតឡើង គឺមនុស្សយក្សនេះហើយ ដែលចាប់ហ្វូងគោស៊ី។ 

វាតាមដានដានជើងយក្សរហូតដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែឃើញដានជើងហ្វូងគោរបស់វាវិញ។ ឆ្កែឈរមើលទៅដានជើងយក្ស មើលទៅដានជើងហ្វូងគោ មើលហើយមើលទៀត មើលយ៉ាងយូរ មិនដឹងថាវាមើលដើម្បីអ្វីទេ មើលដោយរិះរកជម្រើសមួយដើម្បីតាមដានឬក៏វង្វេងផ្លូវឬក៏ចង់ត្រឡប់ទៅផ្ទះវិញ ព្រោះទឹកមុខវាប្រែប្រួលច្រើនបែបច្រើនយ៉ាង។

មេឃចាប់ផ្ដើមដូរសម្បុរហើយ ឆវីពណ៌បានដូចប្រែជាខ្មៅងងឹងវិញ នេះបញ្ជាក់ថាដំណើរព្រះចន្ទ្របានយាងមកជិតមនុស្សលោកកាន់តែគៀកហើយ ប៉ុន្តែឆ្កែមិនទាន់សម្រេចចិត្តថាធ្វើអ្វីនៅឡើយទេ ត្រូវទៅរកហ្វូងគោ ត្រូវទៅមើលមនុស្សយក្ស បកទៅផ្ទះវិញ នេះជាការសម្រេចចិត្តមួយដ៏លំបាក។ 

ឆ្កែស្មោះនឹងម្ចាស់ ដូច្នេះមានតែទៅរកម្ចាស់វិញទេ បើម៉េចៗអាចព្រុសជាសញ្ញាប្រាប់ម្ចាស់ពីអ្វីដែលអាចនឹងកើតមាន។ 

ហ៊ូ....... ហ៊ូ......... ជាសំឡេងដែលឆ្កែលូដើម្បីបញ្ជាក់ថា វាមានបញ្ហាឬក៏ត្រូវការជំនួយណាមួយពីម្ចាស់ ច្បាស់ណាស់ ឆ្កែបានវង្វេងផ្លូវ ពេលដែរវាត្រឡប់ទៅរកម្ចាស់វិញ ដើរចុះ ដើរឡើង នៅតែកន្លែងដដែល ចេញមិនផុតពីព្រៃនេះសោះ។ សំឡេងលូបានឮដល់ត្រចៀកទាំងទ្វេរបស់មនុស្សយក្ស។ _សំឡេងអ្វី? ចំឡែកម្ល៉េះ! មិនដែលឮពីមុនមកទេ ស្វានក៏មិនលូដូចនេះដែរ តើជាសំឡេងអ្វី? ស្ងាត់វិញហើយតើ។ មនុស្សយក្សមិនសូវជាចាប់អារម្មណ៍នឹងសំឡេងនេះទេ វារវល់តែគិត រវល់តែជូត រវល់តែពេញចិត្តនឹងសង្ហារិម ចានក្បាន របស់វាប៉ុណ្ណោះ។

ប្រាវ! ជាសំឡេងដែលចានពរ្សឺឡែនធ្លាក់បែក មនុស្សយក្សដែលឆ្កែគិតបានយកអារម្មណ៍ទាំងមូលទៅដាក់លើចានដែលបែក បន្ទាប់មកក៏ក្រឡេកទៅឆ្កែដែលបំបែកចាននោះ ហើយក៏ខឹងរត់ទៅចាប់បំរុងនឹងក្របួចកបោកសម្លាប់។ ឆ្កែប្រឹងរត់ ប្រឹងគេច តែមិនព្រមចេញពីផ្ទះយក្សនោះសោះ ទ្វារបើកទេ ចុះហេតុអ្វីវាមិនចេញ នេះជាចម្ងល់ដែលខ្ញុំសួរ? 

ឆ្កែចេះតែរត់ យក្សចេះតែដេញ ការប៉ះធ្លាក់បែកក៏ចេះតែមានបណ្ដើរៗ យក្សក៏កាន់តែខឹងខ្លាំងឡើងៗ នេះជាការធ្លាក់ចុងក្រោយដែលមនុស្សយក្សដូរពីខឹងទៅជាមិនមាត់មិនក មិនត្រឹមតែយក្សទេ សូម្បីតែឆ្កែក៏ស្រឡាំងកាំងដែរ ហើយក៏ដើរចូលមកជិតយក្សដែលអង្គុយស្ងៀម សម្រក់ទឹកភ្នែកនោះ។ _ខ្ញស្ដាយ ស្ដាយនឹងកែវដែលធ្លាក់បែកនោះ ព្រោះជាកែវដែលខ្ញុំស្រឡាញ់ជាងគេ និងជាកេរពីដូនតាខ្ញុំ។ ទៅ! ទៅ! កុំមកជិតខ្ញុំ ខ្ញុំមិនចង់ធ្វើអ្វីទេ ហើយក៏មិនចង់សម្លាប់ឯងដែរ នេះជាកំហុសដែលខ្ញុំបានបង្កើតដោយខ្លួនឯង ដោយសារតែខ្ញុំដេញឯង បានជាឯងរត់ បើខ្ញុំមិនដេញ ម្ដេចឯងនឹងរត់។ 

ឆ្កែក៏មិនមាន ហើយមកជិត ដើម្បីនាំមនុស្សយក្សទៅជួបនឹងម្ចាស់វា តែមនុស្សយក្សនេះមិនព្រមទៅ ទោះបីឆ្កែទាញយ៉ាងណាក៏ដោយ។ 

អូយ! មនុស្សយក្សដេញឆ្កែម្ដងទៀត ដោយសារតែខឹងនឹងឆ្កែខាំជើងគាត់ គាត់ដេញដោយមិនដឹងខ្លួន ដេញរហូតផុតជ្រលងភ្នំដែលគាត់រស់នៅ ទើបគាត់ដឹងថា គាត់បានឃើញអ្វីដែលគួរឱ្យទាក់ទាញច្រើន គឺច្រើនជាងអ្វីដែលគាត់ឃើញតែក្នុងផ្ទះរបស់គាត់ គឺមនុស្សដែលជាម្ចាស់ឆ្កែ ដែលដើររកហ្វូងគោនិងឆ្កែ នេះជាទិដ្ឋភាពថ្មីមួយដែលគាត់មិនបានឃើញយូរហើយ។ 

ខ្លាច បារម្ភ មិនដឹងធ្វើអ្វី ជាអារម្មណ៍របស់តាចាស់ កម្មករដែលគេឱ្យមកកាប់ឈើក៏ចាប់ផ្ដើមស្រឡាំងកាំងដែរ តែគេមានស្មារតីល្អជាងតាចាស់។ សន្ទនាក៏ចាប់ផ្ដើមកើតមានឡើង ការជួបជុំមួយក៏កើតមានឡើងដែរ តែគ្មាននរណាដឹងថា ទៅថ្ងៃក្រោយនឹងទៅជាយ៉ាងណាទេ ព្រោះមនុស្ស គឺមនុស្ស។

ញ៉.ផល្លី សុផេន
១១ ធ្នូ ២០១៩

Comments