ចរាចរណ៍តែមួយ

ចរាចរណ៍តែមួយ

ព្រោះតែចរាចរណ៍
ជា​អត្ថបទ​រឿង​ខ្លី​មួយ​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ជាក់ស្ដែង​ ហើយ​វា​កើត​មាន​នៅ​ក្នុង​ប្រទេស​យើង​។ ហើយ​ការណ៍​នេះ​ក៏​កើត​មាន​ជា​ញឹកញាប់​ដែរ ពិសេស​នៅ​ទី​ក្រុង​ភ្នំពេញ​យើង​នេះ។ 

នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​នឹង​រំលេច​ចេញ​នូវ​តថភាព​នៃ​គ្រួសារ​អ្នក​ខេត្ត​ម្នាក់​ខំ​ប្រឹង ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ដល់​ឡាន​ពេទ្យ​ក្នុង​គោល​បំណង​ឱ្យ​ឡាន​ពេទ្យ​បើក​លឿន ដើម្បី​នឹង​ទៅ​ដល់​កន្លែង​សង្គ្រោះ​បន្ទាន់​ឆាប់។ ប៉ុន្តែ​ជា​អកុសល​សេចក្ដី​ខិតខំ​ប្រឹងប្រែង​ទាំង​អម្បាល​នោះ ពុំ​ដូច​ប្រាថ្នា​ដោយសារ​តែ​គ្មាន​សេចក្ដី​អធ្យាស្រ័យ​ពី​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន។

អាល្លោ! កូន​មក​ផ្ទះ​ឱ្យ​លឿង​មក៍ អាចៅ​វា​មិន​ស្រួល​ទេ មិន​ដឹង​ជា​ថី​ទេ ស្រាប់តែ វា​ក្ដៅ​ខ្លាំង​មួយ​រំពេច​។ ហើយ​ហៅ​ឡាន​ពេទ្យ​មក​តែ​ម្ដង​ទៅ ​ម៉ែ​មិន​ស្គាល់​ទេ។ 

បា៎ទ។ 

ឡាន​ពេទ្យ​បាន​បើ​ចេញ​ពី​ទី​រួម​ស្រុក​សំដៅ​ទៅ​យក​កូន​អ្នក​ដែល​នៅ​ចុង​កាត់​មាត់​ញក ​ត្រូវ​ចំណាយ​ពេល​ប្រហែល​២០​នាទី​ដើម្បី​ទៅ​ដល់​ផ្ទះ​អ្នក​គ្រោះថ្នាក់ ប៉ុន្តែ​ពុក​របស់​ក្មេង​មិន​អាច​ចាំ​យូរ​ដូច្នេះ​បាន​ឡើយ ​គាត់​ក៏​ឌុប​ក្មេង​ដោយ​មាន​យាយ​របស់​វា​ឱប​ពី​ក្រោយ​ម៉ូតូ​ផង ដើម្បី​នឹង​កាត់​បន្ថយ​ពេល​។ ដូច​បំណង​មែន ម៉ូតូ​នឹង​ឡាន​ពេទ្យ​ជួប​គ្នា​នៅ​ពាក់​កណ្ដាល​ផ្លូវ ហើយ​ក៏​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​ធំ គឺ​កាល់​ម៉ែត្រ​នៅ​ឯ​រាជ​ធានី​ភ្នំពេញ​។ ការ​ដែល​ចេញ​ដំណើរ​ពី​ខេត្ត​មក មិន​មាន​ជា​បញ្ហា​ចោទ​ប៉ុន្មាន​ទេ ព្រោះ​ផ្លូវ​ទូលាយ ហើយ​អ្នក​ស្រុក​ដែល​ធ្វើ​ដំណើរ​ក៏​ចេះ​តែ​ជៀស​ផ្លូវ​ឱ្យ​ទៅ​ជា​ហូរហែ​។ ពុក​ក្មេង ​គាត់​មិន​បាន​បណ្ដោយ​ឱ្យ​ពេល​ទៅ​ទទេ​ៗ​នោះ​ទេ ​គឺ​គាត់​ដាក់​កាស​នឹង​ត្រចៀក​ដើម្បី​ងាយ​នឹង​ទំនាក់​ទំនង​មិត្រ​គាត់​ដែល​នៅ​ភ្នំពេញ ដើម្បី​ឱ្យ​ជួយ​សម្រួល​ចរាចរណ៍​ពេល​ដែល​ឡាន​ទៅ​ដល់​ម្ដុំ​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ​។ មែន​ មិត្រ​គាត់​បាន​បណ្ដាក់​គ្នា​ដើម្បី​​ចាំ​ធ្វើ​​ចរាចរណ៍។ ឡាន​ពេទ្យ​លយ​លឿន​តាម​​ម៉ូតូ​ពុក​របស់​ក្មេង​ដែល​ជា​អ្នក​សម្រួល​ចរាចរណ៍​។ 

ស៊ីប្លេ​ឮ​តេត​ៗ ៗ ៗ តេ...ត ជា​ច្រើន​បន្ត​បន្ទាប់ តែ​ដូច​ជា​មិន​សូវ​មាន​ប្រយោជន៍​ដូច​កាល​នៅ​តាម​បណ្ដោយ​ផ្លូវ​បណ្ដា​ស្រុក​ស្រែ​ឡើយ មក​ដល់​រង្វង់​មូល​ស្ពាន​ជ្រោយ​ចង្វារ​ហើយ ឡាន​ក៏​ច្រើន ​ស៊ីប្លេ​ក៏​ចេះ​តែ​ឮ អ្នក​បើក​ចេះ​​តែ​ងាក​មើល ខ្លះក៏ជៀស ខ្លះក៏ជៀសទាំងមិនសប្បាយចិត្តនឹងសំឡេងស៊ីប្លេ ឯខ្លះទៀតដូចជាឌឺនឹងសំឡេងស៊ីប្លេ តែម្ចាស់ស៊ីប្លេចុះពីលើម៉ូតូសម្រួលផង លើកដៃសំពះផងទៅក៏កើតចិត្តអាណិត ហើយក៏ជៀសចេញទៅ។ សកម្មភាពដដែលៗបែបនេះក៏ចេះតែមានជាបន្តបន្ទាប់ចាប់ពីស្ពានជ្រោយចង្វាររហូតដល់មន្ទីរពេទ្យ ដោយមានមិត្រភក្តិដែលគាត់បានជួយពឹងពាក់ផង។ ឡានទៅមុខមិនលឿនទេ តែក៏មិនឈប់យូរពេកដែរ គឺទៅដោយសន្សឹម គ្រាន់តែពីស្ពានជ្រោយចង្វារមកដល់ពេទ្យកាល់ម៉ែត្រត្រូវចំណាយពេលជាង២០នាទី។ 

ផុតហើយកន្លែងស្ទះ ឡានក៏បោះពួយលឿនស្លេវទៅមុខដែរ ហើយក៏ចូលទៅដល់កន្លែងសង្គ្រោះបន្ទាន់ដែរ។

ចំណែកពុកដែលសម្រួលម៉ូតូក៏យកម៉ូតូទៅផ្ញើ បន្ទាប់មករត់ទៅបន្ទប់សង្គ្រោះបន្ទាន់ គ្រាន់តែទៅដល់ភ្លាម ស្រាប់តែលើកជើងដើរបន្តមិនរួច ហើយក៏មិននិយាយអ្វីដែល ដោយគ្រាន់តែឃើញគេរុញកូនត្រឡប់មកវិញ ដែលមានម្ដាយដែលត្រូវជាយាយរបស់ក្មេងយំផងនោះ។ 

មិត្រដែលជួយក៏ដើរមកដល់ ហើយក៏ទះស្មា និងនិយាយលើកទឹកចិត្តដោយប្រការផ្សេងៗដូចជា៖ 

តោះទៅយកក្មួយ។ កុំគិតច្រើន ធ្វើម៉េចបើវាអ៊ីចឹងទៅហើយ។ 

ឯមិត្រផ្សេងៗទៀតមិនបានមាត់ក៏អ្វីទេ គឺស្ងាត់ដើម្បីសម្ដែងការសោកស្ដាយ។

ឡានពេទ្យបានបត់ក្បាលទៅស្រុកវិញ ដោយមានសំឡេងស្រែកហៅ ចៅៗ ៗ ទៅផ្ទះយើងវិញ។ អាវ៉ា តោះទៅផ្ទះយើង។

ម្ដងនេះឡានពេទ្យមិនបានបើកសារ៉ែនទៀតនោះទេ ហើយក៏មិនមានអ្នកធ្វើចរាចរណ៍ដូចមុនដែរ។

ផ្ទះឯខេត្តក៏ចាក់ម៉េក្រូ មានស្មូត្រផ្សេងៗតាមប្រក្រតីនៃបុណ្យសព្វ មនុស្សម្នាជាច្រើនបានមកចូលរួមធ្វើរោង ចូលរួមធ្វើក្ដារមឈូស ខ្លះក៏យកអង្ករនិងបច្ច័យមកចូលបុណ្យ ហើយក៏សួរនាំម្ចាស់បុណ្យ និងនិយាយទៅកុំគិតច្រើនពេក កាត់ចិត្តទៅ។ ធ្វើម៉េចបើវាអ៊ីចឹងទៅហើយ។ 

ក្មួយអើយ ហើយចុះបានទៅដល់ពេទ្យអត់? (អ្នកភូមិម្នាក់សួរទៅពុកនៃសព) 

 គាត់ឆ្លើយ ទៅដល់ តែមិនបានចូលពេទ្យទេ។ សំឡេងអួរដើមកកកើតមានឡើង ដែលជាហេតុមិនអាចឱ្យគាត់បន្តសម្ដីទៅទៀតបាន។ តែគាត់នៅតែបន្តនិយាយទាំងអួរ ទាំងឈឺចាប់ ទាំងគ្រៀមក្រំ។ បើសិនជាមិនស្ទះខ្លាំងទេ ប្រហែលជាជួយអាអូនបាន តែសំឡេងសារ៉ែនឡានពេទ្យមិនអាចធ្វើឱ្យអ្នកដំណើរនិងប៉ូលិសរំភើបទេ។ ដើម្បីនឹងឱ្យរំភើបបានលុះត្រាតែជាសារ៉ែនលោកអ្នកធំ ហើយបើសារ៉ែននេះវិញ ប៉ូលិសសម្រួលល្អជាង។ ព្រោះគេមានសក្តិធំ។ ហើយសក្កិធំនិងជាសំខាន់ជាជីវិតមនុស្សដែលរស់នៅក្នុងសង្គមនេះ។

បបូរមាត់ឡើងញ័រ ហើយក៏ចេះតែញ័រខ្លាំងរហូតដល់និយាយមិនកើត។ 

ពិធីបុណ្យបន្តជាបន្តបន្ទាប់តាមប្រពៃណី។


១៥ ធ្នូ ២០២០

ញ៉.ផល្លី សុផេន

Comments