គួរជិតឬឆ្ងាយវង់បាយ
គួរជិតឬឆ្ងាយវង់បាយ
ឈុតទី១៖ ល្ងាចក្រោមខ្ទម
[ល្ងាច។ ក្រោមខ្ទមប្រក់ស្លឹកត្នោតដែលជីកូនដេរដោយដៃ។ ខាងមុខផ្ទះមានមាន់មួយហ្វូងធំ កូនមាន់តូចៗ និងមាន់ធំៗដើរចឹកអាហារនៅជុំវិញ។ វីរិយៈកំពុងបេះស្លឹកឈើ ស្លឹកព្រៃដាក់ក្នុងថង់មួយ។]
វីរិយៈ៖
គ្រប់ហើយ!
[សំឡេងបុរសចំណាស់ម្នាក់ហៅពីផ្លូវ។]
ពូ៖
ធ្វើអីហ្នឹង វីរិយៈ?
វីរិយៈ៖
បាទពូ! បេះស្លឹកឈើ ស្លឹកព្រៃទុកស្លយកទៅសាលារៀន។
ពូ៖
អូ៎... ហើយពូទៅណាវិញទាំងព្រលប់ហ្នឹង?
ពូ៖
មករកទិញមាត់មួយ។ លក់អត់?
[វីរិយៈមើលទៅហ្វូងមាន់ រួចញញឹម។]
វីរិយៈ៖
មាន់តូចៗណាស់ពូ! ធ្វើស៊ីមិនឆ្ងាញ់ទេ។ ទៅរកផ្ទះរត្នាទៅ ព្រោះមាត់គេធំៗ។
ពូ៖
អ៊ើ! ពូទៅហើយអ៊ីចឹង។
វីរិយៈ៖
បាទពូ!
[ពូដើរចេញ។ វីរិយៈបន្តបេះស្លឹក រួចយកទៅទុកជាមួយអីវ៉ាន់ដែលត្រៀមសម្រាប់ទៅសាលា។]
ឈុតទី២៖ ថ្ងៃចន្ទនៅសាលា
[ម៉ោងប្រហែល១១ថ្ងៃត្រង់។ សិស្សជាច្រើននាក់អង្គុយជុំគ្នាក្រោមម្លប់ដើមឈើធំមួយ។ ម្នាក់ៗបើកកញ្ចប់បាយ។ មានសម្ល សាច់មាន់ ត្រីខ ឆា និងម្ហូបផ្សេងៗ។]
មិត្រ១៖
អើយ! វីរិយៈទៅណាទៀតហើយ?
មិត្រ២៖
រាល់ថ្ងៃចន្ទ អង្គារ ឱ្យតែដល់ពេលបាយ គេបាត់មុខ។
នារី៖
មែន! ពេលយើងហៅក៏ថា “រវល់”។ សួរថារវល់ធ្វើអី ក៏មិនដែលប្រាប់។
មិត្រ១៖
ប្រហែលទៅផ្សារ។
មិត្រ២៖
ទៅផ្សារធ្វើអីរាល់ថ្ងៃ?
នារី៖
មិនដឹងទេ។ តែពេលយើងហូបបានបន្តិច គេតែងតែជិះកង់មក។
មិត្រ១៖
ហើយមកដល់ក៏យកបាយទៅហូបឯងទៀត។
មិត្រ២៖
ខ្ញុំគិតថា គេប្រហែលមានម្ហូបពិសេសហើយ។ ខ្លាចយើងឃើញហើយសុំមួយមាត់!
[គ្រប់គ្នាសើច។]
នារី៖
ឈប់និយាយគ្នាទៅ។ ហូបបាយទៅ!
[ពួកគេបន្តហូប។ កន្លែងមួយទៀតនៅក្រោមដើមឈើឆ្ងាយពីគេ វីរិយៈអង្គុយម្នាក់ឯង។ គេបើកប្រអប់បាយយឺតៗ។ នៅក្នុងនោះមានតែសម្លបន្លែទឹកមួយប្រអប់។]
[វីរិយៈមើលម្ហូបមួយសន្ទុះ រួចចាប់ផ្ដើមហូបស្ងាត់ៗ។]
ឈុតទី៣៖ គម្រោងរបស់មិត្តភក្តិ
[ថ្ងៃបន្ទាប់។ ម៉ោងបាយ។ ក្រុមមិត្តភក្តិនៅតែអង្គុយជុំគ្នា។]
មិត្រ១៖
ថ្ងៃនេះយើងមិនហូបទេ!
នារី៖
មិនហូប? ហេតុអី?
មិត្រ១៖
ចាំវីរិយៈមកសិន។
មិត្រ២៖
ហៅគេមកហូបជាមួយគ្នាម្ដង។ យើងចង់ដឹងថា គេតែងតែគេចពីយើងធ្វើអី។
នារី៖
អូ៎... ចង់ដេញជើងគេមែន?
មិត្រ១៖
អត់ទេ។ ចង់ឱ្យគេចូលវង់ជាមួយយើង។
[គ្រប់គ្នាអង្គុយរង់ចាំ។]
មិត្រ២៖
មើល! មកហើយ!
[វីរិយៈជិះកង់ឡើងកញ្ចាស់មកពីផ្លូវផ្សារ។ គេចុះពីកង់ ហើយដើរទៅយកកញ្ចប់បាយរបស់ខ្លួន។]
មិត្រ១៖
ហេ៎ វីរិយៈ!
វីរិយៈ៖
បាទ?
មិត្រ១៖
ហូបបាយហើយនៅ?
វីរិយៈ៖
នៅទេ។ រៀបចំហូប។
មិត្រ១៖
តោះ! ហូបជាមួយគ្នា។
វីរិយៈ៖
អត់អីទេ ខ្ញុំទៅហូបឯណោះក៏បាន។
នារី៖
ទៅហូបជាមួយគ្នាមក។ ពួកយើងក៏មិនទាន់ហូបដែរ។
វីរិយៈ៖
ខ្ញុំ... ខ្ញុំ...
មិត្រ២៖
អៀននឹងពួកយើងមែន?
វីរិយៈ៖
មិនមែនទេ...
មិត្រ២៖
ឬក៏ខ្ពើមនឹងយើង?
វីរិយៈ៖
មិនមែន!
នារី៖
អ៊ីចឹងមក។ ទៅហូបក្រោមដើមឈើនោះជាមួយគ្នា។
[វីរិយៈស្ងាត់។ មើលមុខមិត្តម្នាក់ៗ។ ទីបំផុត គេមិនអាចប្រកែកបាន ក៏កាន់កញ្ចប់បាយទៅជាមួយ។]
ឈុតទី៤៖ កញ្ចប់បាយ
[ពួកគេអង្គុយជុំគ្នាក្រោមដើមឈើ។ ម្នាក់ៗលាបកញ្ចប់បាយរបស់ខ្លួនដាក់កណ្ដាល។ វីរិយៈនៅតែអង្គុយស្ងាត់ ហើយកាន់កញ្ចប់របស់ខ្លួនជាប់។]
មិត្រ១៖
ដាក់មក វីរិយៈ!
មិត្រ២៖
មានម្ហូបពិសេសមែន?
[មិត្តម្នាក់ៗសើចលេង។ វីរិយៈមិនសើចទេ។ គេចុះភ្នែក ហើយបើកកញ្ចប់យឺតៗ។]
[គ្រប់គ្នាស្ងាត់។]
[ក្នុងកញ្ចប់មានបាយ និងសម្លបន្លែទឹក។ គ្មានសាច់។ គ្មានត្រី។ គ្មានអ្វីក្រៅពីបន្លែ។]
[សំណើចដែលមានមុននេះបាត់អស់។]
វីរិយៈ៖
...
[វីរិយៈឱនមុខចុះ។ ដៃគេចាប់ស្លាបព្រារឹងជាប់។]
នារី៖
ម៉េចយើងមិននាំគ្នាហូបទៅ?
[គ្រប់គ្នាចាប់ផ្ដើមហូរ។ វីរិយៈលូកតែម្ហូបរបស់ខ្លួន។ មិនលូកម្ហូបអ្នកដទៃឡើយ។]
[មិត្រម្នាក់មើលវីរិយៈ។ រួចលូកម្ហូបខ្លួនមួយស្លាបព្រាដាក់ក្នុងចានវីរិយៈ។]
មិត្រ២៖
យកនេះ។
[ម្នាក់ទៀតលូកមួយស្លាបព្រា។]
មិត្រ៣៖
យករបស់ខ្ញុំផង។
[នារីលូកម្ហូបមួយស្លាបព្រាដាក់ក្នុងចានវីរិយៈ។]
នារី៖
យកនេះទៅ។
[ម្នាក់ៗធ្វើដូចគ្នា ដោយមិននិយាយអ្វីទៀត។ ម្ហូបក្នុងចានវីរិយៈចាប់ផ្ដើមមានច្រើនឡើង។]
[វីរិយៈមើលចានរបស់ខ្លួន។ ភ្នែកចាប់ផ្ដើមក្រហម ប៉ុន្តែគេមិននិយាយ។]
មិត្រ១៖
វីរិយៈ...
[វីរិយៈងើបមុខ។]
មិត្រ១៖
រាល់ថ្ងៃចន្ទ អង្គារ... ហូរបាយជាមួយម្ហូបគ្មានសាច់អ៊ីចឹងរហូតមែន?
[ស្ងាត់។]
វីរិយៈ៖
បាទ។
[គេឆ្លើយតែមួយម៉ាត់ រួចឱនមុខហូបបន្ត។]
ឈុតទី៥៖ ក្រោយវង់បាយ
[ក្រោយពេលហូបរួច វីរិយៈក្រោកចេញពីវង់មុនគេ។]
នារី៖
វីរិយៈ...
[វីរិយៈឈប់ ប៉ុន្តែមិនងាកមក។]
នារី៖
អង្គុយលេងសិនក៏បាន។
វីរិយៈ៖
ខ្ញុំ... មានការងារ។
[វីរិយៈដើរចេញ។]
[មិត្តភក្តិទាំងអស់មើលតាម។]
មិត្រ២៖
យើងធ្វើឱ្យគេខ្មាសមែនទេ?
នារី៖
មិនមែនទេ។
មិត្រ១៖
តែខ្ញុំមើលទៅ គេដូចជាឈឺចិត្ត។
នារី៖
ប្រហែលគេមិនចង់ឱ្យយើងដឹងពីរឿងនេះទេ។
[គ្រប់គ្នាស្ងាត់។]
ឈុតទី៦៖ តាមផ្លូវត្រឡប់
[ម៉ោងប្រាំល្ងាច។ សិស្សទាំងអស់ជិះកង់ត្រឡប់ទៅផ្ទះ។ វីរិយៈជិះនៅខាងក្រោយគេម្នាក់ឯង។]
មិត្រ១៖
វីរិយៈ! មកជាមួយគ្នាមក!
វីរិយៈ៖
បាទ... ពួកឯងទៅមុនទៅ។
[មិត្តភក្តិមើលគ្នា។]
មិត្រ២៖
ទុកគេទៅ។
នារី៖
កុំបង្ខំគេ។
[ពួកគេបន្តជិះទៅមុខ។ មួយសន្ទុះ នារីងាកក្រោយ។ វីរិយៈនៅតែជិះយឺតៗតែម្នាក់ឯង។]
មិត្រ២៖
ខ្ញុំបារម្ភថា គេអាចឈប់រៀន។
នារី៖
ខ្ញុំក៏ខ្លាចដែរ។
ឈុតទី៧៖ ល្ងាចនៅផ្ទះ
[វីរិយៈជិះកង់ចូលផ្ទះ។ គេចុះពីកង់ ហើយដាក់កង់ទុកកន្លែងដើម។]
វីរិយៈ៖
យាយ! ខ្ញុំមកពីរៀនវិញហើយ។
យាយ៖
អ៊ើ! ល្អហើយ។
[យាយមើលមុខចៅ។]
យាយ៖
ហើយម៉េច? មិនស្រួលខ្លួនមែន?
វីរិយៈ៖
អត់ទេ យាយ។
[វីរិយៈញញឹមបន្តិច។ រួចដើរចេញទៅខាងក្រោយផ្ទះ។]
[ហ្វូងមាន់រត់មករកវីរិយៈ។ កូនមាន់តូចៗចូលមកជិតជើង។ វីរិយៈអង្គុយចុះ ហើយបោះស្លឹកឱ្យវាចឹក។]
វីរិយៈ៖
មក... កូនៗ។
[វីរិយៈមើលហ្វូងមាន់យូរមួយសន្ទុះ។ ស្នាមញញឹមដែលមានលើមុខគេបន្តិចមុន ក៏រលាយបាត់។]
[គេចាប់ផ្ដើមនឹកឃើញវង់បាយ។ មុខមិត្តភក្តិ។ ចានម្ហូបរបស់ខ្លួន។ ស្លាបព្រាដែលមិត្តម្នាក់ៗលូកម្ហូបមកឱ្យ។]
វីរិយៈ (និយាយក្នុងចិត្ត)៖
ពួកគេមិនបានមើលងាយយើងទេ...
[វីរិយៈឱនមុខ។]
វីរិយៈ (ក្នុងចិត្ត)៖
តែហេតុអីយើងនៅតែខ្មាសគេ?
[កូនមាន់មួយក្បាលដើរមកជិត។ វីរិយៈយកដៃលូកអង្អែលវា។]
[ស្ងាត់។]
[ចុងក្រោយ វីរិយៈងើបមុខមើលទៅផ្លូវទៅសាលា។]
[រូបភាពបិទនៅលើមុខវីរិយៈដែលមានទឹកមុខសោកសៅ ប៉ុន្តែភ្នែកហាក់ដូចជាកំពុងគិតអ្វីមួយ។]
— ចប់ —

Comments
Post a Comment