វង់បាយ
វង់បាយ
ព្រលប់ហើយ មកវើយ ស៊ីបាយ។ ហៅពុកឯងមក ពិសាបាយ។
បាទម៉ែ! ពុក! ពិសាបាយ។ តោះ!
សំឡេងទ្រគិចគ្នានៃចាននិងស្លាព្រា ទង្គិចគ្នានៃស្លាបព្រាកូនៗដួសសម្លព្រមពេលគ្នា ឆឺង! ឮម្ល៉េះ មិនចេះប្រយត្នទេ។ ពុកថាឲ្យខ្ញុំនិងប្អូនខ្ញុំ។ ម៉ែមិនមាត់អ្វី។ យើងក៏មិននិយាយអ្វីដែល គ្រាន់តែប្រយត្នជាងមុន ហើយក៏ស៊ីបន្តទៀតទៅ។
ម៉ែនិងពុក ពួកគាត់និយាយគ្នាច្រើនពីស្រែចម្ការ ពីអ្វីដែលគាត់បានជួបប្រទះ ពីអ្វីដែលគាត់ចង់ប្រាប់គ្នា ប៉ុន្តែគាត់មិនបានសួរយើងជាកូនទេ ព្រោះពួកគាត់ជាប់មាត់និយាយនឹងគ្នាហើយ។
ខ្ញុំនិងប្អូនស្រីក៏ចាប់ផ្ដើមនិយាយគ្នាដែរ ប៉ុន្តែមិនទាំងបានបីម៉ាត់ទាន់ផង ម៉ែថា ស៊ីបាយលឿនៗទៅ និយាយអី បាយចូលសម្ល ក្មេងសោះ។
ខ្ញុំនិងប្អូនក៏ឈប់មាត់ មិនយូរប៉ុន្មាន យើងនិយាយគ្នាម្ដងទៀត ម្ដងនេះក៏មិនខុសពីមុនដែរ ម៉ែថាឲ្យទៀត។ ខ្ញុំឆ្ងល់ណាស់ ខ្ញុំ ប្អូនខ្ញុំ ពុក ម៉ែ មិនសូវជាបានជួបគ្នាទេ យើងខ្ញុំក៏ចង់ប្រាប់អ្វីដែលខ្ញុំចង់ប្រាប់ពីអ្វីដេលខ្ញុំបានជួបដែរ ចុះហេតុអ្វីបានជា គាត់មិនព្រមឲ្យខ្ញុំនិយាយសោះ។
មួយពេលៗ យើងស៊ីបាយដោយភាពស្ងៀមស្ងាត់ ចំណែកពួកគាត់និយាយគ្នាបាន ចំណែកយើងបានតែម្យ៉ាងទេ គឺស្ដាប់។
ខ្ញុំមិនចង់ដូច្នេះទេ ខ្ញុំចង់និយាយ ខ្ញុំចង់មានទំនាក់ទំនង នឹងគ្នា ពេលដែលយើងនៅជុំគ្នា ព្រោះយើងជុំគ្នាតែពេលបាយទេ ហើយពេលបាយនៅពេលល្ងាចទៀត ប៉ុន្តែគ្មានឲកាសនឹងប្រាប់ពីអ្វីដែលយើងបានជួប បានចេះ ទៅពួកគាត់សោះ។
បាយស៊ីហើយហើយ តែនៅតែមិនអាចនិយាយចូលនឹងពួកគាត់បានទៀត តើខ្ញុំខំប្រឹងស៊ីបាយលឿនដើម្បីអ្វី គឺដើម្បីនិយាយប្រាប់ពីអ្វីដែលខ្ញុំបានធ្វើនៅពេញមួយថ្ងៃ។ គ្មានទេ ឲកាស ព្រោះពួកគាត់ថា ក្មេងកុំនិយាយច្រើន កុំនិយាយកាត់ចាស់និយាយគ្នា។ តើពេលណាជាពេលដែលខ្ញុំអាចនិយាយបាន?
ពេលដែលគាត់ជួបក្មេងផ្សេង ក្មេងនោះនិយាយច្រើន គាត់ថាបានសម្ដីណាស់ គួរឲ្យស្រឡាញ់ កូនគេនោះចេះអីចេះម្ល៉េះ។ កូនឯងហាមាត់ គ្រប ពេលជួបគេមិនចេះនិយាយស្ដី ថាឲ្យមិនចេះនិយាយស្ដី។ គ្មានបានមាត់បានកដូចកូនគេសោះ។
តាមពិតខ្ញុំមិនមែនមិនចេះនិយាយទេ ប៉ុន្តែខ្ញុំមិនដឹងថា ពេលណាដែលជាពេលដែលខ្ញុំត្រូវនិយាយ ព្រោះថា ពេលនោះចាស់កំពុងតែនិយាយគ្នា កូនគេនិយាយកាត់ ខ្ញុំចេះតែគិតថា ក្មេងនោះមិនដឹងអ្វីសោះ ផ្ទុយពីអ្វីដែលខ្ញុំគិត ពុកម៉ែថាកូនគេបានមាត់បានកទៅវិញ។ នេះជាអ្វីដែលខ្ញុំខកចិត្ត ព្រោះខ្ញុំគិតថា ពេលមកដល់ផ្ទះវិញពុកម៉ែនឹងថាខ្ញុំជាក្មេងល្អ មិននិយាយពេលដែលចាស់និយាយគ្នា ហើយថាក្មេងនោះជាក្មេងមិនល្អ។ ទេ ខ្ញុំជាក្មេងដែលរុយទំមាត់មិនបក់ផងទៅវិញ។
ញ៉.ផល្លី សុផេន
២៩ វិច្ឆិកា ២០១៩


Comments
Post a Comment