តូចតាច

តូចតាច

ទឹកភ្នែកកូនកម្មករសំណង់តូចតាច

ខ្ញុំតែងតែឮពុកម៉ែប្រដៅខ្ញុំថា ប្រយត្ន កុំប្រហែស, កុំបាត់គោ បានធ្វើរបង។ ខ្ញុំចាំ ខ្ញុំគិត ខ្ញុំធ្វើតាមជានិច្ច ព្រោះវាជាសត្យានុម័តិ។ ម៉ែ ពុក ពួកគាត់មិនមែនជាអ្នកចេះដឹងអ្វីជ្រោជ្រះនឹងគេទេ ប៉ុន្តែខ្ញុំមើលទៅពួកគាត់ហាក់បីដូចជាមានទស្សនៈវិស័យវែងឆ្ងាយដូចជាទស្សនវិទូម្នាក់អីចឹងដែរ។ ខ្ញុំស្រឡាញ់ពួកគាត់ ខ្ញុំគោរពពួកគាត់ មិនមែនគោរពដោយសារតែការបង្រៀនបែបសាសនាទេ គឺចេញពីទង្វើរបស់ពួកគាត់។ 

ខ្ញុំមិនបានរៀនទេ ព្រោះខ្ញុំត្រូវរើផ្ទះតាមពុកម៉ែ ដែលរើតាមការងារ ដំបូង គ្រួសារខ្ញុំធ្វើការនៅកោះពេជ្រ បន្ទាប់មកក៏រើទៅព្រះសីហនុ ការរើនេះមិនមែននៅកោះពេជ្រគ្មានការងារទេ គឺមាន ហើយលក្ខខណ្ឌក៏គ្រាន់បើដែរ ប៉ុន្តែដោយសារតែនៅព្រះសីហនុទទួលបានប្រាក់កម្រៃច្រើនជាងនៅកោះពេជ្រ ដូច្នេះហើយបានជាពុកបានសម្រេចចិត្តទៅធ្វើនៅទីនោះ។ នៅទីនោះហើយដែលខ្ញុំបានចាប់ផ្ដើមធ្វើការងារជាមួយពុកម៉ែ ធ្វើបានតែ៦ខែ អាគារមួយបានបាក់រលំ ហើយចិនក៏ចេញពីស្រុកច្រើន ដូច្នេះការងារសាងសង់ក៏ចុះខ្សោយ ដោយសារតែពិបាករស់ពេក ពុកក៏បានដូចមកធ្វើនៅកែបវិញម្ដង ពុកធ្វើនៅអាគារមួយកម្ពស់៧ជាន់ ម៉ែក៏ធ្វើនៅទីនោះដែរ មានតែខ្ញុំទេដែលមិនធ្វើជាមួយពួកគាត់ដូចនៅព្រះសីហនុ គឺជាអ្នកលក់ទឹកអំពៅ ម៉ែនិយាយថា កូនត្រូវតែរកការងារណាដែលជាម្ចាស់ខ្លួនឯង ហើយកូនត្រូវតែមើលគេមើលឯង ដើម្បីរីកចម្រើនខ្លួនឯង ព្រោះកូនមិនបានចូលសាលាទេ ម៉ែគ្មានលុយនឹងបញ្ចូនកូនទៅទេ។ ខ្ញុំក៏មិនជាតូចចិត្តអ្វីនឹងម៉ែដែរ ព្រោះខ្ញុំបានឃើញស្ថានភាពគ្រួសារច្បាស់ណាស់។ យើងសម្រាក ពេលដែលចូលឆ្នាំសាកល យើងចូលធ្វើការងារវិញនៅថ្ងៃទី២នៃឆ្នាំ២០២០ នៅថ្ងៃទីបីហេតុការណ៍មួយបានកើតមានឡើង នោះគឺពុកខ្ញុំបាននៅក្នុងអាគារដែលគាត់កំពុងធ្វើ គឺជាប់គាំងមិនអាចចេញបាន ដោយសារតែបាក់ស្រុត ម៉ែមិនដឹងធ្វើអ្វីទេ គឺយំ ខ្ញុំក៏ដូចម៉ែដែរ។

មានមនុស្សច្រើនជាអាជ្ញាធរ ចុះមកជួយភ្លាមៗដែរ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានទាំងអ្នកធំកម្ពូលទៀតផង តែមិនមែនជាព្រះរាជាឡើយ។ ខ្ញុំអរគុណចំពោះទង្វើដែលបានចុះជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែ ខ្ញុំមិនពេញចិត្ត ហើយក៏មិនយល់ដែរ ពីការងារដែលពួកគេធ្វើ ពួកគេរៀនបានខ្ពស់ជាងម៉ែពុកខ្ញុំ ចុះហេតុដូចម្ដេចក៏គេមិនប្រយត្នដូចម៉ែពុកខ្ញុំ ទាល់តែអាគារបាក់ស្រុតទើបពិនិត្យដូចករណីព្រះសីហនុអីចឹង ហើយនេះក៏ដូចគ្នា គ្មានពាក្យផ្សេងក្រៅតែពីថា មិនដឹងទាល់តែសោះ។ ចុះច្បាប់ដែលទៅសុំសាងសង់ ចុះមន្ត្រីពាក់ព័ន្ធ គេធ្វើអ្វី បានជាបណ្ដោយឱ្យមានការណ៍ដូច្នេះកើតឡើងម្ដងហើយម្ដងទៀតបាន ឬមួយក៏គេមិនបានដឹងពីសុភាសិនខ្មែរទេ ឬមួយគេរៀននៅបរទេសគ្មានសុភាសិតដែលត្រូវរៀនទេ ឬមួយក៏គេមិនចេះទេ តែឡើងតាមជើងខោ ឬមួយគេ...?

ឆ្នាំថ្មី អ្វីៗក៏ថ្មី ថ្មីមែន គឺខ្ញុំបាត់ពុក គឺកូនកំព្រាពុក ដូចជាក្មេងៗដែលជាកូនកម្មករសំណង់ដូចគ្នាកំព្រាពុកម៉ែនៅកំពង់សោមដែរ ដែលដំបូងឡើយខ្ញុំគិតថាខ្ញុំមានសំណាងណាស់ដែលមិនបានបាត់បងពុកម៉ែនៅក្នុងហេតុការណ៍នៅព្រះសីហនុ តែជៀសមិនផុត គឺដូចតែគ្នា។

ខ្ញុំមិនយំស្ដាយពុកទេ តែខ្ញុំយំស្ដាយដែលមន្ត្រីស្រុកខ្ញុំធ្វើរបងក្រោយពីដឹងថាបាត់គោ។

ញ៉.ផល្លី សុផេន
០៣ មករា ២០២០

Comments