ចាំមើលសិន!

ចាំមើលសិន!

បញ្ហាចោទសួរគ្នាពីកូនចៅម៉េចហើយ រមែងកើតមានឡើងនៅក្នុងសង្គមខ្មែរយើង នោះសបញ្ជាក់ថា ខ្មែរយើងខ្វល់នឹងបង្ហាញសង្គមខ្លាំងស្ដីពីសុខទុក្ខរបស់ផងគ្នា។

នេះក៏ជាមូលហេតុដែលនាំឱ្យមានភាពចម្រូងចម្រាស់រវាងយុវជនដែលទទួលឥទ្ធិពលទំនើប មិនបានយល់នឹងទំនៀមចាស់។ ក៏ចេះតែមានគំនិតអវិជ្ជមាននឹងវប្បធម៌នោះទៅ។

ដោយឡែកនឹងរឿងនេះ ការបង្ខំឱ្យកូនរៀបការតាមបំណងខ្លួនមិនមែនជាអ្វីដែលត្រូវធ្វើនៅក្នុងសង្គមទំនើបបែបនេះដែរ តែបើត្រឹមតែជាការណែនាំនោះមិនជាអ្វីទេ។ រឿងបែបនេះ ប្រហែលជាមិនសូវមានទេ ប៉ុន្តែមានគ្រួសារមួយមិនបានបង្ខំកូនប្រុសឱ្យរៀបការតាមខ្លួនទេ តែត្រឹមតែជាការណែនាំ ហើយការណែនាំនោះក៏មិនមានលក្ខណៈសាំញ៉ាំដែរ។

យុវជនដែលម្ដាយមិនបង្ខំក៏ចេះតែនៅចាំនារីម្នាក់ដែលខ្លួនបានសន្យានឹងគ្នាថា នឹងរៀបការនឹងគ្នា ប៉ុន្តែមិនបានដូចបំណង ដោយហេតុតែគ្រួសារនាងបានរើទៅនៅខេត្តផ្សេង ទោះបីជាពួកគេមិននៅជិតគ្នាក៏ដោយក៏ស្នេហាគេនៅតែល្អនឹងគ្នា ដោយនិយាយសន្ទនាតាមទូរសព្ទ មុនឆ្នាំ២០០៥ មិនទាន់មានប្រើហ្វេសប៊ុកនៅឡើយទេនៅតាមខេត្ត នេះជាហេតុមិនអនុញ្ញាតឱ្យពួកគេមានទំនាក់ទំនងបានស្អិតល្មួតដូចពេលនៅស្រុកភូមិជាមួយគ្នា។

ព្រហ្មលិខិតពិតជាមិនប្រណីនឹងភាពស្មោះត្រង់របស់មនុស្សមែន ពិសេសគូសង្សារគេទាំងពីរនោះ។ យុវជនយើងបានខូចទូរសព្ទ ទូរសព្ទកំហូចនេះបាននាំលេខរបស់សង្សារគាត់ទៅជាមួយផងដែរ នោះហើយជាការផ្ដាច់ទំនាក់ទំនងពួកគេទាំងពីរចេញពីគ្នា។

ការដាច់ចេញពីគ្នាដែលមានរយៈចម្ងាយបែបនេះ អស់រយៈពេលក៏យូរដែរ គឺជិតប្រាំពីរឆ្នាំ។ យុវជនយើងជាកសិករមួយដែលមានលក្ខណៈទំនើបតាមទាន់សង្គមដែលគេធ្វើមិនមែនមានទស្សនៈចង្អៀតចង្អល់ដូចយុវជនរួមជំនាន់ខ្លះនោះទេ។ ជាច្រើនឆ្នាំមកហើយដែលគេមិនបានជួបគ្នា ហើយការនិយាយរបស់ម៉ែពុកឱ្យយកប្រពន្ធក៏មានជាច្រើនដងដែរ។ យុវនារីជាច្រើនដែលចង់បានយុវជននោះ សូម្បីពុកម៉ែគេក៏ពេញចេញនឹងគ្រួសារ យុវជន ដែលយើងកំពុងតែនិយាយដែរ បើនិយាយឱ្យចំទៅគ្រាន់តែយុវជនថាបាទ គឺមានប្រពន្ធតែម្ដង។ ប៉ុន្តែពាក្យនេះពិបាកថាណាស់ចំពោះមនុស្សម្នាក់ដែលជាប់កិច្ចសន្យា ដែលកិច្ចសន្យាស្នេហ៍នោះមិនបានបន្តទំនាក់ទំនងទៀតសោះ។ តើគេនៅចាំធ្វើអ្វីទៀត​? ម្ដេចគេមិនទៅរកនៅកន្លែងតែម្ដងទៅ? ម្ដេចក៏ដេកចាំមើលតែរូបថតដូច្នេះ? នេះជាសំណួរដែលខ្ញុំជាអ្នកដឹងរឿងសួរ ដើម្បីស្វែងរកចម្លើយពីមិត្រអ្នកអាន។

ប្រាំបីឆ្នាំពិតជាលឿនណាស់ បើសិនជាយើងមិនធ្វើអ្វីសោះហាក់បីដូចជាគ្មានបានការ ការស្ដាយក្រោយក៏មានច្រើនណាស់ណាដែរ។ ផ្ទុយពីនោះ យុវជនយើងមិនស្ដាយក្រោយទេ ហើយក៏មិនអស់សង្ឃឹមដែរ ពោលគឺនៅតែមានទំនុកចិត្តថានឹងបានរៀបការនឹងយុវនារីនៅពេលណាមួយ ឬក៏ជួបគ្នានៅពេលណាមួយ។

ដូចដែលគេសង្ឃឹមមែន គឺប្រាំបីឆ្នាំក្រោយគ្រួសារទេក៏រើមកនៅនឹងស្រុកកំណើតវិញ នេះជាដំណឹងល្អមួយចំពោះយុវជនយើង ស្នេហ៍គួរតែបន្តដោយក្ដីរីករាយនិងអំណរ។ គ្រាន់តែដឹងដំណឹងនេះភ្លាម យុវជនយើងមិនខ្មាសអៀនឡើយ គឺទៅសួរសុខទុក្ខពីនេះពីនោះជាច្រើន សប្បាយមែន ប្រាំបីឆ្នាំហើយដែលយើងមិនបានជួបគ្នា។

មនុស្សម្នាជាច្រើនទៅសួរសុខទុក្ខ ហើយខ្លះក៏ពេបជ្រាយផងដែរ។

មួយខែហើយដែលគ្រួសារយុវនារីមករស់នៅស្រុកកំណើតវិញ ហើយទំនាក់ទំនងយុវជនយុវនារីក៏មានឡើងវិញដែរ តែខាងស្រីហាក់បីដូចជាមិនសូវដូចមុនសោះ។

កូន! ម្ដេចក៏កូនមិនព្រមយកប្រពន្ធ? ឬមួយក៏កូនចង់យកកូនអ្នករត់ចោលស្រុកដូចជានាងហ្នឹង? នេះជាសម្ដីដែលពុករបស់យុវជនសួរ ព្រោះគាត់បារម្ភនឹងទង្វើកូនប្រុសរបស់គាត់។ ចំាមើលរាងធូរដៃបន្តិចសិន ព្រោះប្អូនៗក៏មិនទាន់រៀនចប់ដែរ ណាមួយអាអូនពៅរៀនពេទ្យផង លុយក៏ចំណាយច្រើនដែរ តែមួយឆ្នាំទៀតទេគេចប់ហើយ ចំាមើលមួយឆ្នាំទៀតសិនទៅពុក។

ចម្លើយបែបនេះ មិនមែនជាចម្លើយពិតនោះទេ ព្រោះគាត់មានលុយអាចនឹងឱ្យប្អូនរៀនចប់ដល់ទៅ២ឆ្នាំដែរ ប៉ុន្តែជាក់ស្ដែងណាស់ គឺចាំយុវនារីយើង។

ល្ងាចមួយ ជាល្ងាចដែលពួកគេបានជួបគ្នា ហើយក៏ស្គាល់ហ្វេសប៊ុកគ្នាដែរ ដល់ពេលល្ងាចការសន្ទនាមួយក៏ចាប់ផ្ដើមកើតឡើង។ ការរំឭករឿងចាស់ពីមុនៗជាយូរ ទម្រាំតែដល់ពេលគេនិយាយសាច់ការនឹងគ្នា។

សំណូរម៉េចបានជាបងមិនទាន់យកប្រពន្ធទៀត ដែលជាសំណួរចាក់ដោតនឹងយុវជនយើង ហើយចម្លើយក៏មិនជាពិបាកដែរ គឺដូចមុន នៅចាំអូន។

យុវនារីផ្ញើរូបយំ។ យុវជនក៏សួរជាច្រើនសំណួរ តែមិនតប។ អាឡូ! ជាសម្ដីដែលគេតេដើម្បីនិយាយគ្នាតាមឆាត(ឈែត)។ រឿងមួយបានកើតឡើង កុំចាំអូនអី! អូនមិនមែននៅក្រម៉ុមទៀតទេ អូនមានប្ដីម្ដងហើយ។ គ្រាន់តែឮសម្ដីនេះភ្លាមយុវជនយើងមិនបាននិយាយអ្វីទេ គឺគាំងស្ញេញតែម្ដង ព្រោះជាសម្ដីដែលគេមិនចង់ឮ។ អូននឹងប្រាប់បងពីមូលហេតុដែលអូនរៀបការ គឺជាការរៀបការដើម្បីគ្រួសារ ពេលដែលពួកគាត់ចេញទៅរកស៊ីនៅជាយដែនថៃ កូនរៀបការមិនបានទាំងមួយឆ្នាំផង ក៏បែកគ្នា ហើយគ្រួសារយើងក៏ចេះតែរកស៊ីខាតរហូត ទ្រាំលែងបានក៏មកស្រុកវិញដើម្បីធ្វើស្រែចម្ការ។

យុវជនយើងមិនមាត់មិនក៏តប ចំណែកយុវនារីក៏មិនដឹងជានិយាយអ្វីតបទៀតដែរ។ ការសន្ទនាក៏កាត់ផ្ដាច់ត្រឹមហ្នឹង។ ភ្លើងអំពូលបានបិទហើយ ម៉ោងក៏រាងច្រើនដែរ មនុស្សម្នាបើសិនជាមិនមានបញ្ហាអ្វីកើតមានក្នុងចិត្តទេ គឺលង់លក់ដូចខ្មោចងាប់អីចឹង។ ផ្ទុយស្រឡះ ការប្រែខ្លួនចុះប្រែខ្លួនឡើង ដែលជាការបង្ហាញថាដេកមិនលក់របស់យុវជន យុវជនចេះតែសួរខ្លួនឯងថា តើត្រូវយកនាងទៀតឬអ្វី? តើយកមនុស្សដែលខ្លួនស្រឡាញ់ចិត្តគំនិតឬក៏យកព្រហ្មចារី ហើយរស់នៅនឹងគ្នាមិនចុះចម្រុង? សំណួរជាច្រើនក៏ចេះតែកើតឡើង មិនឈប់មិនឈរ។ មាន់រងាវហើយ ទម្លាប់ក្រោកពីព្រលឹមដើម្បីធ្វើនេះធ្វើនោះរបស់យុវជនក៏នៅតែបន្ត ព្រោះការងារនឹងស្នេហា គាត់កាត់ចេញពីគ្នាដាច់ល្អណាស់។

ការយកបន្លែទៅឱ្យម៉ូយថ្មីដែលបានរកស៊ីនឹងគ្នាទើបតែបានបីថ្ងៃនោះ ជាបញ្ហាដែលត្រូវតែប្រឈម ព្រោះអ្នកដែលគេរកស៊ីគឺជាមនុស្សដែលគេសន្ទនាយប់មិញ។

ញ៉.ផល្លី សុផេន
០៧ ធ្នូ ២០២០

Comments