ជួបគ្នា

ជួបគ្នា


មានបុរសម្នាក់ដែលជាអ្នកដែលទើបនឹងមកពីខេត្ត គេឡើងមកភ្នំពេញដើម្បីរៀនបន្តថ្នាក់មហាវិទ្យាល័យនៅសាកលវិទ្យាល័យមួយ។

ធម្មតា ពេលដែលនិស្សិតជួបគ្នាដំបូងរមែងតែសួរគ្នាពីនេះពីនោះ ពិសេសសួរគ្នាពីខេត្តដែលខ្លួនមក។

គេស្គាល់គ្នាដំបូង ពិតជាប្រើពាក្យសម្ដីគួរសមនឹងគ្នាណាស់ ប៉ុន្តែអ្នកភ្នំពេញ គេប្រើពាក្យគួរសមមែនពិត តែបង្កប់ដោយពាក្យមើលងាយជាពន់ពេកលើអ្នកខេត្ត។

បងមកពីខេត្តណា? * ខ្ញុំមកពីខេត្តស្វាយរៀង។ ខេត្តដែលសម្បូរអ្នកសុំទានច្រើនហ្នឹងមែន? * មិនមែនម្ដុំខ្ញុំទេ ម្ដុំព្រៃវែង បានមានអ្នកសុំទានច្រើន។ ៙ ឆ្លើយយកតែរួចខ្លួនហ្មងបង (អ្នកព្រៃវែងតប)។
បងមកពីខេត្តព្រៃវែងមែន បានជាប្រកែកខ្លាំងម៉្លេះ? ៙ បាទ ខ្ញុំមកពីព្រៃវែង។ បងមកពីម្ដុំណាវិញ? ៙ ខ្ញុំមកពីម្ដុំទន្លេតូច ហើយផ្ទះខ្ញុំនៅក្បែរទន្លេនោះតែម្ដង។ អីចឹងបងហែលទឹកល្អហើយ បើម៉េចៗ ទៅហែលទឹកជាមួយខ្ញុំពេលទំនេរ។ ៙ មិនចេះហែលទឹកទេ។ អ្ហះ! មិនចេះហែលទឹកទេ? នៅក្បែរទឹកហើយ មិនចេះហែលទឹកទៀត ចប់ហើយ។

មនុស្សសើចលែងយ៉ាងសប្បាយ ទោះបីជាពួកគេសើចក៏ដោយក៏ពួកគេមិនជាពេញចិត្តនឹងនិស្សិតដែលរស់នៅភ្នំពេញដែរ លើកលែងតែកូនអ្នកមានដែលមកពីទីប្រជុំជនឬទីរួមខេត្តប៉ុណ្ណោះ។

និស្សិត អ្នកព្រៃវែងក៏សួរវិញ៖ ៙ បងនៅភ្នំពេញមែន? បាទ ខ្ញុំនៅភ្នំពេញតាំងពីក្មេង ខ្ញុំដើរច្រើននៅកណ្ដាលក្រុង។ ៙ ហើយផ្ទះបងនៅណា? ផ្ទះខ្ញុំនៅម្ដុំព្រលានយន្តហោះ បងស្គាល់អត់? ៙ មិនដឹងនៅណាទេ ទើបតែមក បងនៅក្បែរតែម្ដងមែន? បាទ! ខ្ជិលទាំងមើលយន្តហោះ។ ៙ អីចឹង​​ បងមករៀនស្រួលហើយមិនស្ទះផ្លូវ ព្រោះចេះហោះ។

សំឡេងសើចយ៉ាងគ្រហឹង សើចម្ដងនេះ មិនមែនសើចឲ្យអ្នកព្រៃវែងទេ ហើយក៏មិនសើចឲ្យអ្នកខេត្តដែរ គឺសើចចំអកវិញនូវអ្នកភ្នំពេញ ដែលរស់នៅក្បែរយន្តហោះហើយ មិនចេះហោះ។

និស្សិតហោះមករៀន មុខឡើងក្រហម ដោយមិនដឹងជានិយាយអ្វី ដើម្បីតមនឹងគេ។

ញ៉.ផល្លី សុផេន
២៧ វិច្ឆិកា ២០១៩

Comments