សេកនិងហ្វូងសេក

សេកនិងហ្វូងសេក

សេកក្នុងទ្រុងចេះនិយាយភាសាមនុស្សនិងភាសាសេកគ្នាវា

សម័យថ្ងៃមួយ នាក្រុងមួយ មានបុរសម្នាក់ដែលជាអ្នកចូលចិត្តចិញ្ចឹមសត្វគ្រប់ប្រភេទ នៅក្នុងផ្ទះគាត់ពោពេញទៅដោយសត្វ។ នៅក្នុងផ្ទះបុរសនោះមានសត្វគ្រប់ប្រភេទ ប៉ុន្តែមិនសត្វទាំងនោះមិនចេះនិយាយភាសាមនុស្សទេ មានតែសេកមួយប៉ុណ្ណោះដែលចេះនិយាយភាសាមនុស្សបានយ៉ាងល្អប្រសើរលើសអស់សត្វសេកផ្សេងៗដែលចេះនិយាយភាសាមនុស្សគ្នា។ បុរសនោះស្រឡាញ់សេករបស់គាត់យ៉ាងខ្លាំង ដោយបានចំណាយពេលជាច្រើនដើម្បីនៅជជែកជាមួយសេកនិងបញ្ចុកចំណីទៅសេក សេកបរិបូរណ៍ដោយចំណីស្ទើររកពោះដាក់គ្មាន។ ដោយមានចិត្តស្រឡាញ់សេកពន់ពេក បុរសនោះក៏ទៅផ្សាររកទិញទ្រុងថ្មីដែលធ្វើអំពីប្រាក់យ៉ាងប្រណីត ដើម្បីឲ្យដាក់សេក។ សេកក្រឡេកទៅឃើញបុរសជាម្ចាស់មកពីផ្សារដោយមានកាន់នូវទ្រុងយ៉ាងស្អាតដូច្នេះក៏មានចិត្តរំភើប ហើយនិយាយអរគុណជាច្រើនដង ដើម្បីសម្ដែងក្ដីរីករាយឲ្យម្ចាស់វាឃើញ ជាការលើកទឹកចិត្តម្ចាស់វាផងដែរ។ សេកនៅក្នុងទ្រុងថ្មីនោះអស់ជាច្រើនខែឆ្នាំដោយមិនធុញទ្រាន់នឹងទ្រុង បរិយាកាសក្នុងផ្ទះបុរសនោះសោះ។

រដូវត្រជាក់នាចុងឆ្នាំចាស់ដើមឆ្នាំថ្មីបានចូលមកដល់ រដូវនោះជារដូវដែលសម្បូរចំណី ជារដូវដែលសត្វស្លាបទាំងអស់សប្បាយរីករាយជាងគេ។ ហ្វូងសត្វជាច្រើនប្រភេទបានផ្លាស់ទីពីទីមួយទៅទីមួយដើម្បីរកចំណី បង្កាត់ពូជពង្ស យ៉ាងមានសុភមង្គល តាមសេរីភាពនារដូវវិសមកាល។ ហ្វូងសេកទាំងហ្វូងៗបានចេញដំណើរពីព្រឹកព្រលឹមចាកទ្រនំផងខ្លួន ដើម្បីចេញទៅកាន់ទីដែលមានចំណីតាមដងស្ទឹង វាលចម្ការ ជាដើម ទាល់តែព្រលប់ទើបវិលចូលទ្រនំផងខ្លួនវិញ។ សេកដែលជាមេហ្វូងរមែងដឹកនាំហ្វូងជាប្រក្រតីតាមសភាវនៃសេក។ នាសម័យមួយនោះ ហ្វូងសេកបានចូលមករកចំណីក្បែរភូមិដែលបុរសចិញ្ចឹមសត្វ។ មេហ្វូងសេកបានឃើញសត្វជាច្រើនដែលនៅក្នុងទ្រុង ដែលជាប់ចំណង ដែលនៅក្នុងស្រះ ព្រមទាំងបានឃើញបុរសនោះឲ្យចំណីទៅពួកសត្វទាំងនោះផង។ កូនហ្វូងសេកជាច្រើនក៏បានឃើញដូចជាមេហ្វូងរបស់ពួកវាដែរ ហើយពោលថា សត្វទាំងនោះស្រួលណាស់ មិនបាច់ចេញទៅរកចំណីឯណាក៏បានដែរ ដោយមានមនុស្សបំរើយ៉ាងល្អ។ មើលចុះ! សេកនោះនៅក្នុងទ្រុងដ៏ពិចិត្រអមដោយការជជែកលេងនឹងម្ចាស់វាបានយ៉ាងសប្បាយទៀតផង។ ពិតជា មានសុភមង្គលមែន នៅតែក្នុងទ្រុង ចាំតែគេបញ្ចុក ចាំតែគេបំរើ ហាក់បីដូចជាស្ដេចអីចឹង។ 

សេកដែលនៅក្នុងទ្រុងបានឮដូច្នេះក៏មានចិត្តសប្បាយរីករាយកាន់តែខ្លាំងដែលបានស្ដាប់ពាក្យដែលសេកដូចគ្នាសរសើរ ហើយក៏ធ្វើឫកម្ញ៉េកម្ញ៉ក់ដាក់ម្ចាស់វា ក្នុងគោលបំណងបង្ហាញឲ្យហ្វូងសេកដែលកំពុងតែមើលនោះ កាន់តែច្រណែននឹងខ្លួន។ បុរសដែលជាម្ចាស់សេកឃើញសេកម្ញ៉េកម្ញ៉ក់ខុសធម្មតាដូច្នេះ ក៏កាន់តែសប្បាយរីករាយនិងសរសើរសេកថា គួរឲ្យខ្នាញ់មែន។ 

ហ្វូងសេកកំពុងតែស្លុងចិត្តនឹងសេកដែលមានមនុស្សស្រឡាញ់ចូលចិត្តដោយភ្លេចទាំងថា ព្រះចន្ទ្រកំពុងតែបររថដឹកនាំស្បៃខ្មៅងងឹតមកជំនួសរស្មីដែលព្រះអាទិត្យបានបញ្ចាំង។ ដោយខកពេលនឹងចេញដំណើរទៅទីទ្រនំផងខ្លួនដូច្នេះ មេហ្វូងសេកក៏ប្រាប់ទៅកូនហ្វូងរបស់ខ្លួនថា យើងមិនត្រូវទៅទាំងងងឹតដូច្នេះទេ ព្រោះការធ្វើដំណើរដោយមិនស្គាល់ផ្លូវច្បាស់មិនល្អចំពោះយើងដែលជាអ្នកដំណើរទេ។ យើងត្រូវតែសម្រាកនៅទីនេះមួយយប់ លុះស្អែកឡើងពេលល្ងាចសឹមយើងវិលទៅរកទ្រនំចាស់យើងវិញ។ កូនហ្វូងសេកបានឮដូច្នេះបានស្រែកកញ្ជ្រាវយ៉ាងខ្លាំង ព្រោះខ្លួននឹងបានឃើញពីជីវភាពនៃសេកដែលមានសំណាង។ រថរបស់ព្រះចន្ទ្រចូលមកកាន់តែជិត រថព្រះអាទិត្យក៏រសាតឆ្ងាយជាងមុខដែរ។ 

បុរសដែលជាម្ចាស់សេកក៏ដាក់សេកនៅខាងមុខខ្លោងទ្វារផ្ទះខ្លួន ហើយនិយាយរាត្រីសួស្តីដាក់សេក សេកក៏និយាយរាត្រីសួស្តីទៅម្ចាស់វាវិញ។ 

ចង្រិត កណ្ដូប បានបំពេរសព្វសត្វឲ្យលង់លក់ក្នុងរាត្រីកាល តាមសំនៀងតូរ្យតន្ត្រីយ៉ាងស្រទន់អបដោយខ្យល់ត្រជាក់ផងនោះ សព្វសត្វបានបិទភ្នែក បិទត្រជាក់ បិទមាត់ បិទស្ទើរតែទាំងអស់លើកលែងតែច្រមុះចេញទុកគ្រាន់ដកដង្ហើម។ ផ្ទុយពីសព្វសត្វនានា មេហ្វូងសេកដេកមិនលក់សោះ ចំណែកសេកចេះនិយាយភាសាមនុស្សក៏មិនអាចបិទដូចគេដែរ គឺស្ថិតនៅក្នុងភាពរសាប់រសល់ដូចគ្នា គ្រាន់តែមួយអារម្មណ៍វិជ្ជមាន មួយកើតអារម្មណ៍ឆ្ងល់ តែប៉ុណ្ណោះ។

ដោយអត់ទ្រាំមិនបាន មេហ្វូងសេកក៏បានហើរមកជួបនឹងសេកសំណាងដែលកូនហ្វូងរបស់វាបានដាក់ឲ្យសេកនោះ។

  • សេកសំណាង ហេតុអ្វីក៏ឯងមិនព្រមចេញទៅខាងក្រៅមើលទេសភាពស្អាតៗ បរិយាកាសប្លែកៗ ដែលល្អជាងនេះទៅ?
តើស្អាតជាងទ្រុងរបស់ខ្ញុំទៀតមែនទេ? មានចំណីបរិបូរណ៍ជាងនេះជាប្រចាំមែនទេ?
  • ពិតជាស្អាត ពិតជាមានច្រើនជាងនេះ គ្រាន់តែមិនមានជាប្រចាំដូចនេះ។
ស្អាត យ៉ាងម៉េចទៅ? មើលចុះ! ជ្រូក ទា គោ ត្រី នៅក្នុងសភាពដូចម្ដេច?
  • បងល្អជាងគេបំផុត បងមានសំណាងជាងគេបំផុត ប៉ុន្តែមិនដូចខាងក្រៅទេ មានអារម្មណ៍ជាច្រើនដែលយើងជួប ដែលយើងឃើញ ដូចជាស្ថានភាពបងជាអារម្មណ៍មួយក្នុងចំណោមអារម្មណ៍ថ្មីដែលយើងបានជួប ហើយស្ថានភាពបងប្លែកជាងគេដែរ។
អីចឹង បានន័យថា ខ្ញុំជាសត្វដែលមានសំណាងជាងគេ ហើយក៏សំណាងជាងបងឯងដែរមែនទេ?
  • ត្រូវ បើសិនជាគិតអំពីការហូបចុក ប៉ុន្តែបើសិនជាគិតពីសេរីភាព និងការស្គាល់ពិភពខាងក្រៅ​ ចាញ់ពួកយើងឆ្លាយណាស់។ បន្តិចក៏មិនដល់ផង។
អីចឹងពេលភ្លៀង បងទៅជ្រកនៅឯណា? មានកន្លែងជ្រកឬក៏នៅហាលភ្លៀង?
  • នៅហាលភ្លៀង មិនដូចបងទេ។ 
អីចឹង កុំមកអួនដាក់ខ្ញុំ ហើយក៏កុំមកបបួលឲ្យខ្ញុំចេញក្រៅ ខ្ញុំមិនចេញទេ។

សេកទាំងពីរបាននិយាយគ្នាជាច្រើនទាល់តែចក្រនៃព្រះអាទិត្យនឹងព្រះចន្ទ្របានមួយជុំនៃព្រះកាល គឺយប់និងថ្ងៃ។ សេកជាមេហ្វូងបានពន្យល់ពីតម្លៃនៃសេរីភាព តម្លៃនៃភាពពិតនៅខាងក្រៅ ដែលជាតម្លៃលើសអ្វីៗទាំងអស់។ ទោះបីជាមេហ្វូងសេកខំពន្យល់យ៉ាងណាក៏ដោយក៏សេកនោះមិនព្រមស្ដាប់ មិនព្រមចេញទៅខាងក្រៅ មិនព្រមជឿ ដោយជឿថា គ្មានអ្វីល្អជាងជីវភាពដែលខ្លួនមាន។

មេឃកាន់តែក្ដៅ ស្លឹកឈើចាប់ផ្ដើមជ្រុះ រៃចាប់ផ្ដើមយំ ភ្លើងចង្ក្រានបានលេបត្របាក់ផ្ទះរាលពេញបរិវេណផ្ទះបុរសចិញ្ចឹមសត្វ។ សត្វខ្លះរត់រួច សត្វខ្លះរត់មិនរួច ជាសំណាងរបស់សេកទ្រុងមិនបានបិទទេ នេះជាឱកាសដែលវាអាចហើរចេញបាន។ ការហើរចេញគេចពីភ្លើង បានធ្វើឲ្យសេកដែលនៅក្នុងទ្រុងបានឃើញនូវអ្វីដែលខ្លួនមិនធ្លាប់ឃើញ ជាហេតុនាំឲ្យសេកចេះនិយាយភាសាមនុស្សមានអារម្មណ៍ជាច្រើន អារម្មណខ្លាំងជាអារម្មណ៍ដែលកើតមុខគេបង្អស់ ហើយអារម្មណ៍ខ្លាចនោះមិនមែនបងពីគ្រោះនៃភ្លើងចេះផ្ទះនោះទេ គឺខ្លាចនូវអ្វីដែលខ្លួនមិនបានដែលជួប ខ្លាចសូម្បីតែសត្វល្អិតដែលជាចំណីរបស់ខ្លួន។

សេកសំណាងដែលកូនហ្វូងសេកដាក់ឲ្យ មិនអាចហើរបានខ្ពស់ មិនអាចហើរបានឆ្ងាយទេ ដូច្នេះវាក៏ទំនៅលើអង្គត់ឈើប្រលះផេះ រួចគិតទៅសម្ដីរបស់មេហ្វូងសេក។

ញ៉.ផល្លី សុផេន
១៩ វិច្ឆិកា ២០១៩

Comments