ខ្ទមចាំឳឡឹក
ខ្ទមចាំឳឡឹក
រដូវទឹកស្រកចាប់ផ្ដើមចូលមកដល់ហើយ ហើយនេះក៏ជារដូវចុះធ្វើស្រែចម្ការរបស់អ្នកដែលរស់នៅតាមបណ្ដោយដងទន្លេចូលមកដល់ហើយដែរ។
ម៉ែអាវ៉ា! កើបស្រូវពូជត្រាំ ទឹកស្រកលេចភ្លឺថ្នាលយើងហើយ ស្អែកគេហ៍ទៅធ្វើដីសាប។ អមនឹងសំដីពុកនិយាយនឹងម៉ែ សំឡេងរៀបចំន័ង្គ័ល រនាស់ ក៏ចាប់ផ្ដើមឡើងដែរ មិនត្រឹមតែផ្ទះដែលខ្ញុំកំពុងតែរស់នៅទេ ផ្ទះគេផ្សេងក៏ចាប់ផ្ដើមញាប់ដៃជើងដែរ។ ការចេញវាលចាប់ពីចេញសាបសំណាបមករយៈពេលមួយខែ មួយខែជាង ដើម្បីចាំសំណាបល្មមនឹងអាចដកស្ទូងបាន ខណៈនោះពុកមិនទំនេរដៃទេ ទេសាទត្រីមានដាក់លប ដាក់សៃយឺន ដាក់មង ដាក់បង្កៃ ដាក់ទ្រូ ចងសន្ទូត យកត្រី។ ចំណែកម៉ែក៏មិនចាញ់ពុកដែរ បកសណ្ដែកដីលក់ លក់ត្រីដែលពុករកបាន ធ្វើម្ហូប គ្មានទំនេរដៃឡើយ។
ម៉ែអាវ៉ា! រកវេរ(ជាឈ្នួល ឬជាអ្នកដែលមកធ្វើការសងវិញ) ដែលជម្ពាក់ន័ង្គ័លយើងកាលពីទឹកតំឡើង មក ស្អែកខ្ញុំទៅធ្វើដីស្ទូង។ _រកវេរប៉ុន្មាននាក់? -៦នាក់បានហើយ។ ហើយរក១០នាក់ទៀតទុកទៅស្រែមួយទៀត។ ពុកម៉ែ មមាញឹកនឹងការងារស្រែស្រូវណាស់ ជាមួយគ្នានោះដែរ ដីចម្ដារក៏លេចពីទឹកដែរហើយ ហើយក៏ត្រូវភ្ជួរហាលវាចោលសិនដែរ។ គ្រួសារយើងមានដីចម្ការដើម្បីដាំ ដំឡូង ធ្វើឳឡឹក ពេលធ្វើឳឡឹកជាពេលដែលយើងទៅថែទាំវាជាងដំឡូង ដូចជារែកទឹកស្រោចរាល់ថ្ងៃឬពីរ បី ថ្ងៃស្រោចម្ដង ទៅជ្រុំគល់ ទៅបាញ់ថ្នាំ ទៅជួសរណ្ដៅណាដែលងាប់ ម៉ែរវល់នឹងចម្ការ ពុករវល់នឹងស្រូវ យើងជាកូនៗរវល់នឹងរៀន ពេលទំនេរពីរៀងយើងជួយម៉ែដូចជាស្រោចទឹកឳឡឹក ឬច្រូតស្មៅព្រោះខែនោះខ្សត់ស្មៅណាស់។
ខ្យល់ធ្លាក់ពីជើងហើយ ហើយឳឡឹកក៏ធំចេញផ្លែហើយដែរ ជិតនឹងទុំ មេចម្ការឡើងផ្កាឈូកហើយ។ ធម្មតា តាមគ្រួសារខ្ញុំមិនធ្វើខ្ទមតាំងពីដាំមកទេ ទាល់តែឳឡឹកទុំបានធ្វើខ្ទមដើម្បីដេកចាំ ប៉ុន្តែអ្នកខ្លះគេធ្វើតាំងពីចុះដាំមកម្ល៉េះ ហើយគេនៅនឹងខ្ទមមួយថ្ងៃទើសល្ងាចឬព្រលប់ កូនចៅចេញពីរៀនទៅស៊ីបាយនៅវាល។
ខ្ទមខ្ញុំធ្វើហើយ ហើយយប់នេះជាការដែលខ្ញុំទៅដេកចាំនៅវាលដែរ ខ្ទមចម្ការគេនៅក្បែរៗនោះក៏ចេះតែមានច្រើនព្រោងព្រាត ហើយការដេកចាំចម្ការក៏ចេះតែមានបណ្ដើរៗដែរ។
ខ្ទមមិនធំទេ គ្រែមួយ ប្រក់ស្លឹកមិនគត់មុតទេអាងតែគ្មានភ្លៀង ជញ្ជាំងធាងត្នោត ស្បូវ ព័ទ្ធបីជ្រុង ទុកមួយជ្រុងបែរទៅចម្ការដើម្បីមើលពេលយប់ក្រែងមានអ្នកណាមកបេះឬលួច។ ជាធម្មតា គេធ្វើខ្ទមពីលើរណ្ដៅអាចន៍គោ ដោយសារតែងាយនឹងបង្ដាត់ភ្លើងអាំង ព្រោះជាខែរងារ។
ថ្ងៃមួយ យើងនាំគ្នាទៅរកត្រីអាំងស៊ី ស៊ីហើយក៏នាំគ្នាទៅខ្ទមរាងៗខ្លួន យប់ហើយ មេឃក៏ត្រជាក់ ជិតភ្លឺក៏រឹតតែត្រជាក់ទៀត ខ្ញុំមិនបន្ថែមភ្លើងទេ ប៉ុន្តែខ្ទមបងជីដូនមួយខ្ញុំគាត់បន្ថែមភ្លើង ការបន្ថែមនោះមិនមែនបន្ថែមគល់ឯណា គឺបន្ថែមក្ដត្នោត មិនទាំងបានប៉ុន្មានផង ស្រាប់តែគាត់លោតចេញពីខ្ទមជាប់មកជាមួយនឹងភួយ មើលទៅខ្ទមដែរភ្លើងលេបយកជាចំណី ខ្ទមខ្ញុំ ខ្ទមអ្នកដែលនៅក្បែរៗនោះ ចេញមកមើល ហើយស្រែកសួរទៅវិញទៅមក យើងឃើញបងប្រុសជីដូនមួយខ្ញុំឈរដណ្ដប់ភួយមើលទៅខ្ទមគាត់ យើងឃើញបានយ៉ាងច្បាស់ដោយសារតែភ្លើងឆេះខ្ទមគាត់ខ្លាំងពេក។ គាត់មិនមើលតទៅទៀតទេ គឺដើរទៅផ្ទះតែម្ដង។
ព្រឹកឡើងម៉ែបានជួបនឹងម៉ែគាត់ មីងក៏បានតំណាលប្រាប់ពីរឿងដែរឆេះខ្ទម គាត់ថាឆេះទាំងគ្រែល្អមួយទៀត គាត់បន្តទៀតថារាល់ឆ្នាំគ្រែឫស្សីមិនអី ដល់ដាក់គ្រែល្អលែងឆេះខ្ទេច។
ខ្ញុំសុផេន សរសេររឿងនេះដើម្បីរំឭកដល់បងជីដូនមួយខ្ញុំឈ្មោះសុផាតដែលបានឆ្លងកាត់ព្រឹត្តិការណ៍នេះដោយផ្ទាល់ ប៉ុន្តែអកុសល គាត់ស្លាប់ដោយសារតែទៅធ្វើការនៅរោងចក្រអារឈើ។ សូមឧទ្ទិសស្នាដៃនេះជូនគាត់។
ញ៉.ផល្លី សុផេន
១៦ ធ្នូ ២០១៩


Comments
Post a Comment