វិបត្តិស្នេហ៍
វិបត្តិស្នេហ៍
![]() |
| នវកថា_រឿង_វិបត្តិស្នេហ៍ |
គ្រួសារពីរជាគ្រួសារដែលកាន់កាប់មេទឹកមានបឹង ព្រែកជាដើម ចំណែកគ្រួសារពីរទៀតកាន់កាប់ដីស្រែយ៉ាងសម្បើម ដោយឡែកតែគ្រួសារមួយដែលជាអ្នកកាន់កាប់គោក្របីយ៉ាងសន្ធឹក។ ពួកគេទាំងបីឡែកនោះ មិនដែលត្រូវគ្នានោះទេ ប៉ុន្តែក៏មិនដែលប្រកាប់ប្រចាក់គ្នាដែរ ព្រោះពួកគេពឹងពាក់គ្នាទៅវិញទៅមក ពួកមានមេទឹកពឹងស្រូវ ពឹងមធ្យោបាយធ្វើដំណើរគេ ពួកមានស្រែពឹងទឹក នឹងមធ្យោបាយអូសទាញ ចំណែកពួកមានគោក្របីក៏ពឹងមកវិញតាមទំនងនោះដែរ។ ក្នុងចំណោមគ្រួសារធំៗទាំងនោះ មានកម្រិតច្បាប់ផ្សេងៗគ្នា តែគ្មានគ្រួសារណាមួយមានច្បាប់ធូររលុងនោះទេ គឺតឹងតែងណាស់ កូនចៅត្រូវតែធ្វើឫកឱ្យហំ មិនលើកដៃសំពះគេនោះអ្នកភូមិនោះទេ គឺតម្រូវឱ្យអ្នកភូមិលើកដៃសំពះឬហៅមុន។ ទម្លាប់នោះអ្នកដែលរស់នៅក្នុងភូមិទាំងចាស់ក្មេងដឹងនឹងគោរពតាមគ្មានសល់ម្នាក់ឡើយ។
និយាយពីគ្រួសារមួយដែលជាគ្រួសារតែមួយគត់មានដី មានមេទឹក មានគោក្របី ដោយមិនរស់ក្នុងជីវភាពពឹងពួកគ្រួសារធំទាំង៣ឡែកនោះទេ រស់ដោយខ្លួនឯងនិងជួយជ្រំជ្រែងគ្រួសារនានាបានខ្លះដែរ បើនិយាយឱ្យអស់ទៅ គឺកំពុងតែងើបឡើងដើម្បីក្លាយជាគ្រួសារមួយដែលមានឥទ្ធិពលដូចគ្រួសារទាំងប្រាំខាងលើដែរ។ គ្រួសារនោះមានកូនប្រុសពីរនាក់ កូនប្រុសទាំងពីរនាក់នោះជាកូនដើរតាមគន្លងក្រមសីលធម៌ល្អណាស់ ហើយមានការយល់ដឹងច្រើនទៀតផង មិនដើរបង្កគ្រោះឱ្យដល់នរណាម្នាក់ឡើយ ចំណែករូបសម្បត្តិវិញក៏មិនអត់ដែរ បើស្រីណាមើលហើយគឺពេញចិត្តស្ដូកតែម្ដង។ កូនប្រុសទាំងពីរនោះមិនមានអ្វីខុសគ្នានោះទេ គ្រាន់តែបងប្រុសមានមាឌក្រអាញជាងប្អូនប៉ុណ្ណោះ សក់ពួកគេរួញមានព្លីជាទឹករលកធំៗ ហើយចូលចិត្តទុកពុកមានពុកចង្ការប្រវែងមួយគ្រាប់ស្រូវ សម្បុរស្រអែម ដៃជើងមាំ ខ្ពស់ស្រលះ។ ចូលចិត្តស្លៀកខោថ្នេរប្រាំឬវាយក្បិន លែងខ្លួនទទេ តែមានក្រមានៅជាប់នឹងស្មាជានិច្ច។ បើនិយាយអំពីអត្តចរឹតវិញ ល្អប្រពៃមិនឆ្មើងឆ្មៃដូចកូនចៅគ្រួសារធំៗទាំងប្រាំនោះទេ អ្នកផងទាំងឡាយរមែងចូលចិត្តដើរលេងជាមួយ ក្រៅតែពីគ្រួសារធំៗនោះចេញ។
អ្នកភូមិទាំងអស់គោរពអ្នកតាមួយនៅក្បែរកូនភ្នំមួយដែលមានថ្មដុះប៉ុនប្រាំឱបមនុស្សធំ ហើយកម្ពស់ប្រវែងប្រមាណជាប្រាំកាងមនុស្សធំដូចគ្នា ថ្មនោះនៅក្រោមដើមស្វាយមួយធំដែលមានមែកត្រសុំស្ដាកមកក្រោម បើដើរម្នាក់ឯងមិនហ៊ាននោះទេ ព្រោះងងឹត ណាមួយមានស្វាច្រើនអាស្រ័យផង។ អ្នកតានោះគេតាំងនាមថា អ្នកតាថ្មដុះ មនុស្សម្នាជាច្រើនតែងយកសំណែនផ្សេងៗមកសែនអ្នកតានោះ បើគេរៀបការក៏រៀបការនៅនឹងមុខអ្នកតានោះដែរ បើនិយាយឱ្យអស់ទៅ គឺគេគ្មានសាសនាអ្វីឡើយ គឺមានជំនឿលើធម្មជាតិ។
អ្នកតាអើយ បើសិនជាមាននរណាក្បត់ សូមឱ្យចុកពោះស្លាប់មួយរំពេចទៅ។ នេះជាសម្ដីយុវជនពីរនាក់ដែលមកចង់ស្នេហ៍នឹងគ្នាខាងមុខអ្នកតា។
បុណ្យប្រចាំឆ្នាំបានមកដល់ហើយ ការជួបជុំគ្នាក៏មានច្រើន។ នៅខែក្ដៅស្លឹកឈើជ្រុះស្លឹកនៅសល់តែដើមឆ្កឹង តែម្លប់ស្វាយមិនដូច្នេះឡើយ គឺនៅតែត្រសុំត្រសាយដូចដើមនាខែភ្លៀងដដែល គ្រាន់តែមានស្លឹកធ្លាក់ច្រើនប៉ុណ្ណោះ។ ល្អម្យ៉ាងដែរ ដែលមានស្លឹកឈើជ្រុះច្រើនអមដោយសំឡេងរៃយំផងនោះបង្កើតបានជាតូរ្យតន្ត្រីម្យ៉ាងបែបអ្នកស្រុក។ ពិធីសែនព្រេងមានភ្លេង មានរូបស្នង មានស្នំ មានកូនចាបកូនព្រាបជាច្រើនបានទៅសុំសេចក្ដីសុខសប្បាយពីអ្នកតា។ កម្មវិធីប្រព្រឹត្តទៅយ៉ាងសម្បើមពេញមួយព្រឹក ក្មេងក្មាងរត់ដេញគ្នាលេងយ៉ាងរីករាយ ចាស់ៗប្រារព្ធកិច្ចនិងរៀបចំបាយជុំគ្នា កម្លោះក្រមុមឃើញគ្នា ហើយវាយក្រសែភ្នែកដាក់គ្នា ហើយលេងល្បែងផ្សេងៗតាមទំនងអ្នកស្រុកមានចាប់កូនខ្លែង មានអ៊ូ មានហឹង មានច្រៀងរាំ កម្សាលយ៉ាងរីករាយក្រោយការដឹងនាំរបស់ចាស់ៗ។ ហត់ហើយ ក្រោយពីលេងពេញមួយព្រឹកធំ បាយក៏ស្រុះស្រូបហើយដែរ ការសម្អាត ការរៀបចំ បានបង្ហាញថាកិច្ចចំពោះអ្នកតាចប់ហើយ ព្រោះសម្ពៅលយហើយ។ អ្នកពេញកម្លាំងពោលកម្លោះក្រមុមជាអ្នករៀបចំសារបស់ដែលត្រូវយកទៅផ្ទះវិញ ហើយនឹងរុះដុះអ្វីដែលមិនត្រូវទុក។ ការរៀបចំនោះបានបន្ថែមឱ្យកាសឱ្យគូស្នេហ៍ដែលបានស្បថស្បែនឹងគ្នានោះបាននិយាយគ្នាពេញមាត់ ពេញក មួយអន្លើដោយការផ្ដុះផ្ដងពីចាស់ៗដែលដឹងរឿងបងនោះក៏ចេះតែប្រព្រឹត្តទៅយ៉ាងរលូន ទោះបីជាអៀនខ្លះ ហ៊ានខ្លះក៏ដោយ។ ធម្មតាទេ ក្រោយពីឡើងអ្នកតាហើយ ការផ្សំផ្គុំក៏កើតមានឡើងជាបន្តបន្ទាប់ច្រើនគូ នេះជាទម្លាប់របស់អ្នកស្រុក។
មិនបាន អញមិនឱ្យនាងទៅយកអាកូនអ្នកឆ្វេងក៏ត្រូវ អ្នកស្ដាំក៏ត្រូវ អ្នកលើក៏ត្រូវ អ្នកក្រោយក៏ត្រូវនោះទេ នាងត្រូវតែយកក្នុងត្រកូលដូចគ្នា។ ព្រឹកមិញ អញឃើញ អញឆ្គិញនឹងនាងណាស់ តែហាមាត់មិនរួម នាំតែខ្មាសគេ ព្រោះនេះជាទម្លាប់ដែលមានតាំងពីយូរយារ ណាស់មកហើយ។ បើនាងនៅតែមិនស្ដាប់ទេ អញនឹងដាក់នឹងក្នុងទ្រុងហើយវើយ។ ទុក្ខធំកើតមានឡើង តែយុវនារីមិនព្រមស្ដាប់ នៅតែលួចជួបគ្នា។ មែនហើយ គ្មានអ្វីដែលស្ងាត់ទេ គឺត្រូវតែចង្ហ។ នាងមិនព្រមស្ដាប់អញ អញនឹងដាក់នាងក្នុងទ្រុងហើយ។ ... ម៉េចហើយកូនប្រុស? ម្ដេចក៏មុខស្រពោនម្ល៉េះ? បាទពុក, ដូចដែលពុកដឹងហើយថាខ្ញុំនឹងនាងស្អាតស្រឡាញ់គ្នា តែឥឡូវពុកនាងបានឃុំនាងក្នុងផ្ទះមិនព្រមឱ្យចេញក្រៅទេ។ កុំគិតច្រើនកូនប្រុស រកវិធីដោះស្រាយទៅ នេះរឿងកូន កូនគួរតែដោះស្រាយខ្លួនឯងទៅ តែកុំឱ្យមានបញ្ហាដល់គេឯង។ បាទពុក។
បង! បង! បង! សូមកុំគិតថាអូនជាអ្នកក្បត់នឹងបងឡើយ តែគ្មានឱ្យកាសនឹងចេញ បើចេញទៅតើបងនឹងទទួលអូនទេ? នេះជាកង្វល់របស់អូន អូនអាចចេញទៅរកបងបាន តែបើអូនចេញទៅខ្លាចតែបងមិនព្រមទទួល ហើយថាកូនជាស្រីចិត្តស្រាលមិនព្រមគិតវែងខ្លី។ តែបើសិនជាបងមក ហើយនឹងចាំកិច្ចសន្យារវាងយើងទាំងពីរនៅក្រោមដើមស្វាយមុខអ្នកតាថ្មដុះនោះអូននឹងតាមបង។ ស្នេហ៌ហើយមិនបានទេ គឺនៅជាប់ជានិច្ច នេះកូនសង្ឃឹមអ៊ីចឹង ហើយក៏ជឿថាបងនឹងមករកអូនដែរ។ នាង! នាង! នាង! ឮបងហៅទេ? អ្នកទាំងពីរបានជួបគ្នា ហើយសាសងស្នេហ៍ស្អិតល្មួតនឹងគ្នាបែបកម្លោះក្រមុម កំឡុងពេលដែលពួកគេមានទំនាក់ទំនងដោយក្ដីនឹករឭកនឹងគ្នាបែបនោះ ស្រាប់តែពុកនាងនិងដៃជើងបានចូលមកដល់ ដោយអំណាចចិត្តក្ដៅផងនោះក៏ហូតដាប់កាប់សម្លាប់កម្លោះនោះក្ស័យទៅ។ ហើយអូសនាងស្រីទៅដោយឡែកដាក់ក្នុងទ្រុងទៅហោង។ នាងមិនព្រមរស់ក៏បង្អត់បាយខ្លួនស្លាប់តាមប្រុសកំពូលស្នេហ៍ ដោយបន្សល់នូវទុក្ខក្រំដល់ពុកអប្រិយកើតទុកបានកូនស្រីរហូតដល់អស់ជីវិត។
ញ៉.ផល្លី សុផេន
២៧ កក្កដា ២០២០


Comments
Post a Comment