ភ្លើងបីពណ៌

ភ្លើងបីពណ៌

ភ្លើងបីពណ៌ដែលយើងធ្លាប់ឃើញនៅតាមផ្លូវ គឺក្រហមឈប់ ខៀវ(បៃតង)ទៅ លឿងប្រុងប្រយត្ន។ អ្នកណាទៅដែលមិនដឹងអត្ថន័យនៃភ្លើងទាំងបីពណ៌នេះ គ្មានទេ តែមានអ្នកមិនធ្លាប់ធ្វើតាមអត្ថន័យដែលចេញដោយច្បាប់ គេចង់ធ្វើតាមអ្វីដែលជាទម្លាប់វិញ គឺទូលាយទៅ។


ខ្ញុំ អ្នក យើង បានដឹងទាំងអស់គ្នាហើយថា ការមិនគោរពច្បាប់នឹងក្លាយជាអ្នកដែលប្រព្រត្តិខុសច្បាប់ ហើយក៏អាចក្លាយជាប្រជាពលរដ្ឋមិនល្អផងដែរ ប៉ុន្តែហេតុអ្វីបានជា ខ្ញុំ អ្នក យើង មិនធ្វើតាម ឬក៏អ្នកអនុវត្តតាមអ្វីដេលមាននៅក្នុងច្បាប់ដែលមានជាធរមានទៅ។ ឬមួយក៏ច្បាប់មិនល្អ ឬមួយក៏ច្បាប់មិនបានផ្សព្វផ្សាយទូលំទូលាយ ឬមួយក៏មានអ្វីផ្សេងទៀតដែលខ្ញុំ អ្នក យើង មិនបានដឹង?

ទម្លាប់ ជាអ្វីដែល ខ្ញុំ អ្នក យើង បានស្គាល់ បានដឹង បានធ្វើតាម យ៉ាងពិតប្រាកដ ហើយក៏ខ្ញុំ អ្នក យើង ចូលចិត្តជាងគេផងដែរ។

បើជិះបញ្ច្រាសបន្តិចមិនជាអ្វីទេ ព្រោះវាចំណេញពេល បើសិនជាខ្ញុំ អ្នក យើង វាងទៅបត់នៅតាមផ្លូវដែលត្រូវតាមច្បាប់ចរាចរណ៍ វាឆ្ងាយពេកហើយចំពោះ ខ្ញុំ អ្នក យើង។ ខ្ញុំ អ្នក យើង មិនចូលចិត្តវាងឆ្ងាយដូច្នេះទេ ខ្ញុំ អ្នក យើង ចូលចិត្តផ្លូវកាត់ ទោះបីបញ្ច្រាសបន្តិចមែន ប៉ុន្តែ ខ្ញុំ អ្នក យើង មិនចូលចិត្តអ្នក គេ ដែលជិះបញ្ច្រាសផ្លូវ ពេលដែលខ្ញុំ អ្នក យើង នោះទេ ព្រោះជាហេតុដែលបណ្ដាលឲ្យខ្ញុំ អ្នក យើង ធ្វើដំណើរមិនល្អសោះ។ ខ្ញុំ អ្នក យើង ស្អប់អ្នក គេ ដែលជិះដូច្នេះណាស់។

ស៊ីប៉្លេដែលខ្ញុំ អ្នក យើងស្អប់ជាងគេនោះ គឺអ្នក គេដែលនៅក្រោយខ្ញុំ អ្នក យើង ចុចច្រើនដង កំឡុងពេលដែលភ្លើងពណ៌ក្រហម បើមិនជៀសទេ នោះច្បាស់ជាត្រូវមាត់គេហើយ។ ម៉ូតូគ្នាឯងមិនសូវជាខឹងប៉ុន្មានទេ ដ្បិតមិនសូវបានរៀនច្រើនដូចគ្នា ប៉ុន្តែអ្នកឡានរៀនច្រើន មានលុយ ហើយ ម្ដេចក៏នៅតែអីចឹងទៀត នេះបានចំថាមនុស្សមែន ហើយមនុស្សមានតម្លៃមិនមែនដោយសារតែលុយ រៀន ឯណា គឺធាតុខាងក្នុងដែលចេះក្រែងចិត្តគេ ដែលចេះយល់ពីគេ វិញទេតើដែលជាតម្លៃដែលតម្លៃនោះមិនមែនជាតម្លៃទំនិញដែលគេលក់ ដោះដូរដោយលុយ គឺលក់ ដោះដូរ ដោយការគោរព។

ដល់ភ្លើងខៀវហើយ ខ្ញុំ អ្នក យើង អាចទៅបានហើយ។ យី! ម៉េចក៏គេមិនឈប់? ម្ដេចក៏នៅតែរុលមកមុខទៀត ថាភ្លើងលឿងចុះមិនថាទេ តែនេះក្រហមហើយ នៅតែរុលមកទៀត។ យឹះ! ប្រឹងស៊ីប៉្លេទៅណា បើអ្នកភ្លើងក្រហមគេមិនឈប់ មានតែខ្ញុំ អ្នក យើង ឈប់ ដើម្បីឲ្យគេទៅអស់កន្ទុយសិន។ នុះ! ស្តុបលឿងហើយ មិនទាន់បានចេញដំណើរទៀត ក្រហមក៏ក្រហមទៅ ម៉ែអីខ្ញុំ អ្នក យើង ទេ ទៅសិនហើយ ទុកឲ្យអ្នកខាងនុះ គេឈប់ឲ្យខ្ញុំ អ្នក យើង ទៅវិញម្ដងទៅ កុំទៅខ្វល់។ ចប់បាត់! ទៅមុខក៏មិនរួម ទៅក្រោយក៏មិនរួម ដឹងពេលណាដោះរួចទេ។

គ្មានប៉ូលិសណាមកសម្រួលចរាចរណ៍ឲ្យសោះ បើស្ទាក់ចាប់យកលុយវិញ និយាយថាសម្បូរ រកតែគេចទៅណាមិនរួមពីក្រុមវាទេ ព័ទ្ធឯងជុំជិត ដកសោរឯងធ្វើព្រងើយ។

នុះ! ប៉ូលិសមកសម្រួលចរាចរណ៍ហើយតើ ម៉ែ! ដាក់បារាសចាប់អ្នកខុសទៀត ចប់ហើយខ្ញុំ អ្នក យើង គ្មានមួកផង គេចទៅណារួម បើចង្អៀតយ៉ាងនេះ។

ម៉ូតូខ្ញុំ អ្នក យើង ឡើងឡានប៉ូលិសហើយ ខ្ញុំ អ្នក យើង មានឱកាសនិយាយគ្នា ព្រោះខ្ញុំ អ្នក យើង មិនដែលស្គាល់ ហើយក៏មិនដែលនិយាយគ្នាដែរ។

ស្គាល់នារីម្នាក់ដែលស្អាត ហើយក៏បានហ្វេសប៊ុកដែរ។ អរគុណប៉ូលិស! អរគុណស្ទះផ្លូវ អរគុណច្រើន។

ញ៉.ផល្លី សុផេន
២៤ វិច្ឆិកា ២០១៩

Comments