នឹកតែមាត់

នឹកតែមាត់

ជាងដប់ឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាជឿនលឿនទៅមកលឿនរហ័សណាស់ រកតែតាមស្ទើរមិនទាន់ នេះមិនយាយពីប្រព័ន្ធបច្ចេកវិទ្យានៅស្រុកខ្មែរ ដោយមិននិយាយនៅស្រុកគេផ្សេង មានជប៉ុនជាដើមទេ។ បច្ចេកវិទ្យាបានជួយឲ្យមនុស្សបានយល់ដឹងពីអ្វីៗដែលមានថ្មីៗជុំវិញពិភពលោក បានជួយសន្សំសំចៃពេលវេលាមនុស្ស បានជួយបង្រៀនមនុស្ស បានផ្លាស់ប្ដូរគំនិត ស្មារតី ប្រាជ្ញា របស់មនុស្ស ប៉ុន្តែក៏បានបំផ្លាញភាពពិតជាក់ស្ដែងដែលមនុស្សពីមុនធ្លាប់មាន ធ្លាប់ធ្វើ កន្លងមកដែរ។

ជាឧទាហរណ៍តែមួយមកនិយាយចុះ ពេលដែលយើងផុស្តរូបថត​ឬសរសេរអ្វីមួយ គេតែងខោម្មេន្តថា ស្អាត ត្រូវណាស់បង ជាដើម ប៉ុន្តេ ពេលដែលជួបគ្នា ស្ទើរតែមិនបានប៉ុន្មានម៉ាត់ផងក៏ទាញទូរសព្ទមកចុច បើមានឃើញអ្វីដែលគេផុស្តថ្មី ប្លែក ក្នុងហ្វេសប៊ុកក៏ចាប់ផ្ដើមបង្ហាញឲ្យមិត្រដែលនៅជិតបានឃើញ ឬបានសើច អារម្មណ៍នៅនឹងទូរសព្ទ មិននៅនឹងមិត្រភក្តិទេ។ បាយ បាយ (Bye bye) ជាពាក្យដែលគេបានប្រើ ហើយជាពាក្យដែលយើងឮពេលដែលគេលាគ្នាទៅផ្ទះរៀងៗខ្លួន។ បន្ទាប់មក គេក៏ផុស្តរូបដែលបានជួបគ្នា ហើយតបខោម្មេន្តពីអ្នកដែលជួបនោះ ឬក៏មិត្រតាមហ្វេសប៊ុកផ្សេងទៀត។ ក្នុងខោម្មេន្តនោះ គេឃើញមានមនុស្សជាច្រើនអ្នកបានសរសេរថា ស្ដាយណាស់ដែលមិនបានទៅ មិនហៅគ្នាផងទេ នឹកណាស់ នឹកកាលនៅរៀនណាស់ ពេលណាជួបគ្នាទៀត ចង់ជួបមិត្រភក្តិទាំងអស់គ្នា នឹកពេលវេលាល្អៗជាមួយគ្នា ពិបាករកពេលជួបគ្នាណាស់ មិនដែលជួបគ្នាសោះឥឡូវ ជាដើម។

មានមនុស្សម្នាក់ក៏ចាប់ផ្ដើមបង្កើតគម្រោងដើម្បីជួបគ្នា មានមនុស្សជាច្រើនដែលសរសេរថា នឹងទៅចូលរួម។ ល្អណាស់ មានមនុស្សច្រើនហើយ គេក៏ដាក់ពេលដើម្បីជួបគ្នា។

ម៉ោងប្រាំពីរហើយ ម៉េចក៏មិនឃើញមនុស្សមកទៀត មានតែបីបួននាក់យើងអីចឹង? ណាត់គ្នាថាម៉ោងប្រាំមួយ ហើយឥឡូវម៉ោងប្រាំពីរហើយនៅមិនឃើញមកទៀត​ មើលទៅបែបមានតែបីបួននាក់យើងដែលតែងតែជួបគ្នាឡើងជ្រេញនឹងទេមើលទៅ។ កុំឲ្យខាត ថតពីរបីប៉ុស្តិ៍បង្ហោះលេងទៅ ហើយបែកគ្នាទៅផ្ទះឬក៏ទៅស៊ីអីក៏បាន។

ទិដ្ឋភាពខាងលើគ្រាន់តែជាផ្នែកមួយដែលយើងចង់បង្ហាញលោកអ្នកអាន នៅមានស្ថានភាពជាច្រើនផ្សេងទៀតដែលមិនគួរឲ្យជឿ ស្ទើរតែរកជឿមិនបានក៏សឹងមាន ដូចស្រឡាញ់គ្នាតាមហ្វេសប៊ុក ដល់ជួបគ្នាមិនដូចនៅហ្វេសប៊ុកក៏បែកគ្នា។

បច្ចេកវិទ្យាពិតជាបានផ្ដាច់ទំនាកទំនងដែលជាសកម្មភាពរបស់មនុស្ស ហើយភ្ជាប់វិញដោយមាត់ ដោយគ្រាន់តែមានក្នុងការសរសេរមើលបណ្ដាញសង្គមប៉ុណ្ណោះ។ ស្ដាយណាស់ដែលយើង គ្រួសារយើង សហគមន៍យើង ប្រទេសយើង ពិភពលោកយើង មានអ្នកដែលជាទសករនៃបណ្ដាញសង្គមជាច្រើន ហើយជាប្រព័ន្ធ រកតែរើបម្រាស់មិនបាន ខ្លះទៀតភ្លេចខ្លួនឯងថា ជាទាសករនៃបច្ចេកវិទ្យាទៅទៀត។

ដូចតាងុយថាមិនខុសមែន``សប្បាយភ្នែក តែចិត្តរងកម្ម`` គឺផ្នែកខាងក្រៅល្អមើលណាស់ សម្ដីដែលសរសេរនៅបណ្ដាញសង្គមផ្អែមណាស់ គួរឲ្យចង់ស្ដាប់ណាស់ តែធាតុពិតមិនដូច្នេះទេ អផ្សុក គឺអផ្សុកយកតែមែនទែនតែម្ដង។

ញ៉.ផល្លី សុផេន
២៧ វិច្ឆិកា ២០១៩

Comments