សម្រែកចៃដន្យ
សម្រែកចៃដន្យ
នារល្ងាចមួយខ្ញុំបានជួបនឹងរឿងដូចគួរឱ្យសង្វេគ ហើយរឿងសង្វេគនេះ គឺជាការណ៍ពិតដែលខ្ញុំបានជួប បានឃើញ បានចូលរួមរំលែកទុក្ខផងដែរ។ រឿងនេះកើតឡើងនៅបរិវេណពេទ្យរុស្ស៊ី កំឡុងពេលដែលខ្ញុំដើរកាត់ សម្រែកមួយបានលាន់ឮឡើងយ៉ាងខ្លាំងមួយវ៉ាសធំ បន្ទាប់មកដូរមកជាសំឡេងខ្សឹបខ្សួរទៅវិញ ខ្ញុំចង់ដើរគេចពីអ្វីដែលមនុស្សយល់ថាជាអព្ភមង្គល មិនគួរដើរចូលឡើយ ប៉ុន្តែខ្ញុំគ្មានផ្លូវណាគេចបានឡើង បើសិនជាមានផ្លុវគេចក៏ខ្ញុំមិនគេចដែរ ព្រោះខ្ញុំជាមនុស្សដែលចង់ដឹង ចង់ឮ។ ពេលដែលខ្ញុំចូលទៅជិត ទើបខ្ញុំដឹងការណ៍ពិត។ កូន... កូន... កូន... ចាំតែបន្តិចបានចូលដល់សង្គ្រោះបន្ទាន់ហើយ ម៉េចក៏កូនមិនចាំ ព្រមគ្នានឹងសំឡេងកូនៗ ក៏មានដែរសំឡេងក្មួយ... ក្មួយ... ក្មួយ... ចៅ... ចៅ... ចៅ... និងសំឡេងផ្សេងៗទៀតដែលត្រូវជាខ្សែស្រឡាយនឹងសពកុមារាម្នាក់ ខ្ញុំមិនបានឃើញមុខគេទេ ព្រោះក្រណាត់សបានគ្របបិទបាំងទៅហើយ។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺជីតាម្នាក់មិនយំសោះ តែបានបន្លឺសំឡេងដែលគួរឱ្យសង្វេគ គឺសង្វេគក្នុងចិត្តដែលមិនអាចបញ្ចេញមកក្រៅបាន តោះ! ចៅប្រុស យើងទៅផ្ទះយើងវិញ ទៅផ្ទះយើងវិញ កុំនៅហ្នឹងអី? ទៅផ្ទះយើងវិញ ម៉ោះចៅ តានាំចៅទៅវិញ។ សំឡេងដែលតាបានបន្លឺនេះហើយដែលធ្វើឱ្យខ្ញុំសង្វេគ ស្ទើរតែទប់ចិត្តមិនបាន។ នៅតែទប់ចិត្តមិនបាន ខ្ញុំក៏សួរដំណើរដើមទងពីការស្លាប់របស់កុមារាម្នាក់នេះ។ ការរៀបរាប់មួយក៏បានកើតឡើង តែការរៀបរាបនោះប្រកបដោយភាពក្ដុកក្ដួល គឺស្ទើរតែនិយាយមិនចេញព្រោះដើមទ្រូងពោរពេញទៅដោយអ្វីដែលរកពាក្យវាចាមិនបាន គឺភាសាមនុស្សយើងក្រ គឺក្ររកពាក្យមួយម៉ាត់ទៅដាក់ថាយ៉ាងម៉េចឱ្យត្រូវ បើអ្នកមិនបាននៅក្នុងស្ថានភាពនោះមិនដឹងទាល់តែសោះ ទោះបីជាខ្ញុំនិយាយយ៉ាងណាក៏មិនអាចនឹងពន្យល់អ្នកឱ្យភ្លក្សអារម្មណ៍មួយនោះបានដែរ សូម្បីតែខ្ញុំដែលនៅនឹងស្ថានការណ៍នោះហើយក៏មិនបានភ្លក្សរសជាតិអារម្មណ៍នោះបានដែរ ព្រោះមិនមែនជាញាតិ ត្បិតតែសង្វេគ តែមិនដល់ចំណុចដូចពួកគាត់ទេ។
យើងក៏មិនដឹងថាចៅហ្នឹងវាឈឺអ្វីដែរ គ្រាន់តែវាក្ដៅខ្លាំង ហើយត្រជាក់វិញ ហើយក្ដៅម្ដងទៀត ពេលទៅពេទ្យ ពេទ្យគេឱ្យទៅខេត្ត ខេត្តណាមិនបានទេ ត្រូវមកភ្នំពេញតែម្ដង តាក៏មកដែរ តែពេលមកដល់ក្រុងស្ទះពេក ចៅចេះតែបញ្ឈរភ្នែកសពីរបីដង គ្រាន់តែចូលដល់ពេទ្យភ្លាមតាខំតែអ ថាដល់ហើយ ចូលសង្គ្រោះបន្ទាន់បាន មានអ្វីឈប់តែឡាន ....យកដល់មាត់ជណ្ដើរ.... ស្ងាត់ឈឹង។ ការនិទានរបស់តាមិនអាចទៅរួចទៀតទេ ខ្ញុំក៏ចូលរួមរំលែកទុក្ខ ហើយឡានដឹងសពក៏ត្រូវចេញទៅកំពង់ធំវិញដែរ។ ខ្ញុំក៏ចេញទៅយកម៉ូតូមកផ្ទះវិញ។ តែអារម្មណ៍ខ្ញុំមិនភ្លេចទេ មិនភ្លេចព្រោះតែសង្វេគ ឃើញនឹងភ្នែកស្រស់បែបនេះ ហើយខ្ញុំចេះតែគិតថា ម្ដេចក៏អីចឹង គ្រាន់តែមួយនាទីសោះក៏មិនអាចចាំបាន បើសិនជាមួយឬពីរនាទីទៀតប្រហែលជាអាចនឹងសង្គ្រោះជីវិតបាន ហើយរឿងព្រាត់ប្រាសបែបនេះក៏មិនកើតមានដែរ ទោះបីជាត្រូវលក់ស្រែក៏លក់ចុះ ឱ្យតែនៅជុំកូនចៅ។
គំនិតមួយបានកើតឡើងនឹងក្បាលរបស់ខ្ញុំ តើមានតែមនុស្សដែលរស់នៅជិក្រុងភ្នំពេញទេឬដែលមានសំណាងនឹងសង្គ្រោះដូចករណីក្មេងខាងលើ បើសិនជាក្មេងនៅនៅខេត្តកណ្ដាល ម្ល៉េះគេមិនបែបនេះទេ។
អ្នកដឹកនាំមិនយកចិត្តទុកដាក់លើទឹកភ្លើងក៏មិនអ្វីដែរ តែបើពេទ្យគួរតែយកចិត្តទុកដាក់។ សាកស្រមៃមើល! បើសិនជាមានពេទ្យកម្រិតកាល់ម៉ែតឬកុមារជាតិ(ទាំងពេទ្យ ទាំងឧបករណ៍)នៅតាមម្ដុំខេត្តដែលឆ្ងាយពីទីក្រុងភ្នំពេញមួយដូចភ្នំពេញដែរយ៉ាងម៉េចទៅវិញ ម្ដេចក៏តុលាការសំខាន់ជាងមន្ទីរពេទ្យ ម្ដេចក៏ជម្លោះសំខាន់ជាងជីវិតមនុស្ស?
ឡានពេទ្យដឹងកុមារនោះទៅវិញហើយ គឺទៅមកចំណាយលុយដោយគ្មានលទ្ធផល នេះមិនថាទេលុយ តែទឹកចិត្ត តែក្ដីស្រឡាញ់ តែការបារម្ភតាមផ្លុវ យកមកវិញម្ដេចនឹងបានដូចលុយ។
ញ៉.ផល្លី សុផេន
០៨ មករា ២០២០
អ្នកដឹកនាំមិនយកចិត្តទុកដាក់លើទឹកភ្លើងក៏មិនអ្វីដែរ តែបើពេទ្យគួរតែយកចិត្តទុកដាក់។ សាកស្រមៃមើល! បើសិនជាមានពេទ្យកម្រិតកាល់ម៉ែតឬកុមារជាតិ(ទាំងពេទ្យ ទាំងឧបករណ៍)នៅតាមម្ដុំខេត្តដែលឆ្ងាយពីទីក្រុងភ្នំពេញមួយដូចភ្នំពេញដែរយ៉ាងម៉េចទៅវិញ ម្ដេចក៏តុលាការសំខាន់ជាងមន្ទីរពេទ្យ ម្ដេចក៏ជម្លោះសំខាន់ជាងជីវិតមនុស្ស?
ឡានពេទ្យដឹងកុមារនោះទៅវិញហើយ គឺទៅមកចំណាយលុយដោយគ្មានលទ្ធផល នេះមិនថាទេលុយ តែទឹកចិត្ត តែក្ដីស្រឡាញ់ តែការបារម្ភតាមផ្លុវ យកមកវិញម្ដេចនឹងបានដូចលុយ។
ញ៉.ផល្លី សុផេន
០៨ មករា ២០២០


Comments
Post a Comment