ព្រោះតែណូអែល
ព្រោះតែណូអែល

មុនថ្ងៃ២៥ ខែ១២ មួយថ្ងៃឬពីរថ្ងៃ យុវជនសម័យថ្មីមានចិត្តរំភើបនឹងារមកដល់នៃបុណ្យណូអែល។ តាមហាង តាមផ្សារ តាមផ្លូវ ជាដើម គេបានតុបតែងលម្អដោយដាក់តាំងដើមគ្រិស្មក្ស ភ្លើងប្រដេញផ្លេកភ្លែតៗ មើលទៅគួរឲ្យមានសេចក្ដីត្រេកត្រអាលណាស់។ យុវជននាំគ្នាទិញកាដូក្ស៍ឲ្យគ្នា អ្នកខ្លះបានកាដូមួយ អ្នកខ្លះបានការដូក្ស៍ពីរបី អាស្រ័យលើសម្រស់ បើស្រីៗ។
ភាពរីករាយបែបនេះ មានអ្នកខ្លះជាយុវជនក៏មានដែរ មិនពេញចិត្តនឹងទង្វើទាំងនេះទេ ដោយគេចោទថា ជាវប្បធម៌បរទេស អ្នកខ្លះក៏ថា ខ្លួនព្រះពុទ្ធទេ តែនាំគ្នាអបអរនឹងកំណើតព្រះយេស៊ូវទៅវិញ។ នេះគេហៅថាការរីករាយទាំងងងើល មិនដឹងអ្វី។ មិនទាំងអស់ទេ ក៏មានចាស់ខ្លះចូលចិត្តភាពសប្បាយរីករាយបែបនេះដែរ អ្នកណាទៅដែលថាមិនចូលចិត្តសប្បាយនោះ គ្រាន់តែមានវប្បធម៌មកគ្របសង្កត់ទេតើ។
បុណ្យគេ ឯងស្គាល់ បុណ្យឯង ឯងមិនខ្វល់ នរណាទៅដែលចង់ទៅអង្គុយបត់ជើងសំពះនាំតែចុកដៃរួយជើង អផ្សុករកតែនេះនិយាយគ្នាក៏មិនបាន គេថាឯងមិនចេះលំឱនកាយវាចាចិត្ត ណាហើយចុះ គេចៗទៅ បើអាចគេចបាន។
ម៉េចបងឯងមិនទិញកាដូឲ្យអូន ដឹងថាង៉ៃហ្នឹងង៉ៃអីអត់? ដឹងតើ! ថ្ងៃពុធ។ ម៉េចវិញ? មិនទាន់ខួបកំណើតអូនឯងណា។
មកធ្វើពើទៀត ដឹងហើយ ពេលជិះមកតាមផ្លូវ មិនឃើញអ្វីប្លែកទេអ្ហី?
ដូចជាមិនឃើញស្អីផង។ ឃើញតែក្មេងៗព្រើលមួយចំនួនដែលច្រួលច្រាលនាំគ្នាប្រារព្ធពិធីណូអែល ហើយនាំគ្នាទៅផ្ទះអ៊ំដេកលេង។
បងឯងចង់ថា អូនជាក្មេងព្រើលដែរមែន? ម៉េចមិនថាចំៗតែម្ដងទៅ ចាំបាច់ទៅប្រៀបធៀបនឹងក្មេងដែលមិនល្អ បបួលគ្នាទៅដេកឱបគ្នាទៅវិញ?
ដូចជាគ្មានបានថាឲ្យសោះ ម៉េចក៏មកថាអីចឹងទៅវិញ? អត់យល់អូនឯងទេឥឡូវហ្នឹង។
អូនវិញទេ ដែលមិនយល់ពីបង ព្រោះបងបានប្រែអស់ហើយ មិនត្រឹមតែប្រែទេ គឺក្រឡាប់តែម្ដង។ មុននឹងការ បងបានធ្វើអ្វីខ្លះ? ទើបការបងបានធ្វើអ្វីខ្លះ? ហើយឥឡូវ បងបានធ្វើអ្វីខ្លះ? ដូចគ្នាឬខុសគ្នា សាកគិតមើលមើល៍។
អូនសាកគិតមើលមើល៍ យើងមានតម្រូវការអ្វីខ្លះពីមុន ទើបការហើយ ហើយឥឡូវ ដូចគ្នាឬខុសគ្នា ឆ្លើយសំណួរអូននៅ?
បងឯងហ៊ានថា អីចឹងផងអ្ហី?
បងថាលេងទេ... តោះ! ទៅដើរលេងក៏បាន ហើយទៅទិញតុក្កតាមួយដែលអូនចូលចិត្ត។
ឈប់ចង់ទៅហើយ។
ម៉េចអីចឹង?
កុំនិយាយទៀត។
ក្រោយពី ប្រពន្ធងង៉ក់ដាក់ ហើយមិននិយាយដាក់ទៀតនោះ បុរសជាប្ដីមិនដឹងធ្វើអ្វីក៏ឈប់មាត់ ហើយក៏ទាញទូរសព្ទមកមើល។ ចំណែកប្រពន្ធវិញ ក៏ទាញទូរសព្ទមកមើល និយាយអ្វីក៏មិននិយាយ សូម្បីតែដាំបាយក៏មិនដាំផង។
ប្រពន្ធអូសចុះអូសឡើង ឃើញគេថតផ្អែមល្ហែមដោយទទួលកាដូពីប្ដី ពីសង្សារ ជាដើម ក៏កើតចិត្តក្ដៅកាន់តែខ្លាំង ដោយគិតថា ប្ដីខ្លួនមិនល្អដូចប្ដីគេ។
ប៉ុន្តែ ភ្លេចគិតថា ប្ដីចំណាយពេលជាច្រើន ដើម្បីនៅជាមួយ មិនកាន់ទូរសព្ទពេលនៅជាមួយគ្នា ពេលមានលុយបបួលទៅញ៉ាំអីនិយាយគ្នាលេង។ ហើយក៏ភ្លេចគិតថា ប្ដីដែលជូនកាដូពេលបុណ្យនៃបរទេស ដើរចោល នៅជិតគ្នានិយាយតែពីទូរសព្ទទេ។
រំលងបានប៉ុន្មានថ្ងៃ ដែលជាថ្ងៃចូលឆ្នាំសាកល ប្ដីបានទិញកាដូ និងជូនទៅខោនដោនជាមួយគ្នា ថតរូបជាមួយគ្នា នៅណាហ្គា មាត់ទន្លេ កោះពេជ្រ ជាដើម។
បង! ជាងបីខែហើយ អូននឹងបងមិនដែលបានដើរលេងជាមួយគ្នាញឹកញាប់ដូចពេលមុនសោះ តាំងពីចូលឆ្នាំសាកលមក។ ល្ងាចនេះ យើងទៅញ៉ាំអីជាមួយគ្នាអ្ហី?
បងរវល់ហើយ បងណាត់នឹងគេរួចទៅហើយ ចាំពេលក្រោយទៅ។
មិនអីទេ អីចឹង។
មួយឆ្នាំនេះ ខ្ញុំបានទទួលកាដូក្ស៍ បានរបស់ដែលថ្លៃ បានថតរូបស្វ៊ីតៗជាមួយប្ដី ប៉ុន្តែមិនបាននិយាយគ្នាលេង មិនមានពេលច្រើនដូចពេលមុនសោះ។ បើនិយាយឲ្យចំ គឺនៅជាមួយទូរសព្ទ នៅជាមួយតុក្កតា នៅជាមួយនាឡិកា នៅជាមួយចិញ្ចៀន នៅជាមួយអ្វីៗដែលប្ដីទិញឲ្យក្នុងមួយឆ្នាំនេះ ប៉ុន្តែ មិនបាននៅជាមួយប្ដីទៅវិញ។ តើរបស់នេះឬជាអ្វីដែលខ្ញុំចង់បាន? តើរបស់នេះឬដែលជាសុភមង្គលរបស់ខ្ញុំ? តើភាពផ្អែមល្អែមតាមហ្វេសប៊ុកនិងតាមភាពពិត មួយណាល្អជាង?
បើអាចខ្ញុំចង់បានទាំងពីរ ប៉ុន្តែបើ់មានជំរើសយកមួយខ្ញុំចង់យកដូចពេលដែលមុនបុណ្យណូអែល។
ឈប់រវល់នឹងការងារទៀតទៅប្ដី ឈប់រកលុយដើម្បីទិញរបស់ថ្ងៃៗឲ្យអូនទៀតទៅ សូមជូនពេលមកឲ្យអូនវិញ ព្រោះអូនចង់បានពេលជាងកាដូក្ស៍។
ការណ៍ពិត ការពិតជាក់ស្ដែងមិនដូចគ្នាទេ។
ញ៉.ផល្លី សុផេន
២០ វិច្ឆិកា ២០១៩

Comments
Post a Comment