ព្រោះតែចង់នៅក្បែរ!
ព្រោះតែចង់នៅក្បែរ!
នៅនឹងតារាងបាល់ទាត់ នាពេលល្ងាចមួយ យុវជនមួយក្រុមបានណាត់គ្នាលេងបាល់ទាត់ជាការកម្សាន្តផង ជាការហាត់ប្រាណដើម្បីសុខភាពផង។ ក្រោយពីពួកគេលេងចប់ ជាធម្មតា ពួកគេទៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែ ថ្ងៃនេះយុវជនម្នាក់ដែលជាអ្នកខេត្ត ហើយចូលចិត្តលេងបាល់ទាត់ដែរនោះ មិនបានចេញទៅផ្ទះភ្លាមទេ ដោយគេឆ្លៀតពេលនាំសង្សារដែលគេស្គាល់គ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកជាងប្រាំខែហើយនោះដើរលេងកម្សាន្តតាមមាត់ទន្លេនាត្រើយម្ខាង ទៅចាក់ខ្ចៅនិងញ៉ាំបាញ់ឆេវ។ ពួកគេរីករាយ ស្រឡាញ់គ្នា បើមើលតាមទំនាក់ទំនងគេទាំងពីរមិនមែនត្រឹមតែជាសង្សារ ហើយមិនភ្ជាប់គ្នាជាប្ដីប្រពន្ធទេ ពិសេសខាងស្រី ចង់បានយុវនិស្សិតបរិញ្ញាបត្រជិតចប់ឆ្នាំទី៤ហើយនោះណាស់។ ចំណែកយុវនិស្សិតនោះក៏មានចិត្តខ្លាំងណាស់ដែរ តែប្រហែលជាគ្មានលុយ ហើយលុយនេះហើយជាឧបសគ្គមង្គលការរបស់ពួកគេ។
ហេ! ពួកម៉ាក ទៅណា? មិនដែលឃើញទៅលេងបាល់នឹងគេសោះ? ចង់សាកជើងនឹងខ្សែប្រយុទ្ធណាស់។ នេះសង្សារខ្ញុំ។ (យុវនិស្សិតនិយាយ)។
កំឡុងពេលដែលគេទាំងពីរនាក់សន្ទនាគ្នានោះ ទឹកមុខខាងស្រីហាប់បីដូចជាស្លេកស្លាំង ដូចជាអៀនយ៉ាងម៉េចមិនដឹងទេ មិនទាំងហ៊ានមើលមុខដៃគូលេងបាល់នឹងសង្សារខ្លួនទៀតផង។
មើលឃើញដូចនេះ អ្នកដំណើរដែលមករំខានគូសង្សារទាំងពីរក៏លាចេញទៅ។
ដូចរាល់ដងឱ្យតែជួបនឹងម្នាក់នោះ នាងតែងតែខ្មូរមុខជានិច្ច ដែលជាហេតុធ្វើឱ្យបុរសសង្សារងឿងឆ្ងល់យ៉ាងខ្លាំង ប៉ុន្តែមិនហ៊ានសួរខ្លាចសង្សារអន់ចិត្ត ក៏ចេះតែទុកក្នុងចិត្តតែម្នាក់ឯងទៅ។
ម៉េចស្គាល់គាត់យូរហើយ។ នាងឆ្លើយនឹងបុរសដែលនាងធ្លាប់តែខ្មូរមុខដាក់នោះថា៖ ចាស៎! ការសន្ទនាចេះតែបន្ត។ ក្នុងបទសន្ទនានោះ បុរសដ៏រំខាននោះបាននិយាយជាច្រើន ដើម្បីឱ្យនាងយល់ ហើយព្រមទៅដេកនឹងគេ ដើម្បីជាថ្នូរមិនប្រាប់អាថ៌កំបាំងរបស់នាង ហើយនាងក៏យល់ព្រម។ មែនហើយស្នេហ៍ជាស្បៃដ៏ខ្មៅងងឹតមួយដែលមិនអាចឱ្យមនុស្សណាម្នាក់គិតមើលអ្វីមួយធ្លុះបានឡើយ ពោលគឺបានត្រឹមតែរាវនឹងដៃជើងប៉ុណ្ណោះ បើមានសំណាងនោះក៏រកផ្លូវឃើញទៅ បើមិនមានសំណាងទេក៏ចេះតែនៅជាប់គាំង ភ័យស្លុតចិត្តបន្តទៀតទៅ ដូចជានារីម្នាក់នោះអីចឹង ដើម្បីតែបម្រើអារម្មណ៍ស្នេហ៍របស់ខ្លួនសុខចិត្តលះបង់ខ្លួនប្រាណដើម្បីទិញមកវិញនៅអំបោះ ម្ជុល ដេរមាត់បុរសម្នាក់ដែលដឹងរឿងនាងយ៉ាងស៊ីជម្រៅ។ នាងតែងតែទៅដេកនឹងបុរសនោះ រាល់ពេលដែលបុរសនោះចង់ ទោះបីជានាងមិនចង់ក៏ដោយ ក៏ត្រូវតែទៅដែរ បើមិនធ្វើតាមទេ នោះថ្នេរអំបោះនឹងដាច់ភ្លាម។
អូន! បងមើលទៅអូនដូចជាមិនសប្បាយចិត្តមានរឿងអ្វីមែន? ឬមួយក៏ខឹងនឹងបង? ប្រាប់មក។ សម្ដីសង្សារមួយម៉ាត់ៗបានចាក់ដោតនឹងទ្រូងនាងស្ទើរទ្រាំមិនបាន ចង់ហាមាត់ប្រាប់រឿងពិត តែខ្លាចមិនបាននៅក្បែរសង្សារដ៏គួរឱ្យស្នេហា ចង់បិទមាត់ខ្លួនឯង តែបិទមាត់គេមិនបាន។ ខ្ញុំសូមសរសើរនាង ដែលនាងមានចិត្តក្លាហាន និងធ្វើចិត្តបាន ក្នុងការលាក់ទុកនូវទុក្ខកង្វល់ដ៏ធំមហស្ចារ្យនោះបាន ជាស្រីម្នាក់ដែលមិនបានរៀនជ្រោជ្រះ តែអាចអារកាត់សម្រេចចិត្តខ្លួនឯងភឹងៗមិនតក់ស្លុត តែនាងប្រហែលជាស្ដាយក្រោយហើយមើលទៅ ចំពោះថ្នូរដែលនាងទិញទឹកចិត្តបុរសចង់ម្នាក់នោះ។ អារម្មណ៍ថាមិនប្រាប់ បានយកឈ្នះអារម្មណ៍ថាប្រាប់ ដូច្នេះនាងក៏ឆ្លើយបំបែររឿងទៅឯណាណោះវិញ ដើម្បីបន្លំការឈឺចាប់។
ជាងមួយឆ្នាំហើយដែលពួកគេបាននៅនឹងគ្នា ស្រឡាញ់គ្នា ថែមទាំងធ្លាប់ចូលផ្ទះសំណាក់នឹងគ្នានា១៤កុម្ភៈទៀតផង។ ចំពោះយុវនិស្សិតមិនមានបទពិសោធន៍នឹងរឿងរាត្រីស្ថានសួគ៌មិនយល់ពីភាពបរិសុទ្ធមិនបរិសុទ្ធអ្វីទេ ហើយយប់១៤កុម្ភៈនោះ យុវនិស្សិតនោះចាញ់បោកថ្នាំបន្តឹងដែលដៃគូបានប្រើ។ ល្អណាស់! ចំពោះដំណោះស្រាយដ៏ល្អនិងដ៏ប៉ិនប្រសព្វរបស់នាង។ ចំពោះខ្ញុំសូមសរសើរដោយស្មោះអស់ពីចិត្តតែម្ដង ប៉ុន្តែមិត្រអ្នកអានឬស្ដាប់ប្រហែលជាមិនគិតដូចខ្ញុំទេ ព្រោះខុសនឹងប្រពៃណីខ្មែរ។
អារម្មណ៍ដែលអតីតយុវនិស្សិតទើបនឹងទទួលសញ្ញាបត្រថ្ងៃនេះ នៅតែសម្ងំនឹងទ្រូងគេជានិច្ច ក្រោយពីកម្មវិធីទទួលសញ្ញាបត្រពីនាយករដ្ឋមន្ត្រីនៅកោះពេជ្រហើយ គេមានកម្មវិធីនឹងគ្រួសារ ហើយបន្តតែពីរនាក់សង្សារនាពេលយប់។ ប្រហែលជាកម្មមានមែនហើយមើលទៅ បានជាថ្ងៃល្អដូច្នេះ បែរជាល្អក់កករនឹងគ្នាទៅវិញ។ បើថាការសិក្សាយកលុយពីសង្សារវិញ នោះយើងយល់ថាបោកស៊ីដល់ត្រើយសើយគូទ ប៉ុន្តែនោះមិនមែនទេ គេរកលុយរៀនដោយខ្លួនឯង សូម្បីតែលុយអ្នកផ្ទះក៏គេមិនយកដែរ គឺរកការងារធ្វើដោយខ្លួនឯងផ្ទាល់តែម្ដង។
អូន! បងចង់សួរអូនមួយ សូមអូនឆ្លើយតាមត្រង់នឹងបងមក បងបានដឹងអស់ហើយរឿងរបស់អូនពីដៃគូលេងបាល់ទាត់នឹងបងដែលអូនធ្លាប់តែខ្មូរមុខដាក់នោះ តែបងចង់បានចម្លើយពីមាត់អូន។ បុរសនោះធ្វើមុខរាងមាំ។ នាងគ្រាន់តែឮដូច្នេះ ទឹកភ្នែកមិនដឹងជាមកពីណាទេ។ ហើយការស្លុតចិត្តនោះក៏ជាហេតុបិទភាពឆ្លាតវៃរបស់នាងដែរ គឺនាងឆ្លើយត្រង់ភ្លាមៗតែម្ដង។ ចម្លើយរបស់នាង បានធ្វើឱ្យបុរសជាសង្សារមិនដឹងសោះនោះ គឺគ្រាន់តែឆលេងបែរជាងមែនទែន។ ហើយចម្លើយនោះមិនមែនជាចម្លើយដែលអាចទទួលយកបានភ្លាមៗឯណា គឺដុំភ្លើងមួយដុំដ៏ក្ដៅ។
ហេតុអ្វីក៏អូនធ្វើដូច្នេះ? សំណួរហួសចិត្ត។
រឿងនិទានពិតមួយដែលជារឿងសង្សាររបស់ខ្លួនបាននិទានឱ្យសង្សារជាទីស្រឡាញ់ស្ដាប់។ គឺអូនមិនមែនជានារីដែលបរិសុទ្ធទេ គឺជាស្រីការ៉ាអូកេ ហើយត្រូវរកលុយផ្ដល់ទៅផ្ទះ ដល់ពេលគ្រួសាររាងធូបបន្តិច អូនក៏ឈប់ ហើយធ្វើការងារជាកម្មកររោងចក្រវិញ។ ប៉ុន្តែកំឡុងពេលដែរអូនធ្វើនៅហាងនារាត្រីនោះ អូនបានលង់ខ្លួននឹងតណ្ហាកាមទេព មូលហេតុចម្បងគឺលុយ លុយ។ ដល់ពេលអូនមកធ្វើនៅរោងចក្របានជួបនឹងបង អូនស្រឡាញ់បង ចង់នៅនឹងបង ចង់រៀបការនឹងបង ហើយអូនចង់លាក់បាំងរឿងនេះនឹងបងរហូត ប៉ុន្តែមិននឹកស្មានថាអ្នកដែលបងស្គាល់នោះជាមនុស្សដែលអូនធ្លាប់គេងជាមួយដើម្បីយកលុយទៅផ្ទះ ដល់ពេលគេឃើញអូននៅនឹងបង គេគម្រាមអូនឱ្យអូនដេកនឹងគេហ្វ្រ៊ីៗមិនអស់លុយ មួយខែពីរដង ដើម្បីជាថ្នូរនឹងបិទមាត់គេ។ ទង្វើនេះមានជារៀងរហូតមក។ ឥឡូវ បងដឹងហើយ អូនក៏មិនបាច់និយាយអ្វីទៀតដែរ។ អូនសុំទោស! អូនធ្វើនេះគ្រាន់តែចង់រស់នៅក្បែរបងប៉ុណ្ណោះ។ អូនដឹងថាបងមិនអាចទទួលបានទេបើបងដឹង ដូចជាឥឡូវនេះដែរ អូនមិនឃាត់បង អូនមិនខឹងនឹងបង អូនមិនថា មិនបន្ទោសបងទេ។ យើងបែកគ្នាទៅ។ សូមបងបានសុខ! ជួបនារីដែលល្អ នៅមានព្រហ្មចារី។
ទៅណា? អូនទៅណា?
នាងដើរចេញពីបុរសជាសង្សារទាំងក្រៀមក្រំ។ ចំណែកបុរសបានត្រឹមតែស្រែកសួរណា៖ ទៅណា? អូនទៅណា? ដោយមិនដឹងជាធ្វើអ្វីផ្សេងទៀត។
ម្នាក់សុខចិត្តដើរចេញ។ ម្នាក់មិនទាន់ត្រៀមចិត្តនឹងទទួលបាន។ តើអនាគតគេនឹងសម្រេចចិត្តយ៉ាងម៉េចទៅ។
តើនាងអាចនឹងគិតខ្លីទេ? តែបុរសនោះអាចនឹងធ្មេញភ្នែកយកទេ?
ចម្លើយជាអ្វី?
ញ៉.ផល្លី សុផេន
០៥ ធ្នូ ២០២០

Comments
Post a Comment