ភ្លេងបាយខុនចងដៃ

ភ្លេងបាយខុនចងដៃ

ក្រោយពីចេញវស្សាហើយ សំឡេងភ្លេងការចាប់ផ្ដើមបន្លឺឡើងវិញភ្លាមបន្ទាប់ពីបានសម្រាកមួយត្រីមាស ភ្លេងការដែលឮលាន់ជាងគេ គឺខែបី ខែបួន រហូតដល់មានអ្នកខ្លះថា ភ្លេងការប្រហារប្រាក់ខែ ឬធៀបការប្រហារប្រាក់ខែ។ ការរអ៊ូរទាំតែងកើតមានពីសំណាក់អ្នកទទួលធៀបការ។ នេះជាផលលំបាកនៃអ្នកចូលរួម ប៉ុន្តែចំពោះអ្នកដែលជាម្ចាស់ដើមការមិនបានមានអារម្មណ៍ដូចខាងលើនោះទេ ពិសេសសាមីជនដែលជាកូនកម្លោះកូនក្រមុម។

ភ្លេងការជាច្រើនបានធ្វើឱ្យអ្នកចូលរួមមានភាពលន្លង់លន្លោច បើអ្នកដែលរៀបការហើយ គេនឹងថ្ងៃដែលគេរៀបការ អ្នកដែលមិនទាន់ក៏រំភើបបែបមួយផ្សេងទៅ អ្នកមិនទាន់មានគូក៏មានភាពរំភើបបែបផ្សេងម៉្យាងរបស់គេដែរ បើអ្នកដែលរៀបការតែម្ដងខ្ញុំមិនពន្យល់លោកអ្នកអាននោះទេ ព្រោះអារម្មណ៍ម្នាក់ៗខុសៗគ្នាទៅតាមបែបរបស់គេដែលបានឆ្លងកាត់ បើខ្ញុំពន្យល់ក៏មិនអាចពន្យល់ត្រូវដែរ ហើយបើអ្នកដែលមិនទាន់បានរៀបការវិញ ទោះបីជាខ្ញុំប្រឹងពន្យល់យ៉ាងណាក៏មិនអាចនឹងរកពាក្យប្រាប់ឱ្យគេយល់ដែរ ដូច្នេះខ្ញុំមិនពន្យល់ជូនលោកអ្នកអានឡើយ បើសិនជាអ្នកដែលរៀបការហើយសូមរំឭកអារម្មណ៍ដោយខ្លួនឯងចុះ។

បាយខុនចង់ដៃ ជាភ្លេងខ្មែរមួយក្នុងចំណោមភ្លេងខ្មែរយើងក្នុងពិធីរៀបការ តែភ្លេងដែលធ្វើឱ្យមនុស្សសម្រក់ទឹកភ្លែកមិនតិចទេ ពិសេសស្រីៗ។ មូលហេតុដែលគេស្រក់ទឹកភ្នែកដោយសារតែគេស្រណោះអាលោះអាល័យនឹងយុវភាពផង អ្នកចូលរួមច្រើនផង ក្លាយជាប្ដីប្រពន្ធផង ពិសេសបើអ្នកដែលមិនមានពុកម៉ែ ឬមានតែម៉ែគ្មានពុក ឬមានតែពុកគ្មានម៉ែ នោះពិតជាត្រូវយំនឹកហើយ។ យំមិនមែនយំកើតទុកទេ គឺយំស្ដាយឬតូចចិត្តឬនឹក។

ញ៉.ផល្លី សុផេន
២១ កុម្ភៈ ២០២០

Comments