ពេលបញ្ចុកបាយក្មេង
ពេលបញ្ចុកបាយក្មេង
![]() |
| ញ៉ាំបាយជាមួយលោកខែ |
អ្នកខេត្ត មិនថាម្ដាយ ឪពុក យាយ តា បង នោះទេ ពេលដែលគេបញ្ចុកបាយក្មេង តែងតែបញ្ចោតទៅនេះ ទៅនោះ ដើម្បីឲ្យក្មេងស៊ីបាយចាប់អស់ នេះជាវិធីលួងក្មេងម៉្យាងដែលខ្មែរយើងប្រើ។ យើងមិននិយាយវិធីដ៏ច្រើននោះទេ គឺយើងនិយាយត្រឹមតែការបញ្ចោតដែលទាក់ទងនឹងលោកខែប៉ុណ្ណោះ។
ខ្ញុំ អ្នក យើង ដែលជាអ្នកអានប្រហែលជាធ្លាប់ទទួលឬបានប្រើវិធីលួងនេះក៏ថាបាន ដើម្បីជាការរំឭកការចងចាំរឿងរ៉ាវពីក្មេង។ ខ្ញុំ អ្នក យើង សូមនាំអារម្មណ៍ដ៏តូចមួយនេះនិងទៅជាមួយគ្នា។
ម៉ែពរខ្ញុំនឹងចង្កេះ ដៃម្ខាងកៀកខ្ញុំជាប់ការ ក្រែងលោកធ្លាប់ពីលើចង្កេះម៉ែ ហើយដៃដែលកៀកខ្ញុំនោះមានកាន់ចានបាយផងដែរ ចំណែកដៃម៉ែម្ខាងទៀតកាន់ស្លាព្រា ដើម្បីដួសបញ្ចុកមាត់កូនដែលនៅនឹងចង្កេះ។ កូនមិនចង់ស៊ីទេ បិទមាត់ ងាកមុខចេញ ពិតជាពិបាកនឹងបញ្ចុកមែន ប៉ុន្តែម៉ែមិនបានថាអ្វីសោះ ម៉ែហៅឆ្កែមកស៊ីបាយ ម៉ែហៅជីងចក់ ម៉ែហៅនេះ ម៉ែហៅនោះ គ្រប់ទាំងអស់ ឲ្យតែមាននៅជុំវិញខ្លួន ដែលកូនធ្លាប់ស្គាល់។ ពិតជាអស្ចារ្យណាស់ ម៉ែបានហៅលោកខែឲ្យមកបញ្ចោតកូនទៀត កូននៅតែមិនព្រមបើកមាត់ មិនព្រមស៊ី។ ម៉ែក៏ដូរវិធីវិញ គឺបាយនៅនឹងដៃម៉ែបានក្លាយជាបាយលោកខែទៅវិញ។ លោកខែ សុំបាយ។ លោកខែ សុំបាយ។ កូនឮថាជាបាយលោកខែ ហាមាត់យ៉ាងប្រញាប់ ព្រោះជាបាយរបស់លោកខែ។ កូនស៊ីបាយលោកខែបណ្ដើរ កូនស្ដាប់ម៉ែច្រៀងថា លោកខែអើយ សុំបាយមួយកន្ទោង(គ្រោង) កាត់ននោង ស្លម្ជូរ ប្រគេនលោកគ្រូ លោកគ្រូមិនឆាន់ ប្រគេនតាម៉ាន់ តាម៉ាន់ឆាន់អស់ ប្រគេនកូនកម្លោះ កូនកម្លោះស៊ីដែរ។ កូនសើច កូនហាមាត់ស៊ីបាយ កូនសប្បាយនឹងចម្រៀងរបស់ម៉ែ។
បាយអស់ពីចានហើយ ម៉ែនាំកូនចូលក្នុងផ្ទះដើម្បីលាងមាត់ ហើយយកកូនទៅបំពេរក្នុងមុង ម៉ែច្រៀងបំពេរកូនពេលស៊ីបាយ ម៉ែច្រៀងបំពេរមុនពេលកូនដេក កូនដេកលក់ហើយ ទម្រាំតែកូនដេកលក់ម៉ោងក៏ច្រើនដែរ តែម៉ែមិនថាទេ ព្រោះចិត្តម៉ែមានព្រហ្មវិហារធម៌ដល់កូន។ ខ្ញុំស្ដាប់ម៉ែច្រៀងបំពេរ ហើយខ្ញុំស្ដាប់ពោះម៉ែធ្វើភ្លេង ម៉ែឃ្លានបាយហើយ តែម៉ែមិនថាអ្វីទេ។
ញ៉.ផល្លី សុផេន
២៨ វិច្ឆិកា ២០១៩


Comments
Post a Comment