ខោនដោន
ខោនដោន
ម៉ោង៨ជាងហើយម្ដេចក៏មិនទាន់ឃើញបងវិបុលមកយកទៀត ឯងចាំឡើងចង់រលុបម្សៅក្រេមអស់ទៅវិញហើយ និយាយគ្នាថាម៉ោងប្រាំបី ឥឡូវម៉ោងប្រាំបីជាងហើយមិនទាន់មកទៀត។
អ្នកមានសង្សារកុំប្រញាប់ កុំប្រញាប់! ធ្វើការងារឱ្យហើយសិន សឹមទៅ ផ្ទះហើយនាំសង្សារដើរលេងដាច់យប់បាន បើដាច់យប់ហើយកុំភ្លេចចូលសួរសុខទុក្ខផ្ទះអ៊ំណាក់។ កាដូក្ស៍ធំៗ ដូចវិបុលអីចឹង ត្រូវតែបានវើយ កុំភ្លេច! បើថាអាចប្រើស្រោមផង កុំធ្វើបាបកូនគេពេក ត្រឹមពីរដងបានហើយ។ នេះជាសំឡេងដែលមនុស្សនៅកន្លែងធ្វើការនិយាយចម្អន់គ្នាលេង។ _ទៅសិនហើយបង រីករាយឆ្នាំថ្មី! -ទៅចុះបុលអ្ហ៊ើយ តែកុំភ្លេចបណ្ដំគ្រូមុខក្រាស ដៃរហ័ស ចិត្តហ៊ាន ដឹងតែបានហើយ។ សំឡេងសើចក៏លាន់ឮឡើង ចំណែកសំឡេងម៉ូតូក៏ជាសញ្ញាប្រាប់ថាវិបុលចេញទៅជួបសង្សារគេដែរ។ សំឡេងស៊ីប្លេមិនដាច់សោះ ព្រោះស្ទះផ្លូវ ទូរសព្ទក៏តេមិនចូល យី!ថ្ងៃនេះប្រព័ន្ធទូរសព្ទអីក៏យ៉ាប់ម៉្លេះ។ ដឹងតែខឹងឯងហ្មង ហើយប្រាប់តាមត្រង់ក៏នៅតែមិនជឿដែរ ចប់ហ្មង។
ប៉ុន្មានដងហើយ នៅកន្លែងការងារគាត់ មិនដឹងជាស្អីទេះ ឱ្យតែថ្ងៃហ្នឹងដឹងតែថែមម៉ោងរហូត។
_យេ...! រីករាយឆ្នាំថ្មី។
-គេចាំឡើងផ្សារភ្នែកហើយ។
_មានលក់អីខ្លះផ្សារភ្នែកហ្នឹង?
-មើល៍ គេសួរ?
ដៃហុចកាដូក្ស៍អបដោយសម្ដី រីករាយឆ្នាំថ្មីទៅសង្សារ។
-មិនមែនរីករាយឆ្នាំថ្មី អ្វីៗថ្មី សង្សារក៏ថ្មីដែរទេអី?
_អ្វីថ្មីបាន តែសង្សារមិនអាចថ្មីទេ។ តោះ! ទៅ ទៅណាមុន?
សង្សារគេពីរនាក់នាំគ្នាដើរលេងនៅតាមផ្សារទំនើប នៅតាមមាត់ទន្លេ នៅតាមកន្លែងញ៉ាំអី ចាំទាល់តែដល់ម៉ោងជិតដប់ពីរអាធ្រាត្រទើបគេនាំគ្នាទៅណាហ្កា ដើម្បីមើលកាំជ្រួច និងរាប់ថយក្រោយរួមគ្នា ពួកគេទៅដល់ឮសំឡេងស្រែក ០២ ០១ ០០។ ពិតជារំភើបមែន។ អ្វីៗត្រូវបានបញ្ចប់អស់ហើយ។ មនុស្សម្នាក៏ចាប់ផ្ដើមចេញពីកន្លែងរាប់លេខ មើលកាំជ្រួច ខ្លះទៅផ្ទះ ខ្លះបន្តទៅកន្លែងផ្សេង ខ្លះក៏មិនទាន់ចេញភ្លាមៗទេ ចាំដល់ពេលរាងអន់ស្ទះបន្តិច។
អ្នកលក់ អ្នកទិញ អ្នកចូលរួម អ្នកផ្សេងៗ សុទ្ធតែសប្បាយរីករាយដូចៗគ្នា គ្រាន់តែមូលហេតុនៃការរួសរាយខុសគ្នាប៉ុណ្ណោះ។
ញ.ផល្លី សុផេន
០១ មករា ២០២០
អ្នកលក់ អ្នកទិញ អ្នកចូលរួម អ្នកផ្សេងៗ សុទ្ធតែសប្បាយរីករាយដូចៗគ្នា គ្រាន់តែមូលហេតុនៃការរួសរាយខុសគ្នាប៉ុណ្ណោះ។
ញ.ផល្លី សុផេន
០១ មករា ២០២០


Comments
Post a Comment