ភ្លើង
ភ្លើង
យប់ថ្ងៃអាទិត្យ ខ្ញុំនិងគ្រួសាររមែងជំនុំគ្នាលេង។ ជាជាងអត់អំពើក៏បើករ៉ាឌ្យោចោល។ ពុក គាត់មិនដែលស្ដាប់អ្វីក្រៅពីព័ត័មានទេ។ ពុកគាត់តាមដានណាស់រឿងអ៊ុយក្រែនរុស្ស៊ី។ ពិសេស រឿងបាញ់ប្លោងឆេះផ្ទះសម្បែង ដាច់ភ្លើង ដាច់ទឹក។
រឿងបែបនេះ ធម្មតាពុក គាត់ចាប់អារម្មណ៍ណាស់ ហើយដឹងតែរំឭកភ្ជាប់ទៅនឹងសាច់គាត់ ហើយ។ តាមពិតថ្ងៃនេះបញ្ហាអ៊ុយក្រែនគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំចេះស្ដាប់តាមពុកមិនដឹង ពីពេលណាមកទេ ដោយគ្រាន់តែដឹងខ្លួនដឹងដប់ម្ភៃមកឮព័ត័មានចេញពីរ៉ាឌ្យោពុកហើយ។ ខ្ញុំជា មនុស្សប្រុសមែន តែខ្ញុំមិនហ៊ានដើរយប់ម្នាក់ឯងទេ តែរ៉ឌ្យោពុកបានកម្លាខ្ញុំមិនឱ្យខ្លាចពេលចុះ ទៅបត់ជើងតូចធំពេលយប់។ ថ្ងៃនេះ ព័ត៌មានពុកមានកម្លាំងជាង។ ចាប់អារម្មណ៍ជាង។ ឃើញដែរ! ខ្ញុំថាឱ្យលក់ ឱ្យលក់ទៅ កុំទៅតតាំង ហើយកេងក្រែងឡើងថ្លៃ។ ខ្ញុំឮគេនិយាយច្រើនគ្នាហើយ រឿងដីគ្មានប្លង់ គ្មានសាវតាហ្នឹង។ ឥឡូវ ដល់ខ្លួនឯងហើយ។ បើស្ដាប់តែខ្ញុំ ម្ល៉េះសមមិនទៅស្អិត ទ្រូងទេ។ ម៉ែវាឯងថាអីចឹងក៏ចេះតែបាន។ នរណាទៅដឹងបើវាអីចឹងនោះ បើឃើញចរន្តលុយវិលដូច កង់រទេះ។ មិនឱ្យបង្វិលម៉េចនឹងរកស៊ីទាន់គេ! ចាស៎! វិលពីក្រមកក្រវិញ។ ខ្ញុំចេះតែមើលមុខម៉ែ និងពុក។ មុខពួកគាត់ដូចមិនខឹងគ្នាទេ ម៉េចក៏សំឡេងចេះតែឮឡើងៗ។ ល្បឺគាត់ស្រាប់តែស្ងាត់ លេចល្បឺថ្មីនៅឯថ្នល់។ ម៉ែគាត់លឿនជាងពុក។ ឆេះអី ឆេះឯណា។ មិនដឹងនរណាឆ្លើយនឹងម៉ែទេ ឮតែថាឆេះផ្សារ។ មិនបានប៉ុន្មាននាទីផង មានឡាយផ្ទាល់នៅហ្នឹងហ្វេសប៊ុក ពុកមើលបណ្ដើរ ក្ដៅបណ្ដើរ។ ភ្លើងឆេះឯផ្សារ មិនអាចក្ដៅដល់គាត់ទេ។ តែគាត់ក្ដៅ។ ខ្ញុំរកយល់មិនបាន។ តាមពិត ទៅ ទាំងអស់គ្នាស៊ាំនឹងពុកហើយ។ ដល់អីចឹងគ្មានអ្នកណាតបទេ បណ្ដោយមួយខ្យល់គាត់ទៅ។ កំពុងតែមើល ស្រាប់តែខ្ញុំនឹងភ្នកដល់រឿងជាច្រើន។ ខ្ញុំចាប់ផ្ដើមប្រមូលទិន្នន័យយកមកដាក់នៅនឹង មុខ ហើយចាប់ចំណាត់ថ្នាក់តាមប្រភេទ តាមករណី។ ខ្ញុំសង្កេត។ ខ្ញុំមើល។ ខ្ញុំវិភាគ។ រាល់ទិន្នន័យ ដែលខ្ញុំប្រមូលបាន ដំបូងអ្នកអភិវឌ្ឍមកចរចា ធម្មតាមិនដែលឃើញអ្នកផ្សារធ្វើតាមទេ។ ឃើញតែ តវ៉ា។ រឿងដីធ្លីក៏អីចឹង។ រឿងអ៊ុយក្រែនក៏អីចឹង។ គ្រប់រឿងទាំងអស់រាប់ទាំងសាមកុក លាវប៉ីចាញ់ សង្គ្រាមនគរអ៊ូក៏ដោយសារភ្លើង។
ទីបំផុតខ្ញុំឃើញហើយ។ ហេតុអ្វីបានជាមានភ្លើងឆេះផ្សារ។
ថ្ងៃសៅរ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦/៤កុម្ភៈគ.ស.២០២៣
ញ៉ា.ផ.សុផេន


Comments
Post a Comment