អផ្សុក
អផ្សុក
មានង៉ៃសម្រាកពីរង៉ៃដែរ តែមិនដឹងជាទៅណាទេ ព្រោះឈប់តែម្នាក់ឯង គេផ្សេងៗជាប់ធ្វើការ។ អម្បល់វាយក៍។ ឈប់មិនដែលដូចគេ គឺគេឈប់ ឯងធ្វើការ គេធ្វើការឯងឈប់ រកតែដើរលេងនឹងមិត្រភក្តិទៅឆ្ងាយតាមខេត្តមិនបាន។
នៅភ្នំពេញធ្វើអីទេ ម្នាក់ឯងដដែល ទៅស្រុកវិញល្អជាង ព្រោះ បានទៅវាល មើលចម្ការម៉ែពុកផង។
ស្ទះអ្វីហ្នឹងនៅខាងមុន បានជាមិនទៅមុខសោះ តែបន្តិចទៀតក្ដៅមកដល់ហ្នឹង ឯងថាទៅឲ្យទាន់ព្រឹក មិនជាព្រឹកថ្ងៃដដែលជាដដែល។
អាឡូ! ពុក ខ្ញុំទៅលេង ដាំបាយតម្រូវផង។ .... បាទ ទៅដេកមួយយប់។ .... កន្លែងការងារ គេសម្រាក២ថ្ងៃ អីចឹងហើយបានជាខ្ញុំទៅលេង១ថ្ងៃ។ .... បាទ ឈប់តែកន្លែងការងារខ្ញុំទេ កន្លែង គេផ្សេងមិនឈប់ទេ។ .... ដោយសារតែកន្លែងខ្ញុំ គេដូរអាគារថ្មី ហើយកន្លែងថ្មីមិនទាន់សម្អាតហើយ ទាល់តែ២ថ្ងៃទៀត ទើបរួច។ .... បាទ នៅតាមផ្លូវ។
បើមិនតេទៅគាត់ឲ្យដឹងមុនគេ អត់បាយហើយ។ ផ្ទះខ្ញុំ មិនសូវជាដាំបាយឲ្យសល់ច្រើនទេ ព្រោះសន្សំសំចៃ ព្រោះស្រុកមិនមានធ្វើស្រូវច្រើនគេ ខ្សត់អង្ករណាស់ មិនដូចអ្នកគេមានស្រែច្រើនទេ។
ដម្បូងឡើយ ខ្ញុំគិតថាមកស្រុកសប្បាយបន្តិច តែមិនដូចចិត្តសោះ។ កាលនៅភ្នំពេញ គិតថាបានដើរតាមចម្ការធូរស្រាលចិត្តបន្តិច តែបែរជានឹកក្រុងវិញ។ ម៉ោង៤ល្ងាចហើយតើ ម៉ែ! ពុក! ខ្ញុំទៅវិញហើយ។ ..... បាទ ដម្បូង គិតថានៅដេក១យប់ តែភ្លេចថា ស្អែកព្រឹក ខ្ញុំមានសិក្ខាសាលា១។ .... ជម្រាបលា ម៉ែ! ..... ជម្រាបលាពុក! .... ។
ល្ងាចនេះ មិត្រខ្ញុំទំនេរ ដូច្នេះ ខ្ញុំទៅម៉ាត៌ជួបគ្នា បើម៉េចៗដាច់យប់ហ្មងទៅក៏បាន។
ខ្ញុំគិតបែបនេះខណៈពេលដែលខ្ញុំជិះម៉ូតូទៅភ្នំពេញវិញ តែអ្វីៗមិនដូចគ្រោងទុកសោះ គេបែរជារវល់ ម្នាក់ថាម៉ោងនេះ ម្នាក់ថាម៉ោងនោះ បានទំនេរ។ មកដល់បន្ទប់ជួលវិញ កាន់ទូរសព្ទ ដេកម្នាក់ឯងដដែលជាដដែល ដឹងអីចឹងមិនមកទេ នៅស្រុកសោះ។
អាម៉ាហ្សូន ជាកន្លែងដែលខ្ញុំតែងតែចូលផឹកកាហ្វេ តាមធម្មតា ខ្ញុំអង្គុយតែម្នាក់ឯងទេ តែថ្ងៃនេះអង្គុយជិតស្រីស្អាត តែមិនបានរួមតុទេ គ្រាន់តែក្បែរ និយាយឲ្យស្រួលយល់ អង្គុយម្នាក់ឯងដដែលហ្នឹង។
ប៊ិកទេ ជាអ្នកដែលភ្ជាប់ទំនាក់ទំនងខ្ញុំនឹងស្រីស្អាតដែលនៅតុក្បែរគ្នា ខ្ញុំមិនជាអ្នកដែលចូលចិត្តនិយាយនឹងស្រីប៉ុន្មានទេ នេះជាហេតុដែលយើងនិយាយរកគ្នាត្រឹមតែពាក្យអរគុណ និង មិនអីទេ។ ខ្ញុំផឹកកាហ្វេ នាងធ្វើការងារបន្ត។
ញ៉.ផល្លី សុផេន
០៣ មករា ២០២០


Comments
Post a Comment