វាសសម្បោរ
វាសសម្បោរ
ខ្យល់ធ្លាប់ពីជើងហើយ ខ្យល់ក៏ចាប់ផ្ដើមបក់បោកស្លឹកឈើ ហួតទឹកព្រែក បឹង ស្ទឹង ទន្លេ ជាដើមយកទៅជាមួយផងដែរ។ ខ្យល់ដែលធ្លាប់មកពីជើង ជាខ្យល់ស្ងួត ដូច្នេះយើងម្នាក់ៗតែងតែទទួលរងផលប៉ះពាល់ពីវា ដោយជំហឺផ្សេងៗមាន ដេកមិនចង់ក្រោក នោមដាក់កន្ទេល មិនចង់ងូតទឹក អាំងភ្នក់ភ្លើង ផ្ដាសាយ ជាដើម។ គ្រួសារណាមិនសូវជាយកចិត្តទុកដាក់ខាងអនាម័យក៏ចេះតែបណ្ដោយកូនចៅទៅ ប៉ុន្តែគ្រួសារណាដែលមិនបណ្ដោយតាមតែចិត្តកូនចៅទេ គេវាយខ្លះ គេចាប់ភ្ងូតខ្លះ ទៅ។
ជួងសាលារៀនបានបន្លឺចេញជាសញ្ហាហើយថា សិស្សានុសិស្សទាំងអស់នាំគ្នាចូលរៀន។ ក្មេងជាសិស្សបឋមនាំគ្នាទៅតម្រង់ជួរជុំវិញដងទង់ជាតិ ហើយសូធ្យបទនរគរាជចំនួនមួយចប់ នេះជាវេនពួកថ្នាក់ទី៣ ព្រោះពួកថ្នាក់ទី៦ម្សិលមិញហើយ។ ប្រធានថ្នាក់ទី៣ក ឡើងទៅខាងមុខហើយបញ្ចាក់សិស្សានុសិស្សទាំងអស់ សម្រាក! ប្រុង! សម្រាក! ប្រុង! សម្រាក! ប្រុង! ប្រុងប្រៀបគោរពទង់ជាតិគោរព! អ្នកផ្ដើមជាមនុស្សប្រុសក្នុងជួរនៃថ្នាក់ទី៣ក ស្រែកឮៗថា សូមពួកទេព្តា... រក្សាមហាក្សត្រយើង ... (អ្នកដែលជាថ្នាក់ទី៣កទាំងអស់ស្រែកសូធ្យបន្តព្រមគ្នារហូតដល់ចប់)។ សូធ្យចប់ហើយ ប្រធានថ្នាក់ក៏ស្រែថា សម្រាក! ប្រុង! សម្រាក! ប្រុង! សម្រាក! ប្រុង! បំបែកជួរ! វិន័យ(សំឡេងសិស្សានុសិស្សទាំងអស់បន្ទរ)។ ក្មេងៗនាំគ្នាដើរទៅថ្នាក់ជាជួរដោយចេញពីដងទង់ជាតិទៅដល់មុខថ្នាក់ ពេលទៅដល់មុខថ្នាក់ហើយជួរស្រី ជួរប្រុស នៅខាងមុខថ្នាក់ដោយមិនទាន់ចូលក្នុងថ្នាក់ភ្លាមៗទេ គឺត្រូវតម្រង់ជួរខាងមុខថ្នាក់ម្ដងទៀតសិន ប្រធានថ្នាក់នៅខាងមុខទ្វារបន្ទប់ ហើយនៅទល់មុខសមាជិកថ្នាក់ទាំងអស់ រួចក៏ស្រែក សម្រាកប្រុងគ្រាប់៣ដង បន្ទាប់មកគេអនុញ្ញាតឲ្យជួរខាងស្រីដើរចូលមុនឬក៏ខាងប្រុសដើរចូលមុនតាមតែចិត្តប្រធាននោះ ប៉ុន្តែពេលខ្លះគេឲ្យអ្នកនៅខាងមុខនៃជួរស្រីប្រុសម្នាក់ៗនោះ លើកជើងជាន់ជណ្ដើរបានមុន ជួរអ្នកនោះនឹងចូលមុន។ សាលាយើងមិនរត់រញ៉េរញ៉ៃនោះទេ មិនដូចសាលាខ្លះរត់តាមតែចិត្តនោះឡើយ។ យើងចូលក្នុងថ្នាក់ហើយ គ្រូមិនទាន់ចូលថ្នាក់ភ្លាមៗនោះទេ ធម្មជាតិក្មេងៗតែងតែលេង តែងតែនិយាយគ្នា ប្រធានមានសិទ្ធិវាយអ្នកដែលរញ៉េរញ៉ៃខ្លាំង ពេលខ្លះវាយសមាជិកក្នុងថ្នាក់ដល់យំក៏មាន។
ខ្ញុំសូមជម្រាបសួរលោកគ្រូ ខណៈពេលដែលសិស្សជម្រាបសួរគ្រូនោះ មានសិស្សម្នាក់ទៀតរត់មកចូលពីក្រោយគ្រូទាំងខ្លាច សិស្សឃើញក៏សើច គ្រូមិនដឹងថាសិស្សសើចសិស្សដែលនៅខាងក្រោយគាត់ គាត់មើលខ្លួនឯងពីលើដល់ក្រោម ក៏ចូលទៅអង្គុយតុខាងមុខតាប្លូ(ក្ដារខៀន) សុំទោសលោកគ្រូ ជាសម្ដីក្មេងដែលមកយឺត ម៉េចបានមកយឺត? ស្ងៀមមិនមាត់តនឹងគ្រូទេ។ ទៅឈរខាងនោះ ហើយលើកជើងមួយ។ ផ្ដៅដ៏វែងនៅលើតុស៊ីនាងពីរផ្ដៅ។ ភ្នែកក្រហមចង់យំ សិស្សទាំងអស់ស្ងាត់ ហើយនាងដើរចូលទៅតុក្រោយដោយមិនមើលមុខមិត្ររួមថ្នាក់នាងទេ មិត្ររួមថ្នាក់ក៏មិនហ៊ានមើលមុខនាងដែរ។ បរិយាកាសថ្នាក់ស្ងាត់ជ្រងំ គ្រូហៅសួរដើម្បីរំឭកមេរៀន គ្មានសិស្សណាម្នាក់ហ៊ានលើកដៃឆ្លើយទេ គ្រូចាប់ផ្ដើមខឹងឬក៏អន់ចិត្តនឹងសិស្សក៏មិនដឹង។ មើល! នាងដែលមកយឺតមិញ ប្រហែលរៀនច្រើនហើយ បានជាមកយឺត។ ឆ្លើយមើល! ម៉េចមិនឆ្លើយ? ម៉េចមិនឈរឡើង ហើយឆ្លើយនឹងគ្រូ គ្មានសុជិវធម៌សោះអីចឹង? ហ៊េ...... សំឡេងយំបានបន្លឺឡើង ហើយកាន់តែខ្លាំងឡើងៗ នាងខ្លាច នាងភ័យ នាងខ្លាសគេ នាងមិនហ៊ានប្រឈមមុខនឹងមនុស្សដែលនៅក្នុងថ្នាក់ទេ ពិសេសគ្រូបង្រៀនតែម្ដង នាងក៏សម្រេចចិត្តក្រាមមុខនៅនឹងតុរបស់នាង។ គ្រូនោះក៏មិនបង្អន់ដៃដែរ ហៅនាងឱ្យងើបមុខ ហើយឈរ ហើយស្រែកឲ្យស្ងាត់ ឈប់យំ នាងក៏ប្រឹងទប់មិនស្រែកយំ ប៉ុន្តែនៅតែអណ្ដឺតអណ្ដក ទប់មិនបានទេ សំឡេងឃឹះយូរៗម្ដងនៅតែមាន ឃឹះម្ដងនោះមិនដូចមុនទេ គឺមកជាមួយនឹងសម្បោរដែរ គ្រូញញឹម នាងក៏ញញឹមនឹងស្ថានភាពដែលសម្បោរយ៉ាងធំចេញមកដូច្នេះដែរ នាងអៀន នាងក៏យកដៃវាសសម្បោរ សម្បោរដ៏ខៀវស្រងាត់ ដ៏ខាប់ បានប្រឡាក់នឹងថ្ពាល់នាង គ្រូមិនដឹងជាថាម៉េចក៏ដើរទៅខាងមុខតាប្លូវិញ រួចក៏បង្វែរទៅសួរសិស្សផ្សេងវិញម្ដង។
ស្ថានភាពថ្នាក់បានធូរស្រាលបន្តិចហើយ នាងក៏ឈប់យំដែរ សិស្សផ្សេងក៏ធូរចិត្តដែរ។ មេរៀនថ្មីក៏បានចាប់ផ្ដើម មានចេញលេង ចូលរៀន រហូតដល់ម៉ោង១១ទើបទៅផ្ទះ ខ្ញុំសូមជម្រាបលាលោកគ្រូទៅផ្ទះ! ទៅចុះ! អរគុណលោកគ្រូ។
ក្មេងៗប្រុសខិលមែន ស្រែកចម្អកនាងពីរឿងដែលបានកើតនៅព្រឹកមិញ នាងក៏មិនអន់ដែរស្រែកជេររាល់អ្នកណាដែលថាឲ្យនាង នាងនេះពិតជាឆ្នាស់មែន មិនត្រឹមតែជេរទេ ថែមទាំងដេញវាយគេទៀត។ មនុស្សមិនតិចទេដែលថាបង្អាប់នាង ដោយសារតែច្រើនឡើងៗ នាងក៏យំម្ដងទៀត ហើយម្ដងនេះ យំបណ្ដើរ ជេរបណ្ដើរ ដេញវាយគេបណ្ដើរ សម្បោរក៏ចេះតែហៀរ ដៃក៏ចេះតែវាស ថ្ពាល់ឡើងក្រាំងដោយសារត្រូវខ្យល់ផងនោះ អាវសទៅចាំស្រអព្យ។
ម៉ែ! បាយឆ្អិននៅ? ឃ្លានបាយណា។
សំឡេងនេះ ជាសំឡេងនាងដែលមិនទាន់នឹងចូលដល់ក្នុងផ្ទះផង គឺស្រែកពីខ្លោងទ្វារទៅតែម្ដង។
ញ៉.ផល្លី សុផេន
០៦ ធ្នូ ២០១៩


Comments
Post a Comment