ទាត់កែវ
ទាត់កែវ
នៅក្នុងដំបូលផ្ទះស្លឹកមួយ ដែលមានគ្រួសារមួយរស់នៅ ដែលមានមនុស្សប្រាំ៦ គឺពុក ម៉ែ កូនស្រីម្នាក់ កូនប្រុសពីរនាក់ យាយចាស់ម្នាក់។ ទំនាក់ទំនងរបស់ពួកគេមិនសូវជាល្អប៉ុន្មានទេ ព្រោះពួកគេមានទម្លាប់គ្រួសារបែបតឹងតែងបំផុស កូនគោរពម្ដាយឪពុក ការគោរពនោះ គឺបង្ហាញតាមរយៈកាយវិការ ពាក្យសម្ដី ដូចជាគ្រួសារនេះជាឧទាហរណ៍ ម្ដាយចាស់ទទួលបានការគោរពយ៉ាងខ្លាំង ពេលបាយម្ដងៗ កូនឬចៅតែងតែយកបាយដាក់លើថាស ហើយលើកជូន ឱ្យពិសាមុនជានិច្ច។
នៅក្នុងវង់បាយផ្សេងឯនេះវិញ ម៉ែពុក កូនស្រីប្រុស ហូបបាយជុំគ្នា ម្ហូបមិនល្អដូចយាយចាស់នោះទេ ប៉ុន្ដែ មើលទៅឆ្ងាញ់ជាង យាយចាស់នោះឆ្ងាយណាស់ ឆ្ងាយដោយសារតែមានមនុស្សច្រើនរញ៉េបរញ៉ុប មិនអផ្សុកដូចយាយចាស់ទេ បើតាមខ្ញុំដឹង យាយចាស់នោះក៏ចង់មកពិសាបាយនឹងកូនចៅដែរ ប៉ុន្តែដោយសារតែទម្លាប់ដ៏ល្អរបស់គ្រួសារគាត់ បានជាគាត់មិនអាចមកចូលរួមបាន។
សំឡេងប្រាវ នេះជាសំឡេងមនុស្សដើរទាត់កែវ។ យីះ! ទុកកែវនៅនឹងផ្លូវ មិនចេះទុកឱ្យត្រឹមត្រូវទេ។ គ្មាននរណាម្នាក់មាត់តទេ ព្រោះជាការបង្ហាញការគោរព ដោយស្ងៀមស្ងាត់។ វង់បាយនៅតែបន្តទៀត ព្រោះគេហូបទើបតែបានពាក់កណ្ដាលទេ។
ចុងពេលបាយ កូនម្នាក់ស៊ីបាយហើយមុនគេ គេក៏រត់តាមផ្លូវរ៉ូវ ទៅយកទឹកផឹក។
សំឡេងប្រាវ នេះជាសំឡេងមនុស្សដើរទាត់កែវ។ យឺះ! ដើរមិនចេះមើលទែះ។ កែវប៉ុនកែវ មើលមិនឃើញ។ ម្ដងនេះ ក៏គ្មាននរណាម្នាក់មាត់តដែរ ព្រោះជាការបង្ហាញការគោរព ដោយស្ងៀមស្ងាត់។
ម៉ែ កូន មិនមាត់ចេញមកក្រៅទេ ប៉ុន្តែ ពួកគេប្រហែលជាសួរថា ពេលណាទើបគាត់មិនខុស ហើយពេលណាទើបអ្នកខ្ពស់មិនត្រូវ?
ញ៉.ផល្លី សុផេន
៣០ វិច្ឆិកា ២០១៩


Comments
Post a Comment