សុភមង្គល
អ្វីជាសុភមង្គលរបស់អ្នក?
លំហពេល ជាសុភមង្គលឬ?
សុភមង្គលគឺ
- - - - X
ខ្ញុំធ្លាប់មើលសៀវភៅជាច្រើនដែលទាក់ទងនឹងសុភមង្គល ហើយខ្ញុំក៏ធ្លាប់សួរឆ្លើយខ្លួនឯង ហើយពេលខ្លះទៀតពិភាក្សានឹងមិត្រ ដែលចូលចិត្តនិយាយអំពីទស្សនវិជ្ជាដូចគ្នា។ ការពិភាក្សាមិនមានត្រឹមតែរង្វង់មិត្រជាជនជាតិខ្មែរនោះទេ គឺមានជាតិសាសន៍ឯ ទៀតៗដែរ ហើយអ្នកទាំងនោះមកពីអាម៉េរិកខ្លះ បារាំងខ្លះ ហូឡង់ខ្លះ អាល្លឺម៉ង់ខ្លះ ជប៉ុនខ្លះ កូរ៉េខ្លះ។ ពួកគេសុទ្ធតែជាសិស្ស ដែលមករៀនភាសាខ្មែរ ដល់អីចឹងទៅ ខ្ញុំមានឱកាសជួបនិងនិយាយច្រើនជាមួយពួកគេ។ ក្នុងចំណោមពួកគេ មានអ្នកខ្លះជាគ្រូ ពេទ្យ អ្នកខ្លះជាអ្នកស្រាវជ្រាវ អ្នកខ្លះជាអ្នកផ្សាយសាសនា ខ្លះទៀតជាឈ្មួញជាដើម។ រាល់ពេលដែលសិស្សសួរខ្ញុំ៖ លោកគ្រូ គិតយ៉ាងម៉េចអំពីសុភមង្គល ខ្ញុំមានចម្លើយប្រែប្រួលគ្រប់តែសិស្ស។ ម្ដងយល់ថាដូចនេះ ម្ដងយល់ថាដូចនោះ តាមតែនឹកឃើញ។ មានថ្ងៃមួយ សិស្សម្នាក់បានសួរខ្ញុំ ពេលយើងរៀនដល់មេរៀននេះ។ ហើយសួរសំណួរដែលដូចសិស្សមុនៗដែលបានរៀនមេរៀន នេះ។ ហើយចម្លើយខ្ញុំក៏មិនខុសពីការនឹកឃើញរបស់ខ្ញុំភ្លាមៗដែរ គឺនិយាយឱ្យតែបានឱ្យសិស្សហាត់និយាយ ហាត់ស្ដាប់ប៉ុណ្ណោះ គ្មានទៅគិតអ្វីច្រើនទេ។ ប៉ុន្តែ ខ្ញុំបានចាប់អារម្មណ៍នូវចម្លើយរបស់ខ្ញុំមួយ គឺការប្រៀបធៀបអំពីរបៀបរស់នៅរបស់សត្វស្រុកនិង សត្វព្រៃ។ ចម្លើយរបស់ខ្ញុំ ពិតជាមិនគួរឱ្យជឿ គឺដូចជាសម្ដីខាងក្រោមនេះអីចឹង។ សួរច្រើន ឆ្លើយច្រើន កើនគំនិតមែន។
“
រាល់សំណួរនីមួយៗមានចម្លើយច្រើន។ ចម្លើយខ្លះច្បាស់លាស់ ចម្លើយខ្លះពិបាកយល់ ចម្លើយខ្លះគួរឱ្យភ្ញាក់ផ្អើល ហើយចម្លើយខ្លះទៀតធ្វើឱ្យយើងស្មានគិតមិនដល់តែម្ដង។
-លោក អូស្ការ៍ ប្រឺនីហ្វែរ
”
អ្វីជាចម្លើយរបស់ខ្ញុំ?
- - - - X
ខ្ញុំមិនដឹងថាសុភមង្គលជាអ្វីទេ ហើយខ្ញុំក៏មិនដឹងថា ខ្ញុំរស់នៅសព្វថ្ងៃមានសុភមង្គលឬក៏ទេដែរ អ្វីដែលខ្ញុំ គិតគឺ តើយើងគួរតែរស់នៅបែបណា? ឥឡូវ យើង ចាប់ផ្ដើមមើលសត្វចាបព្រៃ និងសត្វចាបក្នុងទ្រង់។ ពួកវាទាំងអស់គ្មានគិតអំពីអនាគតទេ ខ្ញុំយល់ថាដូច នេះ។ ចាបព្រៃស្វែងរកចំណីដើម្បីរស់ ហើយការងារ ជាអ្វីដែលវាត្រូវតែធ្វើ។ ឯចាបជាប់ទ្រង់មិនខ្វល់អំពី ចំណីទេ គឺមានស្រាប់ គឺរស់ដើម្បីស៊ី។ បើគ្មានចំណី វានឹងស្រែករអ៊ូទារចំណី ដល់បានស៊ី វាស្ងាត់មាត់។ សត្វខ្លះ វាមិនទៅណាឆ្ងាយពីទ្រង់ទេ ព្រោះវាមានអ្វី ស៊ីស្រាប់។ ណាមួយវាស៊ាំនឹងរបៀបរស់នៅបែបនេះហើយ វាគ្មានទៅចង់ដើរហើរ បុកទ្រង់ដូចចាបព្រៃដែលទើប នឹងជាប់ទ្រង់ទេ។ បំណើនេះ អាចឱ្យយើងយល់បានមួយបែបទៀតគឺ ចាបព្រៃ ការងាររកស៊ីជាសុភមង្គល ព្រោះជា ទង្វើបំបាត់ភាពអផ្សុក។ ឯចាបជាប់ទ្រង់ វាបាត់លក្ខណៈអផ្សុកអស់ទៅហើយ ការងារមិនមែនជាសុភមង្គលរបស់វា ទេ គឺស៊ីដេកទើបជាសុភមង្គលរបស់វា ប្រហែលរអ៊ូមួយទៀត។
សិស្សរបស់ខ្ញុំ គាត់មិនគិតដូចខ្ញុំទេ គាត់យល់ស្រប យើងត្រូវការអាហារដើម្បីរស់ ហើយធ្វើអ្វីមួយដើម្បីសម្រេចតាម គោលបំណងរបស់ខ្លួនឯង។ ចម្លើយនេះ ធ្វើឱ្យខ្ញុំចង់ដេញបន្ត។ គោលបំណងមួយណា បើដល់គោលំណងហើយ កើតគោលបំណងមួយទៀត ហើយមួយទៀតរហូត បើអីចឹងយើងមិនរត់តាមសុភមង្គលទៅហើយទេ? ចម្លើយគាត់ ម្យ៉ាងដែរ គឺជួយមនុស្ស។ សិស្សសួរវិញ តើលោកគ្រូចង់រស់នៅបែបចាបមួយណា? ចាបព្រៃ ជាចម្លើយខ្លីរបស់ខ្ញុំ។ បើអីចឹងមានតែលោកគ្រូកើតមកដើម្បីតែកើត? ហើយមិនអាចជាមនុស្សទេ គឺសត្វ។ គ្មានន័យអ្វីទាំងអស់ បើគ្មាន ន័យ គឺគ្មានសុភមង្គល។
ខ្ញុំមិនគិតដូចជាគាត់ទេ។ ខ្ញុំគិតយ៉ាងនេះវិញ បើខ្ញុំមិនធ្វើអ្វីឱ្យប៉ះពាល់ដល់ធម្មជាតិ នោះខ្ញុំបានចូលរួមជួយគ្រប់អ្វីៗ នៅលើលោកយើងនេះហើយ មិនត្រឹមតែជួយមនុស្សទេ គឺជួយទាំងមូលតែម្ដង។ សម្រាប់ខ្ញុំ សុភមង្គល គឺមិនធ្វើជា ខ្ញុំគេ បើធ្វើក៏មិនចំណុះឱ្យគេទាំងស្រុងដែរ ហើយមិនមែនរងចាំគេឱ្យចំណីដែរ។ ទង្វើរបស់ខ្ញុំ គឺធ្វើការដើម្បីដូរយក ចំណី។ បើអ្នកមិនឱ្យ ខ្ញុំដើរចេញ មិនរអ៊ូ មិនអង្វរសុំអ្នកទេ។
តើអ្វីជាសុភមង្គលរបស់អ្នក? …
ញ៉. ផល្លី សុផេន, រាជធានីភ្នំពេញ ថ្ងៃទី៣០ មិថុនា គ.ស.២០២៤

Comments
Post a Comment